ព្រះអង្គបានកាន់តំណែងផ្សេងៗជាច្រើនរហូតដល់មានការកត់ត្រាក្នុងសៀវភៅឯតទគ្គកម្មពិភពលោក Guinness Book of World Records ថា ព្រះអង្គជាអ្នកនយោបាយដែលកាន់ការក្នុងតំណែងផ្សេងៗច្រើនប្រភេទជាងគេក្នុងលោក។
ព្រះមហាវីរក្សត្រសម្តេច នរោត្តម សីហនុ ដែលខ្មែរខ្លះបានប្រៀបប្រដូចព្រះអង្គទៅនឹងជយវរ្ម័ននៃយុគសម័យថ្មីទ្រង់ជាព្រះរាជបុត្រទោលរបស់ព្រះបាទ សម្តេចព្រះ នរោត្តម សុរាមារិត និងព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ហើយទ្រង់ប្រសូតនាទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ១៩២២ នៅពេលដែលកម្ពុជាឋិតក្រោមអាណានិគមនិយមបារាំង។
មជ្ឈដ្ឋានអន្តរជាតិនានាទទួលស្គាល់ថា សម្តេច សីហនុ ទ្រង់ជាអ្នកនយោបាយវៃឆ្លាតនិងពោរពេញទៅដោយភាពប៉ិនប្រសប់ក្នុងការជួយសង្គ្រោះខ្លួនព្រះអង្គ និងប្រទេសជាតិដែលពិបាកនឹងរកនរណាប្រៀបផ្ទឹមបាន។
ខណៈដែលព្រះអង្គមានព្រះជន្មាយុច្រើនព្រះវស្សាណាស់ទៅហើយនេះ ព្រះអង្គក៏នៅតែរក្សាសក្តានុភាពនិងឥទ្ធិពលគួរឲ្យខ្លាចញញើត។ ព្រះអង្គអាចយកឈ្នះសត្រូវដែលពេលនោះគឺជាជនជាតិបារាំងបានដោយមិនចាំបាច់បង្ហូរឈាមជ័រច្រើនឡើយ។
លោក ឆេង អាង អាយុ៧១ឆ្នាំ កសិករគំរូនៅខេត្តកំពង់ធំ មានប្រសាសន៍រំឭកពីសម័យមុនដែលព្រះអង្គបង្កើតកងជីវពលនិងនារីក្លាហានប្រើកាំភ្លើងឈើបន្លាចបារាំងដណ្តើមឯករាជ្យ ៖ «ដឹងថាលោកខិតខំកសាងប្រទេសហ្នឹង ទី១ ខំប្រឹងរំដោះខ្លួនពីនឹមអាណានិគម។ ដើម្បីរំដោះខ្លួនបាន មានតែឲ្យប្រជាជនទាំងអស់ មិនថាប្រជាជន មិនថាសិស្សានុសិស្សទេ យើងទាំងអស់សុទ្ធតែរៀនវិជ្ជាទ័ព។ ពីដើមស្រីៗ យើងបង្កើតជាកងនារីក្លាហាន ប្រុសៗចូលនៅក្នុងជីវពល រីឯកូនសិស្សចូលនៅក្នុងអង្គភាពស្កុតកាយឫទ្ធិ បន្ទាប់មកយើងចូលនៅជាអង្គភាពយុវ័ន យុវតី។ សិស្សទាំងអស់ហ្នឹងសុទ្ធតែបានហាត់ ទី១គឺសមជើង ទី២ គ្រប់សាលាទាំងអស់ហ្នឹង គេឲ្យហាត់ ឲ្យស្គាល់ពីគ្រឿងអាវុធ ចេះប្រើអាវុធ ដោយយកទ័ពទៅបង្រៀនតាមសាលាតាមអង្គភាព»។
ព្រះអង្គជាបិតាឯករាជ្យជាតិតាមរយៈការហ្វឹកហាត់ទាហានពង្រឹងសាមគ្គីភាពផ្ទៃក្នុង ៖ «តាមខ្ញុំដឹងគឺថាទាំងយប់ ទាំងថ្ងៃ ថ្ងៃពេលយើងធ្វើការ ដល់យប់ហាត់។ នេះមើលឃើញថា ភាពដឹកនាំដើម្បីឲ្យប្រជាជន ដើម្បីឲ្យកូនខ្មែរងើបឈរ គឺថាមានសាមគ្គីភាពផ្ទៃក្នុង ឲ្យរឹងមាំ ដែលបំពាក់ខ្មែរហ្នឹង ឲ្យចេះការពារជាតិខ្លួនឯង។ យើងត្រូវចេះម្ចាស់ការ កសាងនិងការពារទឹកដីរបស់ខ្លួន»។
