រដ្ឋាភិបាល​គ្រោង​ប្តឹង មូរ សុខហួរ ពី​បទ​បរិហារកេរ្តិ៍​នាយក​រដ្ឋមន្ត្រី

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ស្គាល់​ថា លោក​បាន​ទទួល​ដំណឹង​អំពី​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ពិត​ជា​មាន​គម្រោង​ប្តឹង​លោកស្រី​តំណាង​រាស្រ្ត មូរ សុខហួរ ពី​បទ​បរិហារកេរ្តិ៍​ប្រមុខ​រដ្ឋាភិបាល​ពិត​ប្រាកដ​មែន។

តំណាង​រាស្រ្ត ជាម យៀប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ទី​២៤ មេសា លោក ឱម យ៉ិនទៀង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល បាន​ប្រកាស​ថា គ្រោង​នឹង​ប្តឹង​បក​ទៅ​លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សមរង្ស៊ី​ពី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ៖ «តាម​ស៊ីធីអិន​ឮ​សូរ​ឯកឧត្ដម ឱម យ៉ិនទៀង ទេស​រដ្ឋមន្ត្រី​និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្ដេច ដែល​លោក​ដាក់​ប្ដឹង​លោក​ជំទាវ មូរ សុខហួរ ពី​បទ​បរិហារ​កេរ្តិ៍»

ការប្តឹង​បក​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ប្រកាស​ថា​នឹង​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​ដែរ​នោះ។

ឆ្លើយតប​នឹង​ប្រតិកម្ម​ខាង​លើ​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​មាន​ការតក់ស្លុត​អ្វី​ទាំងអស់​ចំពោះ​ដំណឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្តឹង​អ្នកស្រី​តប​វិញ​នោះ ដោយ​អ្នកស្រី​រង់ចាំ​ប្រឈម​មុខ​នឹង​តុលាការ។

អ្នកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​រដ្ឋាភិបាល​ដាក់​ពាក្យ​បណ្ដឹង​លើ​ខ្ញុំ ចាស! អញ្ជើញ​ទៅ​ចុះ! ទុក​ជូន​តុលាការ​កាត់​ទៅ វិនិច្ឆ័យ​ទៅ»

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៤ មេសា​នេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​យោធា​ពិការ​នៅ​ឃុំ​តាកែន ខេត្ត​កំពត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដោយ​ប្រយោល​ថា នៅ​ក្នុង​ខេត្ត​កំពត​មាន​ស្រ្តី​ជើង​ខ្លាំង​ដែល​ពូកែ​ខាង​រក​រឿង​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត លោក​ស្រី​រូប​នោះ​រត់​ទៅ​ឱប​គេ​សោះ បែរ​ជា​បន្ទោស​ថា គេ​ធ្វើ​របូត​ឡេវ​អាវ​របស់​លោក​ស្រី ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​គេ​ថែម​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​រិះគន់​ថា ៖ «ទី​១ ទោះបី​មិន​បញ្ចេញ​ឈ្មោះ ទោះបី​ការវាយ​ប្រហារ​ទៅ​លើ​ស្ត្រី​ណា​ក៏​ដោយ គឺ​ខ្ញុំ​ថា​ជា​រឿង​មួយ​អសីលធម៌ រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​ខ្ញុំ​ថា យើង​គួរតែ​គោរព​នូវ​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​យើង​គ្រប់​រូប​ទោះបី​នរណា​ក៏​ដោយ»

សូម​ជម្រាប​ថា កន្លង​មក​ធ្លាប់​មាន​អ្នក​ដឹកនាំ​និង​អ្នក​នយោបាយ​មួយចំនួន​មាន​ការប្តឹងផ្តល់​ជាមួយ​លោក ហ៊ុន សែន ដែរ តែ​មិន​ដែល​ឃើញ​អ្នក​ណា​ដែល​ឈ្នះ​ក្តី​ម្តង​ណា​ឡើយ ដោយ​ចុង​ក្រោយ​អ្នក​ទាំង​នោះ​មាន​ទាំង​សរសេរ​លិខិត​សុំ​ទោស​ទៀត​ផង៕