អ្នកកាសែតជើងចាស់មួយរូប លោក ឃឹម សំបូរ អាយុ៤៧ឆ្នាំ ដែលគេស្គាល់ក្រោមនាមប៉ាកកាថាដែនសុរិន្ទនិងសេរីកា ហើយតែងតែសរសេរទិតៀនរដ្ឋាភិបាល ជាពិសេសលោកធ្លាប់ជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ស្តីពីរដ្ឋប្រហារថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧នោះ ទើបបានត្រូវជនមិនស្គាល់មុខតាមបាញ់ចំនួន៥គ្រាប់ ស្លាប់នៅក្បែរស្តាតអូឡាំពិក កាលពីល្ងាចម្សិលមិញនេះ ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក សុខ សេរី បានរាយការណ៍កាលពីយប់ថ្ងៃសុក្រម្សិលមិញដូច្នេះ ៖ «នៅល្ងាចថ្ងៃសុក្រនេះ អ្នកកាសែតមនសិការខ្មែរមួយរូប ឈ្មោះ លោក ឃឹម សំបូរ ត្រូវបានឃាតករមិនស្គាល់មុខជិះម៉ូតូបាញ់សម្លាប់ នៅគ្រាដែលលោកនិងកូនប្រុសរបស់លោកកំពុងតែបើកឡាននៅក្បែរស្ដាតអូឡាំពិក ក្នុងទីក្រុងភ្នំពេញ ក្រោយពីគាត់ធ្វើការហាត់ប្រាណ ជិះឡានទៅហាត់ប្រាណហើយគាត់ជិះឡានដើម្បីត្រឡប់មកផ្ទះវិញ ហើយឃាតករបានលើកកាំភ្លើងបាញ់សម្លាប់ ។ គាត់ស្លាប់ កូនគាត់ត្រូវរបួសធ្ងន់ចំបេះដូង ដឹកទៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ ហើយបើតាមប្រភពពីអ្នកកាសែតនិងអង្គការសិទ្ធិមនុស្ស គេព្រួយបារម្ភថាមិនរស់ទេ ។ ឥឡូវនេះសពរបស់លោក ឃឹម សំបូរ បានដឹកទៅវត្តថ្វាយបង្គំ នៅក្រោយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យ បូជាសពស្អែកព្រឹក ។ ហើយពុំមានការអះអាងពីអាជ្ញាធរទាក់ទងទៅនឹងជនសង្ស័យថាជានរណាទេ» ។
សូមជម្រាបថាយោងតាមដំណឹងចុងក្រោយពីអ្នកយកព័ត៌មាននៅភ្នំពេញ កូនប្រុសរបស់លោក ឃឹម សំបូរ ដែលជានិស្សិតសាកលវិទ្យាល័យមួយរូប បានទទួលមរណភាពទៅហើយដោយគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលាពីមុខរបួសដែលត្រូវបាញ់ចំបេះដូងនោះ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រតិកម្មជុំវិញការបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់មិញថា លោកនឹងប្រញាប់ត្រឡប់ពីការឃោសនារកសំឡេងឆ្នោតនៅខេត្តកំពង់ចាម ដើម្បីសាកសួរពីដំណើរដើមទងនៃការធ្វើឃាតទៅលើរូបលោក ឃឹម សំបូរ នេះ ហើយរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ៖ «ឥឡូវខ្ញុំត្រូវចុះទៅស្ទឹងត្រង់ទៅឃោសនា ឥឡូវខ្ញុំចេញដើម្បីព្រឹកនេះប្រញាប់ទៅវិញ ទៅសួរដើម្បីឲ្យនគរបាលគេរាយកាណ៍ ដើម្បីខ្ញុំជម្រាបជូនទៅនាយករដ្ឋមន្ត្រី ដើម្បីថារឿងអី ? ហើយទី២ ខ្ញុំនិយាយអ៊ីចឹង អ្នកកាសែតវាអត់និយាយទេ រឿងអ្នកណានិយាយម៉េច វាប្រាប់អ៊ីចឹង ប៉ុន្តែមិនមែនវាខុសទេ ។ អ៊ីចឹងឥឡូវខ្ញុំត្រឡប់មកវិញ កម្មវិធីឃោសនាព្រឹកហ្នឹងខ្ញុំលុបចោល ។ ខ្ញុំទៅហើយ នឹងជម្រាបជូននាយករដ្ឋមន្ត្រីទៀតដើម្បីតាមរករឿងអី ?» ។
ប្រតិកម្មរបស់ចាងហ្វាងកាសែតមនសិការខ្មែរ
