លោកមេធាវី ជូង ជូងី បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ថា លោកពេញចិត្តជួបនិយាយតទល់ផ្ទាល់ជាមួយមន្ត្រីតុលាការខេត្តកណ្តាល ដើម្បីបកស្រាយចំពោះការចោទប្រកាន់ថា លោកមានកំហុសក្នុងការជួយកូនក្ដីខ្លួនឲ្យរួចផុតពីពន្ធនាគារ។
លោកមេធាវីការពារក្ដីបាននិយាយថា លោកបានការពារកូនក្ដីដោយត្រឹមត្រូវតាមនីតិវិធីច្បាប់បានកំណត់ ហើយកូនក្ដីរបស់លោកបានរួចផុតពីពន្ធនាគារដោយសារចៅក្រមស៊ើបអង្កេតរបស់តុលាការខេត្តកណ្ដាល ចង់ឃុំកូនក្ដីរបស់លោកដោយមិនមានដីកាឃុំខ្លួនតាមច្បាប់ត្រឹមត្រូវ។
លោក ជូង ជូងី បានមានប្រសាសន៍ឲ្យដឹងថា មន្ត្រីតុលាការខេត្តកណ្ដាល មានកំហុសក្នុងការបំពេញនីតិវិធីការងារ ប៉ុន្តែបែរជាមករករឿងទំលាក់កំហុសមកលើរូបលោកដែលបានបំពេញភារកិច្ចត្រឹមត្រូវក្នុងការការពារកូនក្ដីរបស់លោកអោយរួចផុតពីការឃុំឃាំងមិនស្របច្បាប់ទៅវិញ។
កូនក្តីរបស់លោក ជូង ជូងី គឺលោក មាស ប៉េង ។ លោក មាស ប៉េង ជាជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមកពីគណបក្ស សម រង្ស៊ី។ លោកត្រូវតុលាការខេត្តកណ្តាល ចោទប្រកាន់ពីបទញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ាប្រឆាំងម្ចាស់ដីក្នុងជម្លោះដីមួយកន្លែងនៅខេត្តកណ្ដាល។
លោក មាស ប៉េង បានរៀបរាប់ឲ្យដឹងថា តុលាការខេត្តកណ្ដាល បានកោះហៅលោកទៅសាកសួរកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។ លុះដល់ថ្ងៃទី២៣ កញ្ញា ចៅក្រមតុលាការខេត្តកណ្ដាល បានចោទប្រកាន់លោកជាផ្លូវការ និងដឹកយកទៅឃុំនៅពន្ធនាគារដោយមិនមានដីកាឃុំខ្លួនត្រឹមត្រូវ។
លោក មាស ប៉េង បានរៀបរាប់អំពីការធ្វើដំណើរចាកចេញពីមន្ទីរឃុំឃាំងរបស់លោកថា មិនមានការរំដោះ ឬការជួយណាមួយដែលមិនត្រឹមត្រូវតាមវិជ្ជាជីវៈពីលោកមេធាវី ជូង ជូងី ឡើយ។
លោក ជូង ជូងី បានមានប្រសាសន៍ថា បើសិនជាការជួយកូនក្តីក្នុងនាមមេធាវីត្រូវមានទោសនោះ មិនមានមេធាវីណាម្នាក់ហ៊ានចេញមុខការពារកូនក្តីទៀតឡើយ។
ព្រះរាជអាជ្ញាខេត្តកណ្តាល លោក អុក គឹមសិទ្ធិ បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់លោក ជូង ជូងី ថា លោកពុំមានកំហុសក្នុងការជួយកូនក្តីនោះឡើយ។
ប៉ុន្តែលោក អុក គឹមសិទ្ធិ ត្រូវបានកាសែតក្នុងស្រុកឈ្មោះ The Cambodia Daily ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ដកស្រង់សំដីថា លោកមេធាវី ជូង ជូងី ត្រូវតុលាការចោទប្រកាន់ហើយ ពីបទផ្តល់ជំនួយ និងមធ្យោបាយដឹកជញ្ជូនឲ្យកូនក្តីគាត់ឈ្មោះ មាស ប៉េង រត់គេចខ្លួន។ តុលាការអះអាងថា សកម្មភាពជួយនោះមិនសមស្របជាមួយវិជ្ជាជីវៈរបស់ខ្លួនឡើយ ដោយបញ្ជាក់ថា សកម្មភាពនោះគឺរំលោភលើបទព្រហ្មទណ្ឌ។
លោក លឹម សុគន្ថា ជាចៅក្រមតុលាការខេត្តកណ្ដាល មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ ប៉ុន្តែកាសែតភ្នំពេញ ប៉ុស្តិ៍ បានដកស្រង់សំដីរបស់លោកដែលនិយាយថា លោកមានសិទ្ធិក្នុងការបញ្ជូនលោក មាស ប៉េង ទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីមានការសួរចម្លើយ ហើយដីកាឃុំខ្លួនអាចចេញភ្លាមៗ បន្ទាប់ពីនោះ។ លោកបានមានប្រសាសន៍ទៀតថា វាមិនលំបាកទេសម្រាប់ចៅក្រមក្នុងការចេញដីកាឃុំខ្លួននោះ។
លោកមេធាវី សុក សំអឿន ជានាយកអង្គការច្បាប់មួយឈ្មោះ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ លោកបានមានប្រសាសន៍ថា រឿងលោក ជូង ជូងី នេះ បើសិនជាគាត់បានការពារក្តីដោយត្រឹមត្រូវតាមវិជ្ជាជីវៈមែន ហើយបែរជាមានការចោទប្រកាន់ទៅវិញនោះ វាជាគំរូមិនល្អឡើយសម្រាប់មេធាវីផ្សេងទៀត។
លោក ជូង ជូងី បានឲ្យដឹងថា លោកនឹងតបតជាមួយមន្ត្រីតុលាការខេត្តកណ្ដាល ទាក់ទងការចោទរូបលោកពីបទល្មើសព្រហ្មទណ្ឌនោះ។ លោកបានរិះគន់ថា ចៅក្រមតុលាការខេត្តកណ្តាល កំពុងដើរតួជាអ្នកកាត់ក្ដីផង និងជាគូទំនាស់ផងក្នុងការប្ដឹងរូបលោកនោះ។
រឿងក្ដីរបស់លោក មាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ នេះ បានធ្វើឲ្យលោក ចាន់ ចេង តំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ត្រូវរដ្ឋសភាដកអភ័យឯកសិទ្ធិ ដើម្បីបើកផ្លូវឲ្យតុលាការកោះហៅទៅសាកសួរផងដែរ។ ប្រភពមន្ត្រីគណបក្ស សម រង្ស៊ី បានឲ្យដឹងថា មកទល់ពេលនេះលោក ចាន់ ចេង បានចាកចេញពីប្រទេសបាត់ទៅហើយ៕