អតីត​អ្នក​ទោស​​​របប​ខ្មែរ​ក្រហម​តក់ស្លុត​ពេល​​ឃើញ​រូបថត​​​នៅ​ទួលស្លែង

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​សាក្សី​នៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​នោះ​ប្រមាណ ៣០០​នាក់ ទៅ​ទស្សនា​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង អតីត​អ្នក​ទោស​ខ្មែរ​ក្រហម​ម្នាក់​បាន​ឃើញ​រូបថត​ខ្លួន​ឯង​ដាក់​តាំង​នៅ​ទី​នោះ។

0:00 / 0:00

អតីត​អ្នក​ទោស​ក្នុង​សម័យ​ខ្មែរ​ក្រហម​ម្នាក់ នៅ​តែ​រន្ធត់ និង​មិន​អស់​អាល័យ​នៅ​ពេល​ដែល​ឃើញ​រូបថត​របស់​គាត់​ដែល​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ក្នុង​ចំណោម​អ្នក​ទោស​ខ្មែរ​ក្រហម​ផ្សេង​ទៀត។

អ្នកស្រី មុំ គឹមសេង អតីត​អ្នក​ទោស​ដែល​ជាប់​ឃុំ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ឯ​មន្ទីរ​ស.២៤ ឬ​គុក​ព្រៃស បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១១ ថា គាត់​បាន​រក​ឃើញ​រូបថត ៣​សន្លឹក​ផ្សេង​គ្នា មាន​ម្ដាយ ប្អូនស្រី រួម​ទាំង​រូប​គាត់​ផង ដែល​ម្ចាស់​រូប​ទាំង​នោះ​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ ៖ «អារម្មណ៍​ខ្ញុំ​ដល់​ពេល​ឃើញ​រូបថត ខ្ញុំ​ស្លុត ចាស! ខ្ញុំ​ស្លុត ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​មិន​គួរ​បាន​រស់​ទេ មាន​រូបថត​នៅ​កន្លែង​នេះ​នោះ។ ចាស! នៅ​រស់​ទាំង​បី​នាក់»

អ្នក​ស្រី​បាន​ថ្លែង​បន្ថែម​ថា ក្នុង​ឆ្នាំ​១៩៧៧ អង្គការ​ខ្មែរ​ក្រហម​បាន​ចាប់​គាត់​ពី​សហករណ៍​មក​ដាក់​គុក​ស.២៤ ដោយ​បាន​ចោទ​ថា រូប​គាត់​ក្បត់​បដិវត្តន៍ ក្បត់​អង្គការ ហើយ​រូប​នេះ​គេ​បាន​ថត​ក្នុង​ពេល​ដែល​គាត់​ជាប់​គុក​នៅ​មន្ទីរ​ស.២៤ ហៅ​គុក​ព្រៃ​ស។

អ្នក​ស្រី មុំ គឹមសេង បាន​ថ្លែង​ថា គាត់​មិន​នឹក​ស្មាន​ថា ខ្លួន​គាត់​អាច​នៅ​រស់​ទេ នៅ​ពេល​ដែល​ឃើញ​រូបថត​គាត់​ត្រូវ​ដាក់​តាំង​នៅ​ក្នុង​គុក​ទួលស្លែង ព្រោះ​រូប​ដែល​ដាក់​តាំង​គឺ​ជា​ជន​ដែល​អង្គការ​ខ្មែរ​ក្រហម​កម្ទេច។

លោក ឌឹម សុវណ្ណារុំ ប្រធាន​ស្ដីទី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម បាន​ថ្លែង​ថា នេះ​គឺ​ជា​ការ​ពិត​មួយ​ដែល​បាន​រក​ឃើញ​តាម​រយៈ​ទស្សនកិច្ច​សិក្សា និង​បេសកកម្ម​ស្វែង​រក​យុត្តិធម៌​របស់​សាលាក្ដី​ខ្មែរ​ក្រហម ៖ «ថ្ងៃ​នេះ​គឺ​ថា កម្រ​មែន​ទែន ដែល​ខ្លួន​គាត់​នេះ​រក​ឃើញ​រូបថត​ខ្លួន​ឯង គឺ​លើក​ទី​មួយ​ហើយ។ កន្លង​មក​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ហ្នឹង គាត់​មក​រក​ឃើញ​តែ​សាច់ញាតិ​ទេ! ប៉ុន្តែ​ថ្ងៃ​នេះ គាត់​រក​ឃើញ​ខ្លួន​ឯង រូបថត​ខ្លួន​ឯង រូបថត​ម្ដាយ រូបថត​ប្អូនស្រី ដែល​អ្នក​ទាំង​បី​នៅ​រស់រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​នៅ​ឡើយ។ ដូច្នេះ​មាន​ន័យ​ថា រូបថត​នេះ​មិន​មែន​មាន​ន័យ​ថា គាត់​បាន​បាត់​បង់​ជីវិត​ទេ។ គាត់​នៅ​រស់​នៅ​ឡើយ​ទេ។ នេះ​គឺ​ជា​សាក្សី​រស់​ដែល​នៅ​ចំពោះ​មុខ​អស់​លោក​ហើយ»

លោក ឌឹម សុវណ្ណារុំ បាន​ថ្លែង​ថា មាន​ពលរដ្ឋ​រងគ្រោះ​មិន​តិច​ជាង ២០​នាក់​ទេ ដែល​បាន​រក​ឃើញ​រូបថត​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​នៅ​ក្នុង​គុក​ទួល​ស្លែង ហើយ​នេះ​គឺ​ជា​ករណី​លើក​ទី​មួយ​ហើយ​ដែល​គាត់​រក​ឃើញ​រូបថត​ខ្លួន​ឯង រូប​ម្ដាយ និង​ប្អូនស្រី ដែល​ពួក​គេ​ទាំង​នោះ​នៅ​មាន​ជីវិត​នៅ​ឡើយ។

មន្ត្រី​កិច្ចការ​សាធារណៈ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​នាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សាក្សី​ក្នុង​របប​ខ្មែរ​ក្រហម​ចំនួន​ជាង ៩​ម៉ឺន​នាក់​ហើយ​មក​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​មន្ទីរ​ឧក្រិដ្ឋកម្ម​ទួល​ស្លែង និង​ទៅ​កាន់​សាលាក្ដី​ខ្មែរ​ក្រហម តាំង​ពី​២៩ ខែ​មិថុនា ឆ្នាំ​២០០៩ មក​ដល់​បច្ចុប្បន្ន​នេះ៕