ចៅហ្វាយស្រុកជុំគីរី នៅខេត្តកំពត បានកោះហៅអ្នកសួរសំណួរ ២រូប មកជួបក្រោយពីបុរសទាំង ២រូបនោះ បានសួរសំណួរក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយអង្គការ អិន.ឌី.អាយ (NDI) នៅស្រុកជុំគីរី ខេត្តកំពត កាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនា ទាក់ទងថវិកាកសាងសំណង់ក្នុងស្រុកថា តើប្រាក់ទាំងនោះជារបស់គណបក្សប្រជាជនកម្ពុជា ឬក៏ជារបស់រដ្ឋាភិបាល និងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
អតីតគ្រូបង្រៀនសាលាបឋមសិក្សាវត្តអង្គចក ឈ្មោះ អ៊ុយ ណែត អាយុ ៦៤ឆ្នាំ បច្ចុប្បន្នជាប្រជាជនភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត មានប្រសាសន៍ថា មេភូមិបានមកប្រាប់គាត់ថា ឲ្យទៅជួបអភិបាលស្រុកជុំគីរី នៅរសៀលថ្ងៃអង្គារ ទី៧ មិថុនា អំពីការបញ្ចេញមតិក្នុងវេទិកាសាធារណៈ ៖ «ពីបញ្ហាដែលខ្ញុំសួរថា ថវិកាដែលបានមកធ្វើសមិទ្ធផលហ្នឹងតើមានលុយមកពីណា?»។
បុរសឈ្មោះ វ៉ាន់ យុទ្ធ អាយុ ៧០ឆ្នាំ រស់នៅភូមិត្រពាំងវែងដែរ បានឲ្យដឹងថា ក្នុងវេទិកាសាធារណៈកាលពីថ្ងៃ៤ មិថុនា គាត់បានសួរទៅវាគ្មិនតំណាងរាស្រ្ត មាន ២គណបក្ស គឺប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី ពីបញ្ហាកំណត់មិនច្បាស់លាស់ពីព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ទើបបង្កជម្លោះមកដល់សព្វថ្ងៃ។ នៅពេលអភិបាលស្រុកហៅគាត់ទៅសាកសួរ និងបានបំភ្លឺចម្ងល់របស់គាត់ គាត់បែរជាភ័យខ្លាចមានបញ្ហាចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។
លោក វ៉ាន់ យុទ្ធ បន្តថា ៖ «រយៈកាលកន្លងទៅហើយយើងឃើញថា មុននឹងបោះឆ្នោតតែងសម្លាប់មនុស្ស ហើយខ្ញុំក៏បារម្ភដែរ គឺដូចជាគណបក្ស សម រង្ស៊ី អស់ ២នាក់ទៅហើយមិនទាន់ដល់ពេលបោះឆ្នោតផង ហើយខ្ញុំខ្លាចបារម្ភក្រែងគេឲ្យប្រជាជនខ្លាច ដើម្បីធ្វើឃាតដល់បុគ្គលណាដែលលោតៗនៅក្នុងភូមិ ក្នុងឃុំនោះបាទ!»។
លោក អ៊ុយ ណែត ក្រោយពីបានជួបជាមួយអភិបាលស្រុក ថ្លែងថា អភិបាលស្រុកប្រាប់គាត់ថា ថវិកាកសាងជាតិបានមកពីគណបក្សប្រជាជនកម្ពុជា និងពីរដ្ឋាភិបាលដែរ ៖ «គាត់មិនបាននិយាយអីត្រឹមត្រូវទេ។ គាត់បានថា លុយហ្នឹងមានរបស់រាជរដ្ឋាភិបាលខ្លះ របស់បក្សប្រជាជន អាហ្នឹងគេប្រមូលកម្លាំងតាមរយៈបងប្អូន តាមរយៈមិត្តភាពរបស់គេ គេនិយាយអ៊ីចឹង»។
អភិបាលស្រុកជុំគីរី លោក ខៀវ រិទ្ធភ័ណ្ឌ មានប្រសាសន៍ថា លោកពិតជាបានកោះហៅប្រជាជនមកជួបមែន ដើម្បីពន្យល់ពីសមិទ្ធផលដែលនាយករដ្ឋមន្ត្រីធ្វើបាន ៖ «ដោយសារនៅក្នុងវេទិកាហ្នឹង ខ្ញុំមានរយៈពេលខ្លីពេកដើម្បីឲ្យខ្ញុំបំភ្លឺពួកគាត់។ ដោយសារការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ខ្ញុំធ្វើរហូត អំពីកង្វល់ អំពីបញ្ហារបស់ប្រជាពលរដ្ឋ ខ្ញុំតែងតែធ្វើរហូត»។
មន្ត្រីអង្គការ អិន.ឌី.អាយ លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា លោកមិនទាន់បានទទួលដំណឹងពីពលរដ្ឋដែលចូលរួមសម្ដែងមតិក្នុងវេទិការៀបចំដោយ អិន.ឌី.អាយ ហើយមានបញ្ហានោះនៅឡើយទេ។ លោកថា ប្រសិនបើការសាកសួររបស់អភិបាលស្រុកចំពោះពលរដ្ឋគ្រាន់តែលើកសំណួរក្នុងវេទិកាក្លាយទៅជារឿងគំរាមកំហែងដល់ពលរដ្ឋនោះ វេទិកាសាធារណៈអាចមានបញ្ហាក្នុងការរៀបចំនៅពេលក្រោយទៀត។
លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍បន្ថែមដូច្នេះ ៖ «អាជ្ញាធរមូលដ្ឋានហ្នឹងហៅគាត់ ប្រសិនបើទាក់ទងនឹងកម្មវិធីនេះមែន ហៅគាត់ទៅបំភ្លឺដោយផ្ទាល់ក្នុងសាលាឃុំ ឬក្នុងសាលាស្រុកអ៊ីចឹងនូវបញ្ហាសំណួរដែលគាត់លើកឡើង ប្រសិនជាអ៊ីចឹង មិនជារឿងអីទេ តែបើសិនជារឿងគំរាមកំហែងអាហ្នឹងជារឿងមួយគ្រោះថ្នាក់វិញ ប៉ះពាល់ដល់សេរីភាពក្នុងការចូលរួម ប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋហើយ»។
ក្រុមប្រឹក្សាឃុំត្រពាំងរាំង លោក ប៊ូ លឿន មានប្រសាសន៍ថា ថ្ងៃបើកវេទិកាសាធារណៈនោះមានការរៀបចំមនុស្សក្នុងជួររដ្ឋាភិបាលមកលើកមតិក្នុងវេទិកានោះរហូតអស់ម៉ោង ធ្វើឲ្យពលរដ្ឋមានបញ្ហាមិនអាចមានសំណួរបានច្រើនគ្នា។
លោក លី សុធារ៉ាយុទ្ធ អ្នករៀបចំវេទិកាសាធារណៈរបស់អង្គការ អិន.ឌី.អាយ ថ្លែងថា ក្នុងឆ្នាំ២០១១ អង្គការនេះមានគម្រោងបើកវេទិកាសាធារណៈដល់ទៅ ២៤លើក ហើយវេទិកាប្រារព្ធចុងក្រោយគឺនៅស្រុកជុំគីរី ខេត្តកំពត លើកទី១៤ ដែលកើតមានបញ្ហាអាជ្ញាធរស្រុកហៅពលរដ្ឋទៅសាកសួរនេះ៕