សាលារៀន​ចំនួន​២​ពាន់​កន្លែង​​នៅ​លិច​ទឹក​នៅ​ឡើយ

បញ្ហា​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១ នេះ បាន​បង្ក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ជីវភាព​ប្រជាពលរដ្ឋ មាន​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ និង​​វិស័យ​អប់រំ​ជាដើម។

0:00 / 0:00

ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ក្រោយ​ពី​បើក​បវេសនកាល​ពី​ដើម​ខែ​តុលា រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ នៅ​មាន​សិស្សានុសិស្ស​មួយ​ចំនួន​មិន​ទាន់​បាន​ចូល​រៀន​គ្រប់​គ្នា​នៅ​ឡើយ​ទេ ដោយសារ​សាលា​នៅ​លិច​ទឹក និង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ទាន់​បាន​ជួសជុល​ហើយ​អស់​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា ថា ក្នុង​ចំណោម​សាលា​ប្រមាណ ៤​ពាន់​កន្លែង​ដែល​បាន​លិច​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១ នេះ អាច​បើក​បវេសសនកាល​បាន​ចំនួន ២​ពាន់​សាលា​ហើយ ហើយ​នៅ​ចំនួន ២​ពាន់​សាលា​ទៀត​នៅ​លិច​ទឹក​នៅ​ឡើយ។

លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​បញ្ជាក់​ថា សាលា​ទាំង ២​ពាន់​ដែល​នៅ​លិច​ទឹក​នៅ​ឡើយ​នោះ នឹង​បើក​ឲ្យ​សិស្ស​បាន​ចូល​រៀន​នៅ​ពេល​ទឹក​ស្រក​អស់​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៖ «ពីរ​ពាន់​ខ្នង​ទៀត​នេះ​នៅ​ខេត្ត​ជុំវិញ គេ​ហៅ​ថា ផ្ទៃ​ក្នុង​នៅ​ខាង​ផ្ទៃ​ដី​នៅ​ក្នុង​ឃុំ ឬ​ក៏​នៅ​ក្នុង​ទន្លេ​សាប ហើយ​នៅ​តាម​ដង​ស្រុក​ឃុំ​មួយ​ចំនួន ឬ​សាលា​នៅ​តាម​ទន្លេ​មេគង្គ​ក្រោម ហើយ​និង​ទន្លេ​បាសាក់​ជាដើម​អីៗ​អ៊ីចឹង​ទៅ»

លោក យឿង រិទ្ធី ប្រធាន​ភូមិ​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​ជា​ខេត្ត​មួយ​មាន​ទឹក​ជំនន់​ខ្លាំង​ជាង​គេ​បន្ទាប់​ពី​ខេត្ត​កំពង់ចាម លោក​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ពី​គុណភាព​សិក្សា​កូនៗ​របស់​អ្នក​ភូមិ​ដែល​បាន​ចូល​រៀន​យឺត​ពេល​នោះ​ថា អាច​ប៉ះពាល់​ដល់​គុណភាព​សិក្សា​ធ្លាក់​ចុះ ឬ​អាច​រៀន​មិន​ទាន់​សិស្ស​ដែល​បាន​ចូល​​រៀន​មុន​ហើយ​អាច​មាន​លំបាក​នៅ​ពេល​ប្រឡង​នា​ចុង​ឆ្នាំ។

លោក យឿង រិទ្ធី៖ «អា​ហ្នឹង​យើង​ក៏​បារម្ភ​ដែរ ការ​រៀន​សូត្រ​របស់​វា គេ​រៀន​មុន​ឡើង​មួយ​ខែ​ហើយ។ យើង​ព្រួយ​បារម្ភ​ហើយ ការ​រៀន​វា​មិន​ទាន់ ប៉ុន្តែ​យើង​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច​ចេញ អា​ហ្នឹង​វា បើ​យើង​និយាយ​អោយ​ចំ យើង​ទាល់តែ​យើង​ជួយ​ជំរុញ ហើយ​និង​ជួយ​ធ្វើ​ផែនការ​មួយ​ទៀត គឺ​ចាក់​ដី​ចាក់​អី​ហ្នឹង​អោយ​វា​បាន​នេះ​ទៅ។ ដល់​រដូវ​វស្សា​ទឹក​ជំនន់ យើង​អាច​សិស្ស វា​​​​អត់​នេះ ព្រោះ​គំរោង​ហ្នឹង​ខ្ញុំ​ធ្វើ​ទៅ​ស្នើ​ច្រើន​សា​ដែរ ហើយ​អា​រឿង​បញ្ហា​ហ្នឹង​តាំង​ពី​ស្អីៗ សាលា​ហ្នឹង​ការ​ខ្វះខាត ព្រោះ​វា​មិន​ទាន់​បាន​មក​គ្រប់​ចំនួន​សិស្ស​ដែរ។ ខ្ញុំ​បារម្ភ​ដែរ​ហ្នឹង»

