បន្ទាប់ពីបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើសំណុំរឿងគប់គ្រាប់បែកទៅលើហ្វូងបាតុករ កាលពីឆ្នាំ១៩៩៧ ទៅកាន់តុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ រួចមក។ លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី បានអះអាងថា រូបលោកនឹងដាក់ពាក្យបណ្ដឹងប្ដឹងលោក ហ៊ុន សែន ១ករណីថ្មីទៀត ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងអង្គការពលកម្មអន្តរជាតិ ជុំវិញផែនការ ក.៥ ដែលនាំឲ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់រាប់ម៉ឺននាក់ នៅសមរភូមិតាមព្រំដែនកម្ពុជា។
ទោះយ៉ាងនេះក្តី លោក សម រង្ស៊ី មិនទាន់បានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទ នៃការដាក់ពាក្យប្ដឹងលោក ហ៊ុន សែន ក្នុងសំណុំរឿងផែនការ ក.៥ ដាក់នៅថ្ងៃណាឲ្យពិតប្រាកដនោះទេ ដោយគ្រាន់តែបញ្ជាក់ខ្លីថា កំពុងរៀបចំឯកសារ និងត្រៀមប្ដឹងនៅពេលឆាប់ៗនេះ ៖ «ប្ដឹងទៅតុលាការនៅប្រទេសមួយចំនួនទៀត ដែលគេមានច្បាប់ពិសេស ដើម្បីចាប់ជនឧក្រិដ្ឋ ទោះជាជនឧក្រិដ្ឋហ្នឹងមានសញ្ជាតិអ្វីក៏ដោយ ឬក៏ជនឧក្រិដ្ឋនោះមានតំណែងដល់ណាក៏ដោយ គេអាចចាប់បាននៅពេលណាជនឧក្រិដ្ឋឈានជើងទៅដល់ទឹកដីប្រទេសគេ ដែលប្រទេសគេធ្វើសហប្រតិបត្តិការជាមួយប្រទេសដែលយើងដាក់ពាក្យបណ្ដឹង»។
ការថ្លែងអះអាងរបស់មេបក្សប្រឆាំងរូបនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតផ្សាយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិច ពីប្រទេសហ្វាំងឡង់ (Finland) កាលពីថ្ងៃទី១៦ ខែតុលា នាទីស្នាក់ការគណបក្សក្រុងភ្នំពេញ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងក្ដីអស់សំណើច និងបានចំអកថា នេះជាភាពឆោតល្ងង់របស់លោក សម រង្ស៊ី ដែលមានគម្រោងប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះ ៖ «ពីព្រោះករណីនេះ មិនមែនជាករណីឧក្រិដ្ឋកម្ម ឬករណីប្រល័យពូជសាសន៍នោះទេ ឬក៏យើងហៅថា ឧក្រិដ្ឋកម្មអន្តរជាតិ គឺមិនមែនក្នុងសាច់រឿងហ្នឹងទេ។ ម្ល៉ោះហើយមិនមានជាផលអ្វីប៉ះពាល់មកដល់កម្ពុជា ក្រៅពីគេនាំគ្នាសើចឯកឧត្ដម សម រង្ស៊ី ហ្នឹងឯងបាទ»។
ប្រជាពលរដ្ឋមិនបង្ហាញអត្តសញ្ញាណម្នាក់ បានអះអាងថា នៅឆ្នាំ១៩៨២ រូបគាត់ក៏ស្ថិតក្នុងចំណោមពលរដ្ឋជាច្រើនទៀត ជាប់ក្នុងកំណែន ក.៥ ដែលរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បញ្ជូនទៅកាន់តំបន់តាមព្រំដែន ដូចជាកងទ័ពអ៊ីចឹងដែរ មានពលរដ្ឋខ្លះគេឲ្យទៅកាប់ព្រៃ និងជញ្ជូនស្បៀងឲ្យកងទ័ពនៅសមរភូមិជួរមុខជាដើម។
ប្រភពបន្តថា ផែនការ ក.៥ គឺចែកជាច្រើនវគ្គ និងមានរយៈពេលពី ៦ខែ ដល់១ឆ្នាំកន្លះ ទើបពលរដ្ឋម្នាក់ៗ ចប់កាតព្វកិច្ច និងអាចមានសិទ្ធិវិលមកស្រុកភូមិវិញ។ ប៉ុន្តែមានពលរដ្ឋភាគតិចបំផុតអាចនៅរស់រានមានជីវិត ឬក៏មានជីវិតតែធ្លាក់ខ្លួនពិការ ដោយសារកំណែន ក.៥ នោះ។ លើសពីនេះទៀត ពលរដ្ឋបានធ្លាក់ខ្លួនឈឺជំងឺគ្រុនចាញ់គ្មានថ្នាំព្យាបាល ខ្វះចំណីអាហារ និងដើរជាន់មីននៅតាមតំបន់ព្រំដែនជាដើម ៖ «ទៅដល់ហ្នឹង គេរៀបចំជាគ ជាវរ ដូចជាទាហានអ៊ីចឹង ប៉ុន្តែគ្រាន់តែអត់មានក្របខ័ណ្ឌនៅក្រសួងការពារជាតិទេ។ ស្លាប់ដោយសារមីន ស្លាប់ដោយសារគ្រុនចាញ់ និងត្រូវគ្រាប់ ដូចទ័ពអ៊ីចឹងទៅហ្នឹង»។
លោក ជាម យៀម មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ផែនការ ក.៥ មិនមែនរដ្ឋអំណាចជំនាន់នោះធ្វើការកែនគប្រជាពលរដ្ឋឲ្យទៅស្លាប់ដូចជាការចោទប្រកាន់របស់មេដឹកនាំបក្សប្រឆាំងនោះទេ ប៉ុន្តែជាឆន្ទៈផ្ទាល់របស់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន ដើម្បីតទល់ទៅនឹងរបបខ្មែរក្រហម ៖ «សូមជម្រាបថា នេះជាសុឆន្ទៈរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដែលគេនៅតែខឹងសម្បារ នៅខឹងប្ដូរផ្ដាច់ជាមួយរបបប៉ុលពត»។
ទោះយ៉ាងនេះក្ដី មិនមានប្រភពណាមួយបញ្ជាក់ច្បាស់ថា ផែនការ ក.៥ របស់រដ្ឋអំណាចសម័យនោះ មានបំណងអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែដឹងថា ផែនការ ក.៥ នេះ បានបណ្ដាលឲ្យពលរដ្ឋខ្មែររាប់ពាន់-ម៉ឺននាក់បានស្លាប់ និងធ្លាក់ខ្លួនពិការ ចន្លោះឆ្នាំ១៩៨១ ដល់១៩៨៥ គឺនៅមុនកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា៕