សាក្សី ឌុច ថ្លែងថា នៅសម័យខ្មែរក្រហមគ្រប់គ្រងអំណាច គេបានឱ្យមនុស្សរាល់គ្នាកាត់ផ្ដាច់មនោសញ្ចេតនាចំពោះគ្រួសារ ដូចដែលជនជាប់ចោទ នួន ជា សម្រេចចាប់ក្មួយបង្កើតរបស់គាត់ដូច្នោះដែរ។
ការបញ្ជាក់របស់សាក្សី ឌុច ត្រង់នេះ គឺជាការឆ្លើយតបទៅនឹងសំណួរចៅក្រមអន្តរជាតិ ដែលលើកយកឯកសារកត់ត្រារបស់បុគ្គលិក ស-២១ ម្នាក់ឈ្មោះ ចាន់ មកសួរគាត់។
សាក្សី ឌុច បានអានកំណត់ហេតុនោះថា បក្សកុម្មុយនិស្តកម្ពុជា បានចាត់ទុកការមានមនោសញ្ចេតនាចំពោះគ្រួសារ ដូចជាប្រពន្ធកូន ឬប្ដី គឺជាការរាំងស្ទះដល់ការងារកសាងប្រទេសជាតិ៖ «បើស្រឡាញ់ត្រូវលះបង់មនោសញ្ចេតនានេះ។ បក្សយើងធ្វើគំរូបដិវត្តន៍សតិអារម្មណ៍ជាប់។ បងលេខ ២ ចាប់ក្មួយគាត់ឈ្មោះ សាត»។
សាក្សី ឌុច បានបន្តថា មនោគមវិជ្ជាបក្សកុម្មុយនិស្តកម្ពុជា បានឱ្យមនុស្សរាល់គ្នាដឹងគុណបក្សធំ និងសំខាន់ជាងគុណម៉ែឪ។ គាត់លើកឡើងថា ឪពុកម្ដាយជាអ្នកបង្កើតកូនចៅ ប៉ុន្តែបក្សទេជាអ្នកគ្រប់គ្រង។
ចំពោះសំណួរ ដែលសួរថា តើបក្សកុម្មុយនិស្តកម្ពុជាអនុវត្តគោលការណ៍អនុគ្រោះដល់ប្រភេទខ្មាំងខ្លះឬទេ? សាក្សី ឌុច បញ្ជាក់ថា គ្មានទាល់សោះ ហើយតាមការអនុវត្តជាក់ស្ដែង គឺមនុស្សណាដែលត្រូវចាត់ទុកថាជាខ្មាំង បក្សបញ្ជាឱ្យសម្លាប់ទាំងអស់។
ឌុច បញ្ជាក់ថា នៅពេលនោះ សូម្បីតែក្មួយបង្កើតរបស់ជនជាប់ចោទ នួន ជា ក៏ត្រូវចាប់យកទៅសម្លាប់ដែរ៖ «បក្សសម្រេចចាប់ខ្លួន ៤ នាក់។ ក្មួយស្រីបង្កើតរបស់ នួន ជា ២ នាក់ ហើយក្មួយប្រសារ ២ នាក់។ ក្មួយស្រីបង្កើតរបស់ នួន ជា ទាំងពីររូបជាដុកទ័រទៅរៀននៅស្រុកចិន។ ទាំង២នាក់ធ្វើការនៅពេទ្យ ១៧ មេសា ដែលបច្ចុប្បន្ននេះប្រែឈ្មោះមកជាពេទ្យមិត្តភាពខ្មែរ-សូវៀត»។
សាក្សី ឌុច បានចោទ ប៉ុល ពត និង នួន ជា ថាជាមនុស្សតែ ២ នាក់ ដែលសម្រេចអ្នកទាំងនោះ។ ឌុច បន្តថា មានសមាជិកគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជាខ្លះ ដូចជាឈ្មោះ វន វ៉េត ត្រូវសម្លាប់ផ្ដាច់ពូជ។
របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត នួន ជា និងកម្មាភិបាលជាន់ខ្ពស់មួយចំនួនទៀត បានធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ជិត ២ លាននាក់ ដោយសារអត់អាហារ ការបង្ខំឱ្យធ្វើការ និងការសម្លាប់រង្គាល ព្រោះតែការចាត់ទុកអ្នកទាំងនោះជាខ្មាំងរបស់បក្ស។
សវនាការនៅថ្ងៃទី ៣ មេសា ក្រៅពីការសួរបញ្ជាក់អំពីគោលការណ៍បក្សកុម្មុយនិស្តកម្ពុជា ក្នុងការកំណត់ប្រភេទខ្មាំង អង្គជំនុំជម្រះបានសួរបញ្ជាក់សាក្សី ឌុច លើបញ្ហាផ្សេងៗ មួយចំនួនទៀតដែរ ដូចជា បញ្ហាទាក់ទងទៅនឹងការគ្រប់គ្រងមន្ទីរ ម១៣ នៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ១៩៧១ ដល់ ១៩៧៥ និងអំពីរចនាសម្ព័ន្ធរដ្ឋបាលរបស់របបកម្ពុជាប្រជាធិបតេយ្យជាដើម។
សាក្សី ឌុច នឹងត្រូវផ្ដល់សក្ខីកម្មជាបន្តទៀតនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១២ ដែលគាត់នឹងត្រូវប្រឈមនឹងសំណួរដេញដោលពីភាគីមេធាវីការពារក្ដីឱ្យជនជាប់ចោទ នួន ជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។