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​កត់​សម្គាល់​ឃើញ​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស ដូចជា​បញ្ហា​ការ​ចូល​រៀន​មិន​ទាន់​គ្នា​ ពេល​ម៉ោង​សិក្សា​មិន​គ្រប់គ្រាន់ ប៉ះពាល់​ដល់​គុណភាព​អប់រំ ខ្វះ​សម្ភារៈ​សិក្សា ព្រោះ​មាន​សាលា​ខ្លះ​ត្រូវ​ខូចខាត​សម្ភារៈ និង​ឯកសារ​បង្រៀន​ទាំង​ស្រុង​តែម្ដង។

លោក រ៉ុង ឈុន៖ «យើង​ដឹង​ហើយ​ថា សាលា​ដែល​មិន​បាន​ចូល​បង្រៀន​អោយ​ទាន់​ពេល​វេលា​ហ្នឹង​វា​ប៉ះពាល់​ហើយ​ជា​ស្រេច​ហើយ​ជុំវិញ​កម្មវិធី​សិក្សា ដូចជា​ការ​ធ្វើ​សំណួរ​សរសេរ​អី​សព្វ​បែប​យ៉ាង​ហ្នឹង​ អ៊ីចឹង​ហើយ​អ្នក​ដែល​គ្រប់គ្រង​នៅ​តាម​សាលា ក៏​ដូច​ជា​ក្រសួង​អប់រំ​ហ្នឹង ត្រូវ​បង្កើត​កម្មវិធី​ដើម្បី​ធ្វើ​យ៉ាង​ណា​បន្ថែម បន្ថែម​ម៉ោង​ទៅ​លើ​សាលា​ដែល​ថា មិន​បាន​រៀន​ទាន់​ពេល​វេលា ធ្វើ​ម៉េច​អោយ​វា​ទាន់​ដែល​ថា កម្មវិធី​នៅ​ពេល​បញ្ចប់​ឆ្នាំ​អោយ​ចប់​កម្មវិធី​ដូច​គេ​ដែរ»

លោក​បន្ត​ថា នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ក្រសួង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ពិនិត្យ​ដោះស្រាយ​ជា​បន្ទាន់៖ «ឧបមា​ជាង​មួយ​ខែ​នេះ យើង​ឃើញ​ថា ភាគ​ច្រើន​​នៅ​បឋម​សិក្សា ក៏​ដូច​ជា​មធ្យម​សិក្សា ការ​ផ្ដល់​សម្ភារៈ ដូចជា​សៀវភៅ​សម្រាប់​សិស្ស សម្រាប់​គ្រូ​ហ្នឹង​មិន​បាន​គ្រប់គ្រាន់។ បាទ! មក​ដល់​ពេល​នេះ​ហើយ ឃើញ​ថា ក្រសួង​មិន​ទាន់​បាន​ទម្លាក់​អោយ​បាន​គ្រប់គ្រាន់ ដែល​ជា​ចំណុច​យើង​មើល​ឃើញ​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ លោក អ៊ឹង ង៉ោហុក មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សិស្ស​ចូល​រៀន​មិន​បាន​ស្មើ​គ្នា ដោយសារ​គ្រោះ​ទឹក​ជំនន់​នេះ​កាល​ពី​ខែ​តុលា ក្រសួង​បាន​ធ្វើ​វិមជ្ឈការ​កម្មវិធី​សិក្សា ដើម្បី​សម្រួល​ទៅ​តាម​លទ្ធភាព​ជាក់​ស្ដែង​ទៅ​តាម​សាលា​នីមួយៗ​ដែល​មិន​បាន​បើក​បវេសនកាល​បាន​ទាន់​ពេល​វេលា ឬ​សិស្ស​ចូល​រៀន​យឺត​ជាង​សាលា​ដទៃ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​សិក្សា​របស់​សិស្ស​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​ចំណេះ​ដឹង​ស្មើៗ​គ្នា។

