ផ្អែកតាមកំណត់ហេតុសួរចម្លើយជនជាប់ចោទ ដែលមន្ត្រីក្រឡាបញ្ជី សែ គល់វុទ្ធី អាននៅក្នុងសវនាការជាសាធារណៈ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឆ្លើយសារភាពថា ដំបូងឡើយ មន្ទីរស-២១ មានសមត្ថកិច្ចសម្លាប់តែអ្នកទោសដែលសំខាន់ ឬអ្នកទោសចាប់នៅក្នុងក្រុងភ្នំពេញ និងសមាជិកនៃគណៈកម្មាធិការមជ្ឈិមប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមកមន្ទីរស-២១ បានចាប់ និងសម្លាប់មនុស្សនៅតាមភូមិភាគជាប្រព័ន្ធផងដែរ ៖ «នេះគឺជាការអនុវត្តទ្រឹស្ដីរបស់ហូជីមិញ "មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន"»។
នៅមន្ទីរស-២១ ក្រោមការទទួលខុសត្រូវរបស់ ឌុច មានមនុស្សជាង ១ម៉ឺន៦ពាន់នាក់ ត្រូវបានធ្វើទារុណកម្មនិងសម្លាប់ចោល។
នៅក្នុងចម្លើយដែលអានដើម្បីឲ្យ ឌុច ធ្វើការផ្ទៀងផ្ទាត់ក្នុងសវនាការនោះទៀត ឌុច ក៏បានសារភាពអំពីការចាប់និងសម្លាប់មនុស្សជាប្រព័ន្ធយ៉ាងដូច្នេះទៀតថា ៖ «ឧទាហរណ៍ នៅពេលដែលប្រធានការិយាល័យសន្តិសុខភូមិភាគបស្ចិម ឈ្មោះ វី ត្រូវបានគេចាប់ខ្លួន ខ្ញុំក៏បានឃើញអ្នកទោសជាច្រើនពីភូមិភាគនោះបានមកដល់ដែរ។ ពួកគេបានត្រូវចាប់ខ្លួន ក្រោយពីមានការចាប់ខ្លួនចៅហ្វាយរបស់ វី ឈ្មោះ ជូ ជេត ហៅ ស៊ី។ នេះគឺជាការអនុវត្តមនោគមន៍វិជ្ជា ហូជីមិញ មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន។ នៅតំបន់ពាយ័ព្យក៏ដូចគ្នាដែរ។ លំនាំនៃការសម្លាប់តាមមនោគមន៍វិជ្ជាហូជីមិញនេះ បានត្រូវបញ្ជាក់យ៉ាងច្បាស់តាមរយៈបញ្ជីអ្នកទោស។ គិតមកដល់ខែមករា ឆ្នាំ១៩៧៩ មន្ទីរស-២១ មានអ្នកទោសមកពីស្ទើរតែគ្រប់ភូមិភាគ ក្រសួង និងអង្គភាពយោធាទូទាំងប្រទេស»។
នៅខណៈដែល ហូ ជីមិញ ដែលជាមេបដិវត្តន៍វៀតណាមមានទ្រឹស្តីថា «មុននឹងកាប់ឫស្សី ត្រូវឆ្ការបន្លាចេញសិន» ខ្មែរក្រហម ក៏មានពាក្យស្លោករបស់ខ្លួនដែរ គឺថា ជីកស្មៅ ត្រូវជីកទាំងឫស ហើយដែលក្នុងចម្លើយ ឌុច បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «គោលនយោបាយកម្ទេចខ្មាំងនោះ គឺកម្ទេចទាំងក្រុមគ្រួសារ រួមទាំងកូនៗរបស់ពួកគេផងដែរ»។
នៅក្នុងសវនាការនេះដែរ ឌុច បានអះអាងថា គោលនយោបាយរបស់បក្សក្នុងការកម្ទេចខ្មាំងមានភាពច្បាស់លាស់និងដាច់ខាត ដោយគាត់បានបកស្រាយនូវពាក្យកម្ទេច ដែលគាត់ថា កម្ទេចគឺមិនដោះលែង មិនដោះលែងគឺកម្ទេច និងមិនឆ្លងកាត់តុលាការឡើយ។
ឌុច បានបញ្ជាក់សាជាថ្មីទៀតថា មេដែលបញ្ជាគាត់ឲ្យសម្លាប់មនុស្ស គឺ សុន សេន ជារដ្ឋមន្ត្រីការពារប្រទេស និង នួន ជា ជាអតីតប្រធានសភានៃរបបខ្មែរក្រហម។
បច្ចុប្បន្ន នួន ជា ក៏កំពុងជាប់ឃុំបណ្តោះអាសន្នជាមួយ ឌុច ដោយសារតែតួនាទីនិងការទទួលខុសត្រូវរបស់គាត់ពីអតីតកាលនោះ៕