ជប៉ុន​ផ្អាក​ជំនួយ​ក្នុង​គម្រោង​សាងសង់​ស្ពាន​អ្នកលឿង?

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ ថា ប្រទេស​ជប៉ុន​បាន​ផ្អាក​ជំនួយ​ឥត​សំណង​ចំនួន ៧៤​លាន​ដុលា្លរ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​គម្រោង​សាងសង់​ស្ពាន​អ្នកលឿង។

ការ​ប្រកាស​ផ្អាក​នោះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​រុះរើ​ផ្ទះ​ចេញ​ដើម្បី​យក​កន្លែង​សាងសង់​ស្ពាន​នោះ។

លោកស្រី លី ស្រីវីណា តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​លោកស្រី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ភាគី​ជប៉ុន​បាន​ប្រាប់​លោកស្រី​ថា លុះត្រា​ណា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលដ្ឋ​ដែល​បណ្តេញ​ចេញ​ទើប​ជប៉ុន​នឹង​ផ្តល់​ថវិកា​នោះ។

លោកស្រី លី ស្រីវីណា បាន​បញ្ជាក់​ថា ៖ «ការ​ដែល​ចាប់ផ្ដើម​សាងសង់​មែនទែន​គម្រោង​ហ្នឹង​គឺ​ឲ្យ​ជំនួយ​អត់​ចំណង ប៉ុន្តែ​ដល់​ឆ្នាំ​២០០៨ គាត់​ថា គាត់​ធ្វើ Audit ទៅ​ឃើញ​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ ឲ្យ​ខ្ចី​វិញ អត់​ឲ្យ​អត់​ចំណង​ទេ ដោយសារ​គាត់​ធ្វើ Audit (ពិនិត្យ​បញ្ជី) ទៅ ប្រហែល​ជា​អាច​ឃើញ​មន្ត្រី​រដ្ឋាភិបាល​មាន​លុយ​ច្រើន​ហើយ មាន​លទ្ធភាព​សង់​ខ្លួន​ឯង ឲ្យ​កម្ចី​វិញ តែ​ឥឡូវ​ហ្នឹង​កម្ចី​ហ្នឹង​ក៏​អត់​ទាន់​លេច​ចេញ​ជា​រូបរាង​ដែរ​រឿង​ស្ពាន​អ្នកលឿង​ហ្នឹង ពីព្រោះ​ផ្លូវ​ជាតិ​លេខ​១​មិន​ទាន់​ចប់​ទេ តែ​ផ្លូវ​ជាតិ​លេខ​១ គឺ​យើង​មិន​អាច​និយាយ​ដល់​គម្រោង​ទី​២ ដែល​សង់​ស្ពាន​អ្នកលឿង​ហ្នឹង​ទេ»

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​នេះ លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​បរទេស បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា ប្រទេស​ជប៉ុន​នៅតែ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ចំនួន ៧៤​លាន​ដុលា្លរ​ដើម្បី​សាងសង់​ស្ពាន​អ្នកលឿង​ដដែល។

លោក ឈាង វុន បាន​អះអាង​ថា ៖ «ប៉ុន្តែ​ការងារ​ជួយ​ធ្វើ​ស្ពាន​នេះ ជប៉ុន​នៅតែ​បន្ត​ទេ តែ​យើង​ត្រូវ​យល់​ថា ប្រទេស​គេ​ផ្ដល់​ជំនួយ​​ឲ្យ​យើង​ហ្នឹង​ក៏​គេ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ដែរ ដែល​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​​របស់​ប្រទេស​គេ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ខ្លះ​ដែរ​ក្នុង​ការ​ផ្ដល់​ឥណទាន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​នឹង​មន្រ្តី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​សួរ​បញ្ជាក់​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ។

ទោះ​ជា​យ៉ាង​ណា លោក​តំណាង​រាស្ត្រ ឈាង វុន ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ​ថា តើ​គេ​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អ្នកលឿង​នេះ​នៅ​ពេល​ណា​ដែរ គ្រាន់តែ​លោក​បាន​លើក​ឡើង​ថា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