ស្តីពីអំពើមនុស្សឃាតទៅលើអ្នកកាសែតរបស់សារព័ត៌មានលោកនេះ លោក ដាំ សិទ្ធិ ចាងហ្វាងកាសែតមនសិការខ្មែរ និងជាបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ បានឲ្យដឹងថាលោកនៅមិនទាន់ជ្រាបពិស្តារពីស្ថានការណ៍បាញ់ប្រហារទៅលើអ្នកវិភាគនយោបាយនៃកាសែតរបស់លោករូបនេះនៅឡើយទេ ហើយក៏ពុំអាចបញ្ជាក់បានថាមូលហេតុនៃការបាញ់សម្លាប់នេះបណ្តាលមកពីរឿងអ្វីផងដែរ ។
លោក ដាំ សិទ្ធិ បានត្រូវតុលាការក្រុងចាប់ដាក់គុកព្រៃសកាលពីថ្ងៃទី៨ មិថុនាមុននេះពីបទថាបានបរិហារកេរ្តិ៍និងផ្សាយដំណឹងមិនពិតក្នុងការបោះពុម្ពផ្សាយថា លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ធ្លាប់ជាមេគុកបឹងត្របែកនៃរបបខ្មែរក្រហម ។ លោកបានទទួលសេរីភាពមកវិញក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍នៅថ្ងៃទី១៥ មិថុនា ។
ស្តីពីឃាតកម្មលើរូបលោក ឃឹម សំបូរ លោក ដាំ សិទ្ធិ មានប្រសាសន៍បញ្ជាក់ដូច្នេះ ៖ «ស្ថានភាពស្អីៗខ្ញុំអត់បានដឹងទាំងអស់ពីព្រោះខ្ញុំជាប់នៅផ្ទះដែរ ។ តាំងពីខ្ញុំចេញពីការឃុំឃាំងមក ខ្ញុំមិនដែលបានដើរទៅណាទេ ខ្ញុំនៅតែផ្ទះ... ។ ម៉ោង៧ជាងខ្ញុំបានទទួលទូរស័ព្ទពីលោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតហ្នឹងថា អ្នកកាសែតខ្ញុំម្នាក់ ឈ្មោះ ឃឹម សំបូរ ត្រូវគេបាញ់ស្លាប់ តែខ្ញុំស្មានថាគេច្រឡំឈ្មោះមនុស្ស ខ្ញុំក៏ Call ទៅ ឃឹម សំបូរ ៤ដង ៤ដងអត់លើក អត់លើកខ្ញុំក៏បានទូរស័ព្ទទៅប្រពន្ធគាត់... បានខ្ញុំដឹងថា លោក ឃឹម សំបូរ ត្រូវបានគេបាញ់ស្លាប់ហើយ» ។
ប្រធានគណបក្សសមរង្ស៊ីប្រតិកម្មជុំវិញការបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ
ស្តីពីការបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរនេះដែរ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី មានប្រសាសន៍ថាពួកមានអំណាចផ្តាច់ការដែលប្រព្រឹត្តអំពើមិនល្អ តែងតែសម្លាប់បិទមាត់អ្នកកាសែតដែលផ្សព្វផ្សាយការពិត ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «ខ្ញុំមានការឈឺចាប់ ខ្ញុំមានក្ដីបារម្ភទៀត ដោយសារថាអំពើហិង្សាកើតឡើងទៀតហើយ កើតឡើងមកលើអ្នកកាសែត អ្នកសារព័ត៌មាន ដែលគ្នាគ្រាន់តែយកព័ត៌មានយកមកផ្សព្វផ្សាយ តែព័ត៌មាននោះធ្វើឲ្យអ្នកកាន់អំណាចតាមរបៀបផ្ដាច់ការមានការភ័យខ្លាច ពីព្រោះគេខ្លាចការពិត ។ អ្នកដែលធ្វើអំពើអាក្រក់គឺខ្លាចការពិត ហើយបើគេធ្វើអំពើអាក្រក់ គេមិនចង់ឲ្យមានការពិតត្រូវបានលាតត្រដាង គេសម្លាប់អ្នកកាសែត ។ ខ្ញុំសូមឲ្យប្រជារាស្ត្រខ្មែរលោកវិនិច្ឆ័យ ពីព្រោះតុលាការដ៏ធំបំផុតគឺតុលាការប្រជារាស្ត្រខ្មែរ នៅថ្ងៃទី២៧ ខែកក្កដា នៅសល់តែប៉ុន្មានថ្ងៃខាងមុខនេះ ឲ្យខ្ញុំមានជំនឿជឿជាក់ថា ប្រជារាស្ត្រខ្មែរនឹងវិនិច្ឆ័យផ្តន្ទាទោសអ្នកកាន់អំណាចសព្វថ្ងៃដែលប្រើអំណាចតាមរបៀបផ្ដាច់ការ សម្លាប់អ្នកកាសែត សម្លាប់អ្នកស្លូតត្រង់» ៕