ជម្លោះ​រវាង​នាយក​រដ្ឋមន្ត្រី​និង​តំណាង​រាស្ត្រ​ស្ត្រី​នៃ​បក្ស​ប្រឆាំង

អ្នក​តំណាង​រាស្ត្រ​ស្ត្រី​នៃ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ពី​បទ​បរិហារ​កេរ្តិ៍​លោកស្រី ចំណែក​ឯ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​នឹង​ប្ដឹង​តប​វិញ។

0:00 / 0:00

ស្រ្តី​ខ្មែរ​ដែល​ជា​អ្នក​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ស្រ្តី​ខ្មែរ​កំពូលៗ​ជា​ច្រើន​នាក់​បាន​រារែក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ជម្លោះ​រវាង​អ្នកស្រី មួរ សុខហួរ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​បន្ទាប់​អំពី​បណ្តឹង​មួយ​របស់​លោកស្រី មួរ សុខហួរ កាល​ពី​ពេល​ថ្មី​នេះ​ថា លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រមាថ​ដល់​តម្លៃ​ស្រ្តី​ខ្មែរ ហើយ​ជម្លោះ​នោះ​កំពុង​នាំ​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ព្យាយាម​ដក​អភ័យ​ឯកសិទ្ធិ​លោកស្រី​ទៅ​ទៀត។

ប្រធាន​អង្គការ​ស្រ្ដី​មាន​វិបត្តិ​ដែល​បាន​ធ្វើ​ការងារ​ច្រើន​ក្នុង​ការ​លើក​កម្ពស់​យេនឌ័រ​របស់​ស្រ្តី កញ្ញា សាយ វឌ្ឍនី បដិសេធ​ថា រឿង​របស់​លោកស្រី មួរ សុខហួរ ជា​រឿង​នយោបាយ គេ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ៖ «រឿង​ហ្នឹង​ពិបាក​និយាយ​ដែរ ព្រោះ​រឿង​ហ្នឹង​ដូច​ប៉ះពាល់​រឿង​នយោបាយ។ បើ​សិន​ខ្ញុំ​គិត​ទៅ ខ្ញុំ​ថា អត់​ចង់​មាន​មតិ​យោបល់​អី​ទេ»

ក្រសួង​កិច្ចការ​នារី​និង​កាកបាទ​ក្រហម​ដែល​មាន​មេដឹកនាំ សុទ្ធសឹង​ជា​ស្រ្តី​និង​បាន​ធ្វើ​ការងារ​ដង្ហែ​ក្បួន​ពេញ​ទីក្រុង​អំពី​សិទ្ធិ​ស្រ្តី​នៅ​រាល់​ពេល​ថ្ងៃ​សិទ្ធិ​នារី​នោះ ពេល​នេះ​មិន​លើក​ទូរស័ព្ទ​ឡើយ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី​ព្យាយាម​ទាក់ទង​តាំង​ពី​ព្រឹក​ដល់​ល្ងាច។

ដូច​គ្នា​នេះ​ដែរ មេដឹកនាំ​របស់​វិទ្យុ​ស្រ្តី FM 102 ដែល​តែង​ផ្សព្វផ្សាយ​អំពី​ការ​តស៊ូ​មតិ ហើយ​បាន​យក​លុយ​ពី​អន្តរជាតិ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជំរុញ​ទឹក​ចិត្ត​ស្រ្តី​ឲ្យ​ចូលរួម​ក្នុង​សង្គម​និង​មាន​កម្មវិធី​ច្រើន​ទៀត​សម្រាប់​ជួយ​ដល់​ស្រ្តី នៅ​ពេល​នេះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​អ្នកស្រី មួរ សុខហួរ ឡើយ។

