តុលាការ​កំពូល​បើក​សវនាការ​រឿង​ដីធ្លី​នៅ​កោះ​ពេជ្រ

នៅ​ថ្ងៃ​ទី​២ ខែ​សីហា​នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​កាត់​ក្តី​រឿង​ទំនាស់​ដី​រវាង​ប្រជា​ជន​ពីរ​​គ្រួសារ​នៅ​កោះ​ពេជ្រ ដែល​ប្រឆាំង​តវ៉ា​ជា​មួយ​រដ្ឋាភិបាល​រឿង​រឹប​អូស​យក​ដីធ្លី។

0:00 / 0:00

តុលាការ​កំពូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​សីហា​នេះ បាន​បើក​សវនាការ​ជម្រះ​ក្តី លើ​សំណុំ​រឿង​រដ្ឋប្បវេណី​មួយ រវាង​ប្រជា​ពលរដ្ឋ ចំនួន​២​គ្រួសារ អតីត​អ្នក​រស់​នៅ​កោះ​ពេជ្រ ដែល​មាន​សាលា​ក្រុង​ភ្នំពេញ គឺ​ជា​អ្នក​ដើម​បណ្ដឹង គឺ​ពួក​គាត់​មិន​ទាន់​បាន​ទទួល​ប្រាក់​សំណង​ជំងឺ​ចិត្ត ពី​សាលា​ក្រុង​ភ្នំពេញ​នៅ​ឡើយ ក្រោយ​ពី​សាលា​ក្រុង​បាន​រឹបអូស​យក​ដី​របស់​ពួក​គាត់​នៅ​កោះ​ពេជ្រ តាំង​ពី​ឆ្នាំ​២០០៤​មក។

ក៏​ប៉ុន្តែ​តុលាការ​កំពូល​នេះ មិន​ទាន់​បាន​ប្រកាស​សាលដីកា​ទេ នៅ​ថ្ងៃ​ទី​២ ខែ​សីហា​នេះ ហើយ​គេ​នឹង​ប្រកាស​សាលដីកា​នេះ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា​ខាង​មុខ។

កោះពេជ្រ២០០
រាត្រី​នៅ​កោះ​ពេជ្រ

ប្រជា​ពលរដ្ឋ​ចំនួន​២​គ្រួសារ មាន​ឈ្មោះ សូវ ហាក់ និង សូវ ឆាយ បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​ថា លោក​បាន​ទិញ​ដីធ្លី​ចំនួន​ជាង ២​ហិកតារ នៅ​លើ​កោះ​ពេជ្រ​នោះ នៅ​ឆ្នាំ​២០០៤​កន្លង​មក ដោយ​មាន​ការ​ដឹង​ឮ និង​ទទួល​ស្គាល់​ជា​លាយលក្ខណ៍​អក្សរ ពី​អាជ្ញាធរ​ដែន​ដី ដូច្នេះ​សាលា​ក្រុង​ត្រូវ​តែ​ដោះ​ស្រាយ​សំណង​ជំងឺ​ចិត្ត​តាម​តម្លៃ​ទីផ្សារ​សេរី។

មេធាវី​ការពារ​ក្ដី​ឲ្យ​គ្រួសារ​ចំនួន​២​គ្រួសារ គឺ​លោក ចាន់ សុជាតិ បាន​មាន​ប្រសាសន៍​ក្រោយ​ពី​សវនាការ​នោះ​ថា ៖ «បើ​សិន​ជា​រដ្ឋ​ចេះ​តែ​រឹប​អូស​យក​ដី​កោះ​អ៊ីចឹង។ ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ប៉ះ​ពាល់​ភាគ​ច្រើន​ណាស់ ព្រោះ​ថា ស្រុក​ខ្មែរ​យើង​មាន​កោះ​ច្រើន នៅ​ដែន​ទន្លេ និង​ដែន​សមុទ្រ​ដែរ»

កាល​ពី​ឆ្នាំ​២០០៤ សាលា​ក្រុង​ភ្នំពេញ បាន​រឹប​អូស​យក​ដី​ទំហំ​ជាង​១០០​ហិកតារ​ពី​ប្រជា​ជន​ចំនួន ៣០៧​គ្រួសារ​នៅ​កោះ​ពេជ្រ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ ដោយ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ក្នុង​តម្លៃ​ថោក។ តែ​យ៉ាង​ណា​ក្តី ប្រជា​ជន​ទាំង​អស់ បាន​យល់​ព្រម​ទទួល​សំណង​នោះ​ដោយ​បង្ខំ​ចិត្ត លើក​លែង​តែ​ពីរ​គ្រួសារ​នេះ។

រឿង​វិវាទ​ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​នេះ គ្រួ​សារ​ចំនួន​ពីរ​នេះ មាន​ដីធ្លី​សរុប​ជាង​២​ហិកតារ នៅ​តែ​បន្ត​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត ចំនួន​២៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ លើ​ផ្ទៃ​ដី​ជាង​២​ហិកតារ​របស់​ពួក​គាត់ ដោយ​ផ្អែក​តាម​ការ​វាយ​តម្លៃ​ដីធ្លី​របស់​ក្រុមហ៊ុន PLCកន្លង​មក។

សាលា​ក្រុង​ភ្នំពេញ​បាន​ចេញ​ថ្លៃ​សង​ជំងឺ​ចិត្ត​ក្នុង​តម្លៃ ៦.៧៥​ដុល្លារ​អាមេរិក ក្នុង​១​ម៉ែត្រ​ការ៉េ សម្រាប់​គ្រួសារ​ដទៃ​ទៀត​កន្លង​មក។

សាលា​ក្រុង​ភ្នំពេញ គឺ​ជា​ដើម​បណ្ដឹង។ រី​ឯ​ប្រជា​ពលរដ្ឋ ២​គ្រួសារ​ដែល​រង​ការ​ប្ដឹង​នោះ មាន​ឈ្មោះ សូវ ហាក់ និង សូវ ឆាយ ជា​ឪពុក និង​កូន។

ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​កំពូល លោក ហ៊ីង ធិរិទ្ធ បាន​បន្ទោស​ថា ដើម​ភ្លើង​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​ករណី​នេះ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​ដែន​ដី បាន​ទទួល​ស្គាល់​ការ​ទិញ និង​លក់​ដីធ្លី ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ មាន​ដូច​ជា​កោះ​ជា​ដើម។

មេធាវី​ការ​ពារ​ក្តី​ឲ្យ​សាលា​ក្រុង​ភ្នំពេញ គឺ​លោក យឹម សារី បាន​មាន​ប្រសាសន៍​ថា ៖ «វា​សំខាន់ វា​នៅ​តែ​តម្លៃ​ទេ។ អត់​មាន​អី​ខុស​ប្លែក​ពី​ហ្នឹង​ទេ វា​តម្លៃ​ទេ។ ខ្ញុំ​អត់​ដឹង​ជា​សេចក្ដី​សម្រេច​របស់​តុលាការ»

សាលា​ក្រុង​ភ្នំពេញ បាន​សម្រេច​ជួល​កោះ​ពេជ្រ​នេះ ទំហំ​ជាង​១០០​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​មួយ ឈ្មោះ OCIC ក្នុង​តម្លៃ ៦៣​ដុល្លារ​អាមេរិក ក្នុង​១​ម៉ែត្រ​រការ៉េ សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ។

កោះ​ពេជ្រ​នេះ នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។ បច្ចុប្បន្ន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​កម្សាន្ត​ដ៏​ទំនើប៕