លោកបានប្រកាសដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានក្រោមជំនួយរបស់ប្រទេសចិន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រឆាំងនៅកម្ពុជា បានជូនពរគណបក្សភឿថៃ ប៉ុន្តែគណបក្សប្រឆាំងនោះបានឆ្លៀតឱកាសដាក់ផ្លែដាក់ផ្កាមកលើរូបលោក។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ផ្ទៃក្នុងរបស់បក្សប្រឆាំង សម រង្ស៊ី កំពុងតែបែកបាក់យ៉ាងធ្ងន់ធ្ងរនៅពេលនេះ ៖ «ហើយបើថា ខ្ញុំចាញ់ គឺខ្ញុំនឹងប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយជំរុញឲ្យប្រជុំសភាឲ្យបានឆាប់ បង្កើតរដ្ឋាភិបាលឲ្យបានឆាប់ ហើយខ្ញុំនឹងផ្ទេរតំណែងឲ្យ រដ្ឋមន្ត្រីទាំងអស់ត្រៀមរៀបចំខ្លួនចាំផ្ទេរតំណែងតាមក្រសួង»។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី គឺលោក សុន ឆ័យ បានមានប្រសាសន៍បំភ្លឺវិញថា លោកចង់ឃើញការបោះឆ្នោតនៅប្រទេសកម្ពុជា នៅឆ្នាំ២០១៣ ប្រកបដោយសេរី និងយុត្តិធម៌ដូចនៅប្រទេសថៃដែរ។
លោក សុន ឆ័យ បានទទួលស្គាល់ថា មានបញ្ហាផ្ទៃក្នុងរបស់គណបក្ស សម រង្ស៊ី ៖ «ហើយយើងសុំឲ្យមានការបោះឆ្នោតនៅប្រទេសកម្ពុជា មានរបៀបរៀបរយ យ៉ាងហោចណាស់ក៏ឲ្យបានដូចនៅប្រទេសថៃ។ ថា មានបញ្ហាផ្ទៃក្នុង មិនមែនតែចំពោះគណបក្ស សម រង្ស៊ី នោះទេ គណបក្សប្រជាជនក៏ធ្លាប់មានព័ត៌មានអំពីជម្លោះផ្ទៃក្នុងញឹកញាប់ធ្ងន់ធ្ងរច្រើនដងហើយ»។
សេចក្ដីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១ ថ្មីៗនេះ បានលើកឡើងចំនួន ៥ចំណុចដូចតទៅ៖ ទី១ ប្រជាជនថៃ ក៏ដូចកម្ពុជាដែរ ចង់ឃើញរបបដឹកនាំត្រូវបានផ្លាស់ប្ដូរ ទី២ ប្រជាជនថៃ និងកម្ពុជា ស្អប់ខ្ពើមរបបដឹកនាំចាក់ឫសនៅក្នុងប្រទេសរៀងៗខ្លួន ទី៣ ប្រជាជនថៃ និងកម្ពុជា ចង់បានយុត្តិធម៌សង្គម ទី៤ បើសិនណាមានការបោះឆ្នោតនៅឆ្នាំ២០១២ និងឆ្នាំ២០១៣ នៅកម្ពុជា គឺការបោះឆ្នោតនោះត្រូវតែមានតម្លាភាព និងសុចរិតដូចការបោះឆ្នោតនៅប្រទេសថៃផងដែរ ទី៥ សម្រាប់មេដឹកនាំគណបក្សប្រឆាំងណាមួយដែលការពារអ្នកក្រីក្រ និងត្រូវបានរស់នៅនិរទេសខ្លួននោះ ការអវត្តមានរូបកាយ គឺមិនសំខាន់ដូចគុណធម៌នោះទេ។
នៅគ្រាដែលកម្ពុជា តៀមរៀបចំការបោះឆ្នោតសាកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនោះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោក ជា ស៊ីម បានប្រកាសនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១ ថ្មីៗនេះថា គណបក្សនេះគាំទ្របេក្ខភាពរបស់លោក ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត៕