ការ​រារែក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​រ៉ាវ​របស់​អ្នកស្រី មួរ សុខហួរ បាន​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​លោកស្រី មួរ សុខហួរ កំពុង​ត្រូវ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ព្រមាន​ដក​អភ័យ​ឯកសិទ្ធិ ក្រោយ​ពី​អ្នកស្រី​ព្រមាន​ប្តឹង​លោក​នាយក​រដ្ឋមន្រី្ត ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍ និង​ប្រមាថ​ដល់​ភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ដោយសារ​អ្នកស្រី​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឌឺ​ដង​នៅ​ក្នុង​ទី​សាធារណៈ​មួយ​នៅ​ខេត្ត​កំពត យ៉ាង​ដូច្នេះ​ថា ៖ «ពួក​បក្ស​ប្រឆាំង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍​ដើម្បី​វាយ​រដ្ឋាភិបាល​ទេ ហើយ​នៅ​កំពត​ហ្នឹង​មាន​ជើង​ខ្លាំង​មួយ​ជា​ស្រ្ដី ដែល​ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ឈ្មោះ​ទេ ព្រោះ​ស្ត្រី​ក៏​មាន​ស្រ្តី សោម គឹមសួរ អី​អ៊ីចឹង​ដែរ ជើង​ខ្លាំង​ហើយ។ ហើយ​ខ្លាំង​ហ្នឹង​មិន​មែន​ខ្លាំង​ខាង​ធ្វើ​អី​ទេ ខ្លាំង​ខាង​រក​រឿង បង្ក​រឿង​ជាប់ ញុះ​ញង់ បង្ក​ហេតុ សូម្បី​តែ​ឃោសនា​បោះឆ្នោត ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវអាវ។ ឆ្ងល់​អស់​ប៉ុណ្ណេះ​ទៅ​ទៀត។ ទៅ​ឡាំ​ប៉ា​ប្ដឹង​ផ្ដល់​គ្នា ពូ​កែ​ណាស់។ ប្រជុំ​គេ​មិន​ហៅ ក៏​ចូល​ដែរ។ ថ្ងៃ​ណា​មួយ​នោះ ខ្ញុំ​ត្រូវ​ចេញ​មក​វិញ បាន​ដឹង​ថា ទៅ​ដោយ​គេ​មិន​ហៅ ក៏​ទៅ​ដែរ។ អា​នេះ​បាន​គេ​ហៅ​ថា​ពួក​ប្រឆាំង​មុខ​ក្រាស កាប់ ១០០​តាំងតោ​ក៏​មិន​មុត​ដែរ មិន​ថា​ស្រី មិន​ថា​ប្រុស​ទេ​ដូច​គ្នា ហើយ​មេ​ម៉េច​កូន​អ៊ីចឹង»

បើ​ទោះ​បី​ជា​ស្ត្រី​មេដឹកនាំ​ជា​ច្រើន មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​រឿង​នេះ ក៏​មាន​ស្ត្រី​មួយ​ចំនួន បាន​រិះគន់​ថា ពាក្យ​ពេចន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​នឹង​នាំ​ឲ្យ​ស្រ្តី​បាក់​ទឹក​ចិត្ត ហើយ​ការ​ជំរុញ​យេនឌ័រ​នៅ​កម្ពុជា​នឹង​ជួប​បញ្ហា​មិន​ខាន។

កញ្ញា សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «មួរ សុខហួរ ជា​តំណាង​រាស្រ្ដ​មួយ ជា​ស្រ្តី​ដែល​បាន​តស៊ូ​មតិ​ចំពោះ​សិទ្ធិ​របស់​ស្រ្តី យើង​ឃើញ​ថា ប្រសិន​បើ​គេ​អាច​គាប​សង្កត់​គាត់ ហើយ​គាត់​មាន​ឋានៈ​ប៉ុណ្ណឹង​ហើយ គេ​អាច​គាប​សង្កត់​គាត់ នេះ​ជា​ការ​ឆ្លុះ​បង្ហាញ​អំពី​សភាព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ»

ប្រធាន​អង្គការ​សម្ព័ន្ធ​ដើម្បី​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា លីកាដូ លោកស្រី​វេជ្ជ​បណ្ឌិត ពុង ឈីវកេក បាន​សម្ដែង​ការ​សោក​ស្តាយ​ចំពោះ​ករណី​ជម្លោះ​ដែល​អាច​ឈាន​ដល់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​របស់​អ្នក​នយោបាយ​ខ្មែរ។ លោកស្រី​បន្ត​ថា ប្រសិន​បើ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នកស្រី មួរ សុខហួរ វា​អាច​បង្ហាញ​ពី​ការ​រើស​អើង​ចំពោះ​ស្រ្តី​ក្នុង​សង្គម​បច្ចុប្បន្ន។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «គោលដៅ​របស់​រដ្ឋាភិបាល​និង​គោលដៅ​របស់​គណបក្ស​ប្រឆាំង គឺ​ដូចគ្នា គឺ​ចង់​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​របស់​ស្រ្តី ព្រោះ​កុំ​ភ្លេច​ថា ប្រទេស​កម្ពុជា​យើង​បាន​ចុះ​សច្ចាប័ន​ជាមួយ​នឹង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ចំពោះ​នារី​ភេទ​តាំង​ពី ៩២។ ដូច្នេះ​អនុសញ្ញា​ហ្នឹង ដែល​អង់គ្លេស​គេ​ហៅ CEDAW ហ្នឹង បាន​និយាយ​ច្បាស់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រើស​អើង​ទៅ​លើ​ស្ត្រី​ទេ»

