សាលាក្ដី​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​០០២​នៅ​ចុង​ខែ​វិច្ឆិកា

សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​ក្នុង​សំណុំ​រឿង ០០២ នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ​ហើយ។

0:00 / 0:00

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម ចុះ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា សវនាការ​ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៤​រូប នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នា​វេលា​ម៉ោង ៩​ព្រឹក។

ជន​ជាប់​ចោទ​ទាំង ៤​រូប​នោះ មាន​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា អតីត​ប្រធាន​រដ្ឋ​សភា លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ថា ពេល​វេលា​សំខាន់​សម្រាប់​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​កម្ពុជា បាន​មក​ដល់​ហើយ។ សាលាក្ដី​ខ្មែរ​ក្រហម​នឹង​ប្រឹងប្រែង​គោរព​តាម​កាលបរិច្ឆេទ​ដែល​បាន​ប្រកាស​នេះ។

លោក​បន្ថែម​ដូច្នេះ៖ «យើង​បាន​និយាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​ប្រកាស​នូវ​កាលបរិច្ឆេទ​លើ​អង្គ​ជំនុំជម្រះ​សេចក្ដី ពីព្រោះ​ថា កន្លង​មក​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា តើ​សវនាការ​លើ​អង្គ​សេចក្ដី​ក្នុង​សំណុំ​រឿង ០០២ នេះ បើក​នៅ​ពេល​ណា? ឥឡូវ​នេះ​យើង​បាន​ដឹង​អំពី​កាលបរិច្ឆេទ​ហើយ គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ម្យ៉ាង​ទៀត​ការ​កំណត់​កាលបរិច្ឆេទ​លើ​អង្គ​សវនាការ​លើ​អង្គ​សេចក្ដី​នេះ ក៏​ជា​ការ​បញ្ចប់​នូវ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​នា​ពេល​កន្លង​មក​បំផ្លើស​ការ​ពិត​ក្នុង​ដំណើរ​ការ​ក្ដី​ខ្មែរ​ក្រហម ជា​ពិសេស​ថា សំណុំ​រឿង ០០២ នេះ ត្រូវ​គេ​ពន្យារ​ពេល​ដល់​អំឡុង​ខែ​មេសា ឬ​មួយ​ថា ខែ​ឧសភា ឆ្នាំ​២០១២»

សវនាការ​នេះ​គឺ​នឹង​បើក​សេចក្ដី​សន្និដ្ឋាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ទាំង​បួន​នាក់ និង​ធ្វើ​ការ​សន្និដ្ឋាន​បញ្ចប់ ហើយ​នឹង​មាន​សវនាការ​ដើម្បី​ពិនិត្យ​លើ​ភស្តុតាង​ក្នុង​ករណី ០០២ ដែល​គេ​គ្រោង​នឹង​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១១។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា វគ្គ​ដំបូង​នៃ​ការ​ជំនុំជម្រះ​ក្ដី ០០២ នេះ នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​សុក្រ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​នឹង​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មករា ឆ្នាំ​២០១២ នឹង​បន្ត​សវនាការ​ទៀត។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​ទាំង​៤ ក្នុង​សំណុំ​រឿង ០០២ នេះ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​នានា ក្នុង​នោះ​រួម​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ប្រល័យ​ពូជ​សាសន៍៕