លោក អ៊ឹង ង៉ោហុក៖ «គេ​ប្រើ​ពាក្យ​បច្ចេកទេស​មួយ​ថា ធ្វើ​វិមជ្ឈការ​កាលវិភាគ។ អា​ហ្នឹង​បើ​និយាយ​សាមញ្ញ ថែម​ម៉ោង​អោយ​គ្រប់​ទៅ​តាម​ចំនួន​ដែល​កំណត់​តាម​កម្មវិធី​សិក្សា ជៀសវាង​ការ​ប៉ះពាល់​ហ្នឹង​ហើយ ដែល​គណៈ​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​មក​ក្រសួង​ក្នុង​ការ​ប្រជុំ​របស់​ខ្លួន​ដែរ គឺ​អោយ​សម្រួល​អា​រឿង​វិញ្ញាសា​ប្រឡង​អី​ណា​កុំ​អោយ​ចេញ​ហួស​ពេក ពីព្រោះ​យើង​គិត​ថា សិស្ស​វា​​រៀន​មិន​ទាន់​ដល់»

ទាក់ទង​សម្ភារៈ​សិក្សា លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អង្គការ​មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​កុមារ (UNICEF) បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​ឧបត្ថម្ភ​លើ​សម្ភារៈ​សិក្សា​ផ្សេងៗ​ជា​បន្ទាន់ និង​ចាំបាច់​ចំពោះ​សាលា​ណា​ដែល​ខ្វះខាត ឬ​ត្រូវ​ទឹក​លិច​ឯកសារ និង​សម្ភារៈ​ទាំង​នោះ​ខូច​អស់។

ទាក់​ទង​នឹង​បញ្ហា​សុខភាព​សិស្ស​នៅ​ក្រោយ​ទឹក​ស្រក លោក​បាន​ពន្យល់​ថា ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ និង​បាន​ចេញ​នូវ​សេចក្ដី​ណែនាំ​មួយ​ដល់​សាលា​ទាំង​អស់​ក្រោយ​ទឹក​ស្រក​អស់ ឬ​មុន​ឲ្យ​សិស្ស​ចូល​រៀន ត្រូវ​រៀបចំ​សម្អាត​ថ្នាក់​រៀន និង​ទីធ្លា​សាលា​ឲ្យ​បាន​ល្អ ជា​ពិសេស​បញ្ហា​បរិស្ថាន​ទូទៅ​នៅ​តាម​សាលា​នីមួយៗ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ។

របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​១ ខែ​តុលា បង្ហាញ​ថា សាលារៀន​ចំនួន​ជាង ៩០០​កន្លែង ស្ថិត​នៅ​តាម​ខេត្ត​ចំនួន​១៥ បាន​ខូចខាត និង​នៅ​លិច​ទឹក​​ និង​មាន​សិស្ស​​​ចំនួន​ជាង ១​ម៉ឺន​នាក់ (១០.៥០០​នាក់) ខកខាន​មិន​អាច​ចូល​រៀន​បាន​ក្នុង​​ពេល​​ដែល​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​​​ចាប់​​ផ្ដើម​ចូល​​កង​ក្នុង​ឆ្នាំ​ថ្មី​វិញ​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១១។