កម្មការិនី​រោងចក្រ ជៀន ពីង អ្នកស្រី ពូន ស្រីមុំ មាន​ប្រសាសន៍​ថា អ្នកស្រី​គាំទ្រ​ចំពោះ​គម្រោង​ដាក់​ពាក្យ​បណ្តឹង​របស់​អ្នកស្រី មួរ សុខហួរ ព្រោះ​ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ស្រ្ដី​ខ្មែរ ៖ «បើ​សិន​អ្នកស្រី​គាត់​ចង់​មាន​គំនិត​ថា ដើម្បី​រក្សា​កិត្តិយស​របស់​គាត់ គាត់​គិត​ថា គាត់​ប្ដឹង គឺ​ត្រឹម​ត្រូវ​របស់​គាត់​ដែរ​ហ្នឹង បើ​តាម​ការ​គិត​ខ្លួន​ខ្ញុំ​ផ្ទាល់»

គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​អ្នក​លឿង អ្នកស្រី ផាត់ សុធារី សម្ដែង​ពី​ការ​អស់​សង្ឃឹម​ចំពោះ​អនាគត​ប្រទេស​ជាតិ​នៅ​ពេល​ដែល​មាន​ជម្លោះ​រវាង​អ្នក​នយោបាយ​ជាន់​ខ្ពស់។

អ្នកស្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ជា​បុរស​គួរ​តែ​យោគ​យល់​ស្ត្រី​ឲ្យ​ច្រើន ព្រោះ​ស្ត្រី យេនឌ័រ»

អ្នកស្រី​វេជ្ជបណ្ឌិត ឡាក់ សុភាព មាន​ប្រសាសន៍​ថា រាល់​ការ​គាប​សង្កត់​និង​គំរាម​កំហែង​ណា​មួយ​មក​លើ​លោកស្រី មួរ សុខហួរ គឺ​ជា​ការ​បន្ទាប​តម្លៃ​ស្ត្រី​ខ្មែរ​យ៉ាង​ពិត​ប្រាកដ ៖ «គាត់​មិន​ឲ្យ​តម្លៃ​ស្ត្រី គាត់​បែរ​ជា​វាយ​តម្លៃ​ស្រ្តី​ដែល​ជា​អ្នក​ដឹកនាំ​ថ្នាក់​ជាន់​ខ្ពស់ អ៊ីចឹង​មាន​ន័យ​ថា គាត់​មិន​ឲ្យ​តម្លៃ​ស្ត្រី​ទូទាំង​ប្រទេស​តែ​ម្ដង»

តំណាង​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក អ្នកស្រី លឹម មុនី មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល។ ដំណោះស្រាយ​ណា​មួយ​ដែល​ខ្វះ​ភាព​យុត្តិធ៌ម​ក្នុង​ករណី​លោកស្រី មួរ សុខហួរ អាច​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ទូទៅ​មាន​ការ​រា​រែក​និង​ភ័យ​ខ្លាច។

អ្នកស្រី លឹម មុនី ថ្លែង​ដូច្នេះ​ថា ៖ «រាជ​រដ្ឋាភិបាល​យើង​កំពុង​តែ​មាន​គោលការណ៍​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ស្រ្តី​ដើម្បី​មាន​តួនាទី មាន​សេចក្ដី​ក្លាហាន មាន​ការ​ចេះ​ប្រើ​សិទ្ធិ អនុវត្ត​សិទ្ធិ ហើយ​និង​ការ​ជួយ​ផ្ដល់​ឱកាស​អំពី​សង្គម​យើង​ច្រើន​ណាស់។ គោលការណ៍​ទាំង​នេះ​ហើយ ដែល​ជា​គោលការណ៍​មួយ​ក្នុង​ការ​ជំរុញ​ស្ត្រី ហើយ​បើ​ស្រ្តី​មាន​សេចក្ដី​ក្លាហាន​នឹង​ធ្វើ​អ្វី​ផ្សេងៗ គួរ​តែ​នាំ​គ្នា​អនុវត្ត​នូវ​គោលការណ៍​នេះ»

នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ លោកស្រី មួរ សុខហួរ នឹង​ដាក់​ពាក្យ​បណ្តឹង​ជុំវិញ​រឿង​នេះ ចំណែក​ខាង​រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​បញ្ច្រាស​មក​វិញ​ដែរ ដោយ​ចោទ​ថា លោកស្រី​បង្ខូច​កិត្តិយស​នាយក​រដ្ឋមន្ត្រី។ ហើយ​មក​ដល់​ពេល​នេះ អ្នកស្រី មួរ សុខហួរ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា កន្លង​មក នៅ​ពេល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ស្រ្តី​ខ្មែរ​ត្រូវ​គេ​ជួញដូរ ឬ​វ៉ិបសាយថ៍​សរសេរ​រឿង​អាសអាភាស គេ​តែង​ឃើញ​មាន​ប្រតិកម្ម​ពី​សំណាក់​អង្គការ​ស្រ្តី​ជា​ច្រើន។

ប៉ុន្តែ ករណី​លោកស្រី មួរ សុខហួរ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ពី​សំណាក់​អង្គការ​ស្ត្រី​និង​ក្រសួង​កិច្ចការ​នារី​នៅ​ឡើយ​ទេ៕