លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ មិថុនានេះ បានសម្ដែងនូវការមិនសប្បាយចិត្តចំពោះលោក ស៊ូយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដែលបានថ្លែងមុនពេលបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ថា លោកមានការខកចិត្តដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនផ្ដល់ឱកាសឲ្យលោកចូលជួបពិភាក្សាពីការងារមួយចំនួន ស្ដីពីការគោរពសិទ្ធិមនុស្ស និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាតាមការគ្រោងទុកនោះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា ការថ្លែងរបស់លោក ស៊ូប៊ែឌី បែបនេះ គឺបង្ហាញថា ជាការមិនគោរពសិទ្ធិម្ចាស់ផ្ទះ និងជាការប្រមាថដល់មេដឹកនាំប្រទេសមួយដែលមានអធិបតេយ្យ ក៏ដូចជាប្រមាថលើប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ឆ្នោត។
លោកនាយករដ្ឋមន្ត្រីបន្តថា ៖ «នែថ្ងៃក្រោយ កុំរបៀបបានមកស្រុកខ្មែរ បានមកធ្វើអាណានិគមវិញ! ហើយខ្ញុំផ្ដាំ ផ្ដាំទី១ ថា ខ្ញុំមានការសោកស្ដាយដែលលោកបានប្រើពាក្យថា ខកចិត្ត! គួរតែនិយាយគួរសមជាងនេះ គោរពដល់អ្នកជំងឺ ព្រោះខ្ញុំកំពុងតែឈឺ ឈឺមិនទាន់ឈប់ផងមកដល់ឥឡូវនេះ។ ទី២ ខ្ញុំសូមផ្ដាំទៅលោក សូមកុំព្យាយាមទម្លាយទ្វារនៅពេលដែលទ្វារបើកចំហ ហើយសូមកុំប្រាប់ខ្ញុំថា ភ្លៀងកំពុងតែធ្លាក់ ក្នុងពេលដែលខ្ញុំកំពុងតែនៅក្រោមដំណក់ទឹកភ្លៀង! មានន័យថា កិច្ចការទាំងឡាយដែលលោកគិត ខ្ញុំគិតលើសលោក ១០០ដង ១.០០០ដង! ពិភពលោកនេះគ្មានអ្នកណាស្រឡាញ់ជាតិឯងជាងជាតិឯងទេ!»។
លោកថ្លែងបែបនេះក្នុងពិធីបិទអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សមាគមអតីតយុទ្ធជនកម្ពុជា និងខួបទី៣ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃ២១ មិថុនា ក្នុងទីក្រុងភ្នំពេញ។
មន្ត្រីការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបដិសេធថា មិនមានការចាំបាច់ធ្វើការឆ្លើយឆ្លងអ្វីឡើយ តបនឹងការថ្លែងប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលោក ស៊ូយ៉ា ស៊ូប៊ែឌី នោះទេ។
ប្រធានអង្គការសិទ្ធិមនុស្ស លីការដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍ថា ការថ្លែងរបស់លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ លោកស្រីយល់ថា មិនមែនជាការប្រមាថមើលងាយអ្វីនោះឡើយ ផ្ទុយទៅវិញការខិតខំរបស់លោក ស៊ូយ៉ា ស៊ូប៊ែឌី គឺបង្ហាញថា ជាកិច្ចការមួយជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅវិញទេ។
លោកស្រី ពុង ឈីវកេក បានបញ្ជាក់ថា ៖ «អ្នកដែលគេចូលមកប្រទេសយើង គឺគេមានបំណងជួយប្រទេសយើង ព្រោះអត់មានផលចំណេញអីទៅគេទេ! ពេលដែលគេនិយាយពីការពិត លើករឿងបញ្ហាយើងមកទេ! ខ្ញុំមិនយល់ថា គេមើលងាយយើងអីទេ ផ្ទុយទៅវិញអ្នកទាំងអស់គ្នាហ្នឹងស្រឡាញ់ប្រទេសជាតិយើងហើយ បានជាគេចង់ជួយ ចង់ឲ្យយើងលើកបញ្ហាដែលយើងមានសល់ក្នុងប្រទេសយើង មកដាក់លើតុទៅ ជជែកគ្នាជាមួយនឹងរដ្ឋាភិបាល ហើយនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ រកមធ្យោបាយទាំងពីរភាគីហ្នឹង ដើម្បីដោះស្រាយបញ្ហាដែលនៅក្នុងប្រទេសកម្ពុជា»។
លោក ស៊ូយ៉ា ស៊ូប៊ែឌី បានរិះគន់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោក ថា ប្រព័ន្ធតុលាការនៅកម្ពុជាកំពុងជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលគេមិនសូវគិតគូរដល់។
លោក ស៊ូយ៉ា ស៊ូប៊ែឌី គ្រោងនឹងដាក់របាយការណ៍របស់លោក ដែលមានអនុសាសន៍ពិស្ដាររបស់លោក និយាយអំពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងវិធានមួយចំនួនទៀត ទៅឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្ស៉ឺណែវ នៅខែកញ្ញា ឆ្នាំ២០១០នេះ៕