ក្រៅពីវិស័យការពារទឹកដី ដែលរួមមានការទាមទារយកមកវិញនូវខេត្តមួយចំនួន រួមទាំងប្រាសាទព្រះវិហារពីប្រទេសថៃផងនោះ ថ្វីបើក្នុងសម័យកាលរបស់ព្រះអង្គ កម្ពុជាបានបាត់បង់កម្ពុជាក្រោមទៅឲ្យយៀកណាមក្តី សមិទ្ធិជាច្រើនបានត្រូវកសាងឡើងក្រោមការដឹកនាំរបស់ព្រះអង្គតាមបន្ទាត់នយោបាយសង្គមរាស្ត្រនិយម។
បើគេបើកទំព័រ «អនុស្សាវរីយ៍សង្គម» នៃវ៉ឹបសៃថ៍ norodomsihanouk.info របស់ព្រះមហាវីរក្សត្រ គេនឹងមើលឃើញរូបភាពនៃសមិទ្ធិសង្គមដ៏ច្រើនសន្ធឹកសន្ធាប់កើតឡើងក្នុងវិស័យផ្សេងៗយ៉ាងសំបូរបែបបំផុត។ រូបថតកាត់យកពីកាសែតជាតិនិងអន្តរជាតិនានាបង្ហាញពីការចម្រើនជឿនលឿនរបស់ប្រទេសក្នុងវិស័យអប់រំ វិស័យឧស្សាហកម្មនិងកសិកម្ម។
លោក ឆេង អាង រំឭកពីវិស័យកសិកម្មក្នុងសម័យសង្គមដូច្នេះ ៖ «នៅពេលដែលយើងរំដោះរួចហើយ ដូចថា យើងបានឯករាជ្យហើយ នៅឆ្នាំទី ៥៣ មក ៥៦, ៥៧ហ្នឹង គឺខ្ញុំបានចូលរៀននៅមធ្យមសិក្សាហើយ អ៊ីចឹងយើងឃើញថា ព្រះអង្គលោកអភិវឌ្ឍស្រុកទេស។ អភិវឌ្ឍហ្នឹង គឺចាប់អារម្មណ៍នៅលើវិស័យកសិកម្ម អ៊ីចឹងយើងឃើញហ្នឹង ដូចការដឹកនាំរបស់សម្ដេចនាយកសព្វថ្ងៃនេះ គឺថា លោកច្រើនចុះទៅកសិដ្ឋាន យើងឃើញលោកគង់នៅលើត្រាក់ទ័រ នៅលើអីហ្នឹង»។
ទំព័រអនុស្សាវរីយ៍សង្គមដដែលនោះ ក៏បង្ហាញឲ្យឃើញថា សម័យសង្គមរាស្ត្រនិយមរបស់ព្រះមហាវីរក្សត្រខ្មែរអាចផលិតកង់ឡានផលិតអាហារកំប៉ុងដំឡើងរថយន្តដឹកជញ្ជូនធុនធំ រថយន្តហ្ស៊ីបផលិតកង់ម៉ូតូម៉ប៊ីឡែត លួស ដែកស័ង្កសី ក្តារបន្ទះបានដោយខ្លួនឯង។
ក្រោយព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០ អតីតព្រះមហាក្សត្រដែលពេលនោះជាប្រមុខរដ្ឋបានត្រូវទម្លាក់ពីអំណាច ហើយទ្រង់បានចូលដឹកនាំការតស៊ូប្រឆាំងក្រុមសាធារណរដ្ឋខ្មែររហូតដល់ខ្មែរក្រហម ប៉ុលពត ឈ្នះ ហើយបន្ទាប់មក ព្រះអង្គក៏ត្រូវខ្មែរក្រហមឃុំឃាំងឲ្យប្រថាប់នៅតែក្នុងព្រះបរមរាជវាំង។
ក្រោយប្រទេសយៀកណាមចូលមករំដោះកម្ពុជាពីរបបខ្មែរក្រហម ហើយបន្តកាន់កាប់កម្ពុជាពីចុងឆ្នាំ១៩៧៨ ដល់១៩៨៩ ថ្វីបើព្រះអង្គប្រកាសថា មិនទុកចិត្តខ្មែរក្រហម តែសម្តេចសីហនុ ក៏បានចូលរួមចលនាតស៊ូជាមួយខ្មែរក្រហមម្តងទៀតដើម្បីបណ្តេញយៀកណាមចេញពីកម្ពុជា។
ព្រះអង្គបានធ្វើមាតុភូមិនិវត្តន៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ បន្ទាប់ពីបានគង់នៅក្រៅប្រទេសអស់១៣ឆ្នាំ។ នៅឆ្នាំ១៩៩៣ ព្រះអង្គបានឡើងគ្រងរាជ្យជាលើកទី២ តែក៏បានដាក់រាជ្យថ្វាយព្រះរាជបុត្រនៅឆ្នាំ២០០៤ ក្នុងព្រះជន្មាយុ ៨២វស្សា។
នៅក្នុងជីវិតនយោបាយរបស់ព្រះអង្គមានទាំងអ្នកកោតសរសើរនិងទិតៀន។ មជ្ឈដ្ឋានខ្លះ យល់ថា ព្រះអង្គបានប្រព្រឹត្តខុសចំពោះប្រជាជាតិដែលទ្រង់បានអំពាវនាវឲ្យខ្មែរចូលព្រៃម៉ាគីប្រឆាំងលន់នល់ ឬក៏ចោទថា ព្រះអង្គជាប្រភពនៃមហន្តរាយខ្មែរក្រហម។
