នាយករដ្ឋមន្ត្រី​ដកហូត​ឡូត៍​នេសាទ​៣៥​កន្លែង​ពី​ក្រុមហ៊ុន​ឯកជន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដក​ហូត​ឡូត៍​នេសាទ​ចំនួន ៣៥​កន្លែង​ក្នុង​ខេត្ត​ចំនួន ៥ នៅ​ជុំវិញ​បឹង​ទន្លេ​សាប ពី​ក្រុមហ៊ុន​ឯកជន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១ បាន​ប្រកាស​ថា លោក​បាន​សម្រេច​ដក​ហូត​ឡូត៍​នេសាទ ៣៥​កន្លែង​នៅ​បឹង​ទន្លេ​សាប​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​រក្សា​ទុក និង​បង្កើន​ធនធាន​ត្រី​ទឹក​សាប​ឲ្យ​មាន​បរិមាណ​ច្រើន​សម្រាប់​រយៈពេល ៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ ពីព្រោះ​កន្លង​មក​បឹង​ទន្លេ​សាប​បាន​រង​ការ​នេសាទ​ខុស​ច្បាប់​យ៉ាង​អានាធិបតេយ្យ។

ការ​សម្រេច​ដក​ហូត​នេះ គឺ​ក្រោយ​ពី​ក្រុម​អធិការកិច្ច​របស់​អន្តរ​ក្រសួង​បាន​បើក​ការ​ស៊ើប​អង្កេត​អំពី​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​កន្លង​មក។ ឡូត៍​នេសាទ​ចំនួន ៣៥​កន្លែង​នោះ គឺ​នៅ​ក្នុង​ខេត្ត​ចំនួន ៥ នៅ​ជុំវិញ​បឹង​ទន្លេ​សាប ក្នុង​នោះ​មាន​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន បាន​មាន​ប្រសាសន៍​ថា ការ​ដក​ហូត​នេះ គឺ​មិន​ប៉ះពាល់​ដល់​ការ​នេសាទ​ប្រចាំ​ថ្ងៃ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ៖ «បើ​មិន​ដូច្នោះ​ទេ ទន្លេ​សាប​របស់​យើង​មិន​អាច​ស្ដារ​ឡើង​វិញ​បាន​ទេ។ អ៊ីចឹង​ទេ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ បាន​យល់​ព្រម​ជាមួយ​នឹង​គណៈកម្មការ​អធិការកិច្ច ដើម្បី​ដក​ហូត​ទាំង ៣៥​ឡូត៍​នេសាទ​នៅ​ខេត្ត​៥។ នេះ​ជា​រឿង​ខ្លោច​ចិត្ត​បំផុត​សម្រាប់​ធនធាន​ត្រី ធនធាន​មច្ឆា​ជាតិ​របស់​យើង»

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា លោក​អនុវត្ត​តាម​ការ​សម្រេច​នេះ ៖ «ប្រមុខ​រដ្ឋាភិបាល​លោក​ដក​ហើយៗ ជា​ពិសេស​យើង​ចាំ​មើល​ថា ក្រោយ​ពេល​ដក​ហើយ យើង​មក​សិក្សា​ទាំង​អស់​ឡើង​វិញ។ អា​ណា​ត្រូវ​ទុក អា​ណា​ត្រូវ​អភិរក្ស អា​ណា​ត្រូវ​កាត់​ឲ្យ​ប្រជាជន»។

ប្រធាន​ប្រតិបត្តិ​នៃ​សម្ពន្ធភាព​ដើម្បី​អភិវឌ្ឍន៍​ធនធាន​ជលផល​នៅ​កម្ពុជា លោក ឱម សាវ៉ាត បាន​មាន​ប្រសាសន៍​ថា វិធានការ​នេះ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ហើយ ពីព្រោះ​បទល្មើស​នេសាទ​ខុស​ច្បាប់​បាន​កើត​មាន​ឡើង​នៅ​បឹង​ទន្លេ​សាប​យ៉ាង​ធ្ងន់ធ្ងរ​តាំង​ពី​ឆ្នាំ​២០០០​មក។

លោក​បន្ត​ថា ៖ «ក៏​ប៉ុន្តែ​ក៏​វា​ប្រសើរ​ជាង​យើង​មិន​បាន​ដែល​ថា ធ្វើ​ទាន់​ពេល​វេលា​ដែរ។ នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត ហើយ​យើង​គាំទ្រ​ទាំង​ស្រុង​ទៅ​លើ​ដំណើរការ​នេះ។ យើង​សង្ឃឹម​ថា សហគមន៍​នេសាទ​ទាំង​អស់​លោក​នឹង​រួម​ចំណែក​ដើម្បី​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ដំណើរការ​គ្រប់គ្រង​កន្លង​មក​ប្រសើរ​ឡើង»

ប្រភព​ពី​សកម្មជន​ការពារ​ធនធាន​ជលផល​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ដក​ហូត​ឡូត៍​នេសាទ​ពី​ក្រុមហ៊ុន​ឯកជន​រួច​ម្ដង​ទៅ​ហើយ​នៅ​ឆ្នាំ​២០០០ កន្លង​ទៅ ចំនួន ៥៦% ដើម្បី​ប្រគល់​ឲ្យ​សហគមន៍​នេសាទ​គ្រប់គ្រង។ នៅ​សល់​ឡូត៍​នេសាទ​ចំនួន ៤៤% ទៀត ដែល​រដ្ឋាភិបាល​បាន​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បង្ក​ឲ្យ​មាន​បទល្មើស​នេសាទ​យ៉ាង​ធ្ងន់ធ្ងរ​កន្លង​មក។

ការ​ប្រកាស​ដក​ហូត​ឡូត៍​នេសាទ​ចំនួន ៣៥​កន្លែង​នៅ​បឹង​ទន្លេ​សាប​នៅ​ពេល​នេះ គឺ​ជា​លើក​ទី​២​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ចេញ​បទ​បញ្ជា​សំខាន់​មួយ លេខ ០១ បញ្ជា​ឲ្យ​អាជ្ញាធរ​នៅ​ខេត្ត​ចំនួន ៨ ជុំវិញ​បឹង​ទន្លេ​សាប ចាត់​វិធានការ​សង្គ្រោះ​បឹង​ទន្លេ​សាប​ជា​បន្ទាន់ ដោយ​រុះរើ​សម្រាស់ ធ្នស់ ព្រួល និង​សំណង់​កាត់​ទទឹង​បឹង​ទន្លេ ស្ទឹង ព្រែក អូរ និង​បឹងបួ​គ្រប់​ប្រភេទ។

មន្ត្រី​ជលផល​ចំនួន ៥​នាក់​នៅ​ខេត្ត​ចំនួន ៥ ជុំវិញ​បឹង​ទន្លេ​សាប ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ដក​ហូត​ចេញ​ពី​តំណែង កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៕