សាលារៀន​ដែល​​ខូចខាត ​និង​នៅ​លិច​ទឹក​នៅ​ឡើយ​នោះ មាន​ដូចជា​រាជធានី​ភ្នំពេញ មាន ២២​កន្លែង ខេត្ត​កណ្ដាល ១៣៣​កន្លែង កំពង់ឆ្នាំង ៣១​កន្លែង ខេត្ត​ពោធិ៍សាត់ ១៤​កន្លែង បាត់ដំបង ២​កន្លែង បន្ទាយមានជ័យ​១៦ ឧត្តរមានជ័យ ២៥ ខេត្ត​ព្រះវិហារ ១៤ ខេត្ត​សៀមរាប ៦៥​​កន្លែង ខេត្ត​កំពង់ធំ ១៧៨ ខេត្ត​កំពង់ចាម ២៣០​កន្លែង ព្រៃវែង ៨២ ស្ទឹងត្រែង ១៩ និង​ខេត្ត​ក្រចេះ ៧៣​កន្លែង។ ខេត្ត​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ខេត្ត​កំពង់ចាម និង​កំពង់ធំ។

លោក កឹម វីសុទ្ធ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ថា ​នៅ​ខេត្ត​កំពង់ធំ មាន​សាលា​លិច​ទឹក​សរុប​ចំនួន ២១០​សាលា ក្នុង​ចំណោម​សាលា​ទាំង​អស់​ចំនួន ៥៦០ ហើយ​មក​ដល់​ពេល​នេះ​នៅ​សល់​សាលា​ចំនួន ៤២​ទៀត ដែល​នៅ​លិច​ទឹក​នៅ​ឡើយ។

លោក​បន្ត​ថា ចំពោះ​សិស្ស​ដែល​ចូល​រៀន​យឺត​ជាង​គេ សាលា​នីមួយៗ​បាន​អនុវត្ត​តាម​ផែនការ​កម្មវិធី​សិក្សា​ថ្មី​របស់​ក្រសួង គឺ​ត្រូវ​បង្រៀន​បន្ថែម​ម៉ោង៖ «រៀង​រាល់​ឆ្នាំ​បើ​មាន​អ៊ីចឹង យើង​ធ្វើ​វិមជ្ឈការ​កាលវិភាគ ដោយ​អោយ​រៀន​ថ្ងៃ​ព្រហស្បតិ៍​បន្ថែម។ យើង​យក​គ្រប់​ព្រហស្បតិ៍​អោយ​រៀន តែ​លើក​លែង​ព្រហស្បតិ៍​ខ្លះ​ដែល​យើង​ចាំបាច់​អោយ​ប្រជុំ​ត្រូវ​ប្រជុំ»

បើ​គិត​​តួលេខ​សាលា​ខូចខាត​ធ្ងន់ធ្ងរ​ជាង​គេ​ គឺ​ខេត្ត​កំពង់ចាម ស្ថិត​នៅ​​កម្រិត​លេខ​មួយ ខណៈ​ខេត្ត​កំពង់ធំ នៅ​ចំណាត់​ថ្នាក់​ខូចខាត​លេខ​២។

មន្ត្រី​ក្រសួង​​អប់រំ​យុវជន​និង​កីឡា មាន​ប្រសាសន៍​ថា គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០១១​នេះ បាន​ធ្វើ​​ឲ្យ​​សាលា​ខូចខាត​​តិច​ជាង​ពេល​ព្យុះ​កេតសាណា​ឆ្នាំ​២០០៩ ដែល​កាល​នោះ​បាន​​ធ្វើ​ឲ្យ​ខូច​សាលារៀន​ចំនួន ១.១៦៩​កន្លែង។

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​ប៉ាន់​ស្មាន​ថា ទំហំ​ខូចខាត​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រឡាយ​ទឹក ផ្លូវ​លំ ផ្លូវ​ជាតិ និង​ស្រូវ​ខូចខាត​នោះ គឺ​មាន​តម្លៃ​សរុប​ជាង ៥០០​លាន​ដុល្លារ​អាមេរិក។ ប្រជាពលរដ្ឋ​ចំនួន ១,៥​លាន​នាក់ ប៉ះពាល់​ដោយសារ​ទឹក​ជំនន់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០១១​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ២៥០​នាក់​គិត​មក​ត្រឹម​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១១។

បើ​ប្រៀបធៀប​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០០១ គឺ​មាន​ទំហំ​ខូចខាត​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០០១ ដែល​បាន​បង្ក​ឲ្យ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