លោក ឆេងអាង ដែលធ្លាប់រស់នៅក្នុងរបបសង្គមមានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគិតថា អ្នកដែលមានកំហុស ហើយនិងអ្នកដែលគេទទួលស្គាល់ថា ..... ដោយសារថា អ្នកនោះឯងបានធ្វើច្រើន ហើយទង្វើនេះវាមិនមែនថា សុទ្ធតែវិជ្ជមានទាំងអស់ទេ តែធ្វើទៅយើងខំប្រឹង។ ការខំប្រឹងវាមិនមែនទៅត្រង់ទេ អ៊ីចឹងដើម្បីឲ្យឈានទៅដល់អានោះ បើវាមានភក់ យើងគេចឲ្យផុតពីភក់ ដើរមកខាងឆ្វេងមកបានវាទៅដល់គោលដៅរបស់យើង។ ខ្ញុំយល់ថា រាល់ទង្វើទាំងអស់ហ្នឹង វាមិនផុតពីការទិតៀនទេ ប៉ុន្តែរឿងសំខាន់បំផុត ធ្វើម៉េចចុងក្រោយឲ្យមានលទ្ធផល លូតលាស់រីកចម្រើន»។
ថ្វីបើក្នុងទស្សនៈមជ្ឈដ្ឋានភាគច្រើន ភាពអស្ចារ្យរបស់ព្រះមហាវីរក្សត្រពុំអាចប្រៀបផ្ទឹមបាននឹងចេស្តាព្រះបាទជយវរ្ម័នទី៧ ខ្មែរប្រុស-ស្រីដែលជាកូនជាចៅជាចៅទួតព្រះអង្គក៏នៅគោរពស្រឡាញ់សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់ពួកគេ ប្រាថ្នាឲ្យព្រះមហារាជប្រកបដោយទីឃាយុជារៀងដរាប។
លោក រាន រាត់ ពីភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ថ្វាយព្រះពរដល់ព្រះអង្គក្នុងឱកាសចម្រើនព្រះជន្មលើកនេះដូច្នេះ ៖ «សូមឲ្យសម្ដេចដែលជាថ្នាក់ដឹកនាំចាស់យូរហើយហ្នឹង ជាពុកម៉ែ ដែលបីបាច់ថែរក្សាកូនចៅបានយូរអង្វែងមកហើយ សូមជូនពរឲ្យគាត់អាយុវែង ដើម្បីគ្រប់គ្រងប្រទេសជាតិឲ្យបានយូរអង្វែង»។
លោក ឡាច ឈួន អាយុ ៣១ឆ្នាំ ៖ «ជូនពរព្រះអង្គ ឲ្យព្រះអង្គមានព្រះជន្មយឺនយូរ ឲ្យបាននៅគង់វង្ស ថែរក្សាកូនចៅទៀត»។
អ្នកស្រី ទន់ សាន អាយុ៤០ឆ្នាំ ថ្លែងដូច្នេះថា ៖ «ជូនពរឲ្យសម្ដេចតាអាយុវែងជាងរយព្រះវស្សា»។
អនុសេនីយ៍ទោ វិន នល់ នាយរងផ្នែកនគរបាលសេដ្ឋកិច្ច មានប្រសាសន៍ដូច្នេះ ៖ «ក្នុងនាមខ្ញុំបាទជាកូន ជាចៅរបស់ព្រះអង្គ គ្មានអ្វីក្រៅពីម្រាមដៃ ១០ ធ្វើការបួងសួងអធិដ្ឋានដល់អង្គបារមី ដើម្បីជួយជ្រោមជ្រែងថែរក្សា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ឲ្យមាននូវសុខភាពល្អ អាយុវែងយឺនយូរជាងរយព្រះវស្សា ដើម្បីដឹកនាំកូនចៅ ចៅទួត ទៅកាន់ភាពភ្លឺស្វាងរុងរឿង»។
កញ្ញា អាហ៊ាង អាយុ១៩ឆ្នាំ ថ្លែងថ្វាយព្រះពរសម្ដេចព្រះមហាវីរក្សត្រ ដូច្នេះថា ៖ «នាងខ្ញុំសូមជូនពរឲ្យសម្ដេចឪ មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ»។
ព្រះតេជគុណ សឹង ថៃ ព្រះជន្ម ២៧វស្សា ៖ «ក្នុងនាមអាត្មាភាព ក៏សូមជូនពរឲ្យព្រះអង្គ មានព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ត្រជាក់ ដល់កូនចៅ ចៅទួត ដែលរស់នៅក្នុងទឹកដីកម្ពុជាយើងនេះ»៕