ផ្លូវដែលតភ្ជាប់ពីចម្ការហ្លួងទៅកាន់ទីរួមខេត្តកោះកុងនោះមានប្រវែង ១៥២គីឡូម៉ែត្រ ដែលត្រូវចំណាយអស់ជាទឹកប្រាក់ចំនួន ២១លានដុល្លារ និងស្ពានចំនួន ៤ រួមមាន ស្ពានស្រែអំបិល ប្រវែង ៤២០ម៉ែត្រ ស្ពានអណ្ដូងទឹក ប្រវែង ២៧០ម៉ែត្រ ស្ពានត្រពាំងរូង ប្រវែង ៤៨០ម៉ែត្រ និងស្ពានព្រែកតាតៃ ដែលមានប្រវែង ៣៩០ម៉ែត្រ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «សូមថ្លែងនូវអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលផ្ដល់ឲ្យកម្ពុជានូវផ្លូវមួយខ្សែនេះ ហើយដែលជាផ្លូវយុទ្ធសាស្ដ្រធំបំផុត ដែលខ្ញុំព្រះករុណាខ្ញុំថា នេះគឺជាប្រវត្តិជោគជ័យនៃនយោបាយរបស់រាជរដ្ឋាភិបាលជារួម ហើយដោយឡែករបស់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីបញ្ចប់ទុក្ខសោកនៃអ្នកដែលរស់នៅក្នុងតំបន់កោះកុង និងភ្ជាប់អ្នកកោះកុងទៅជាមួយនឹងតំបន់ភាគកណ្ដាលរបស់ប្រទេស ។ ប៉ុន្តែមិត្តថៃមិនមែនគ្រាន់តែបានផ្ដល់ផ្លូវនេះទេ បាននិងកំពុងបន្តសាងសង់ផ្លូវលេខ៦៧ ពីអន្លង់វែងមកសៀមរាប ហើយដែលផ្លូវពីជាំស្រងាំមកអន្លង់វែង បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ តភ្ជាប់ផ្លូវនេះមួយខ្សែទៀត ។ ឥឡូវកំពុងចរចាផ្លូវលេខ៦៨ សូមជំរុញការចរចាឲ្យបានឆាប់ ឯកឧត្ដម... បានប្រាប់ហើយផ្តល់ឥណទាន ១៤០០លានបាត ធ្វើពីអូរស្មាច់មកក្រឡាញ់ ហើយសង្ឃឹមថានឹងបើកការដ្ឋានចុងឆ្នាំនេះ» ។
ស្ពាននិងផ្លូវនេះត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលថៃ ។
អ្នកបើកបររថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តកោះកុងម្នាក់ ឈ្មោះ ទូច ប្រុស បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានកសាងផ្លូវ និងស្ពានពីព្រែកហ្លួង ទៅទីរួមខេត្តកោះកុងនេះ ។ ប៉ុន្តែលោកបានបន្ថែមថា តាមរយៈការពិនិត្យជាក់ស្ដែងរបស់លោក បើទោះបីជាផ្លូវនេះទើបតែត្រូវបានស្ថាបនា និងសម្ពោធឲ្យប្រើប្រាស់ក៏ដោយចុះ ក៏ផ្លូវនេះ បានចាប់ផ្ដើមខូចបាត់ទៅហើយ ដោយសារបញ្ហាគុណភាព និងបច្ចេកទេស ។
លោក ទូច ប្រុស បានឲ្យដឹងថា ៖ «អរគុណហើយដែលថាគេបានធ្វើឲ្យ ប៉ុន្តែធ្វើមើលទៅដូចគ្មានគុណភាព ជាក់ស្ដែង បើឡានរត់ទៅមុខខូចក្រោយ រត់ទៅក្រោយខូចមុខ រួចផ្លូវរត់ទៅរលាក់ម៉ាំងៗៗដូចនេះអ៊ីចឹង ធ្វើដូចអត់មានអីកិនអ៊ីចឹង ។ បានគេធ្វើឲ្យ យើងវាអរហើយ ព្រោះពីមុនមកយើងមិនដែលមានផ្លូវហ្នឹងទេ ។ វាចាប់របើកដុំៗ អាហ្នឹងអត់ទាន់មានឡានធំរត់ផង ។ ទើបតែសម្ដេចមកហ្នឹងទេ នាំគ្នាយកអីមក ដូចថាចេះតែបិទៗអាខូចតិចៗហ្នឹងណា៎» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា មានផ្លូវគិតជាប្រវែងប្រមាណ ៨០០គីឡូម៉ែត្រទៀត ស្ថិតនៅក្នុងគម្រោងសាងសង់ រួមមានផ្លូវជាតិលេខ៧៨ តភ្ជាប់ពីព្រំដែនវៀតណាម មកទីរួមខេត្តរតនគិរី ផ្លូវលេខ៧៦ តភ្ជាប់ពីស្នួលទៅមណ្ឌលគិរី ផ្លូវជាតិលេខ៨ថ្មី ពីខេត្តកណ្ដាល កាត់ខេត្តព្រៃវែងទៅព្រំដែនវៀតណាម ផ្លូវលេខ៥៧ តភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន និងព្រំដែនថៃ ផ្លូវលេខ៦២ ពីខេត្តសៀមរាបទៅខេត្តព្រះវិហារ ផ្លូវលេខ៦៧ ពីអន្លង់វែងទៅសៀមរាប និងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ៕