លោក ហុង វិណុល បានបន្តថា មន្ត្រីមានសមត្ថកិច្ចកំពុងចុះល្បាតជុំវិញកន្លែងកើតហេតុនោះដើម្បីស៊ើបរកភស្តុតាងដែលនាំឲ្យមានកើតរឿងធ្វើឲ្យមនុស្សស្លាប់ និងរបួស។
អនុប្រធាននាយកដ្ឋានចារកម្មនៃក្រសួងមហាផ្ទៃ ឧត្ដមសេនីយ៍ត្រី យឹម សារុំ មានប្រសាសន៍ថា សាកសពដែលមិនមានសាច់ញាតិ និងមិនដឹងអត្តសញ្ញាណ សមត្ថកិច្ចកំពុងផ្ដិតយកគ្រប់ម្រាមដៃសាកសព ដើម្បីរកក្រុមគ្រួសារ និងអត្តសញ្ញាណសព តាមរយៈក្រយៅដៃអត្តសញ្ញាណប័ណ្ណ ដែលមានក្នុងម៉ាស៊ីនកុំព្យូទ័ររបស់ក្រសួងមហាផ្ទៃ។
នាយរងការិយាល័យមន្ទីរពេទ្យព្រះកេតុមាលា លោកស្រីវេជ្ជបណ្ឌិត អាន អាន់ មានប្រសាសន៍ថា មន្ទីរពេទ្យនេះបានទទួលព្យាបាលជនរងគ្រោះថ្នាក់ពីកោះពេជ្រ ៥៦នាក់ ក្នុងនោះបានស្លាប់ ១៤នាក់ ប្រុស៣នាក់ ស្រី១១នាក់។ លោកស្រីថា សព១៤នាក់ មាន៣នាក់ ស្រី២ ប្រុសម្នាក់ ត្រូវបានរកឃើញក្រុមគ្រួសារ និងបានបញ្ជូនសពទៅដល់ផ្ទះនៅអំពែភ្នំ ខែត្រកំពង់ស្ពឺម្នាក់ និងអរិយក្សត្រម្នាក់ និងអង្គស្នួល ខេត្តកណ្ដាលម្នាក់។ សព៣នាក់ទៀត មានសាច់ញាតិមកបញ្ជាក់សពនៅខេត្តកណ្ដាល ស្រុកល្វាឯម ម្នាក់ឧត្តរមានជ័យម្នាក់ និងតាកែវ ស្រុកសំរោងម្នាក់។ ក្រៅពីនោះ មិនទាន់មានបងប្អូនមកទាក់ទងនៅឡើយ។ ចំណែកអ្នករបួសមានបងប្អូនកំពុងជួយមើលថែទាំ ប៉ុន្តែមានអ្នករបួសភេទស្ត្រីម្នាក់កំពុងធ្លាយពោះវៀន ដែលសង្ឃឹមរស់តិច។
នាយករងមន្ទីរពេទ្យព្រះកុសុមៈ វេជ្ជបណ្ឌិត សេក សុខឿន មានប្រសាសន៍ថា អ្នកជំងឺបានស្លាប់ក្នុងមន្ទីរពេទ្យនោះ ក្រោយឧបទ្ទវហេតុគ្រោះថ្នាក់នៅកោះពេជ្រ មានចំនួន ៤៩នាក់ ក្នុងនោះបានរកឃើញសាច់ញាតិអ្នកស្លាប់បាន ៤២នាក់។ អ្នកស្លាប់ទាំងនោះ មានស្រី ៣១នាក់ ប្រុស១៨នាក់។ អ្នករបួសមាន ៨៧នាក់ ប្រុស ៥៣នាក់ ស្រី៣៤នាក់។ លោកថាការជួយសង្គ្រោះអ្នករបួសបានប្រើសេរ៉ូមរបស់រដ្ឋអស់ ១៥កែស។ សពដែលស្លាប់ និងអ្នករបួសភាគច្រើនមានអាយុក្រោម ៣០ឆ្នាំ៕