ការលើកសរសើរនេះ ធ្វើឡើងក្នុងពេលប្រហាក់ប្រហែលគ្នានឹងសែរាជវង្សមួយអង្គ បានសរសេរអត្ថបទរិះគន់ថា មានការរើសអើងសែរាជវង្សចំពោះការចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចឪ ពីគណបក្សប្រជាជនដែលជាបក្សដឹកនាំរដ្ឋាភិបាល។
មន្ត្រីស្និទ្ធនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បញ្ជាក់លើខ្លឹមសារលិខិតរបស់សម្ដេចក្រុមព្រះទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា គឺជារឿងធម្មតា ដោយពុំមានបង្កប់នូវរូបភាពទំនាក់ទំនងខាងនយោបាយនោះទេ។
អ្នកនាំពាក្យអតីតគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មានប្រសាសន៍នៅថ្ងៃពុធ ទី៣១ តុលា ថា លិខិតនោះគ្រាន់តែសម្ដែងនូវសេចក្ដីអរគុណចំពោះរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រីបានចាត់ចែងយ៉ាងយកចិត្តទុកដាក់ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាវីរក្សត្រ។
លោក ប៉ែន សង្ហា៖ «ខ្ញុំគិតថា នេះគ្រាន់តែជាសារមួយ ហើយមិនមែនក្នុងបំណងនយោបាយទេ គ្រាន់តែជាទំនាក់ទំនងដែលកើតឡើងដោយសុទ្ធចិត្តរបស់សម្ដេចក្រុមព្រះ ក្នុងនាមព្រះអង្គជារាជបុត្រផ្ទាល់នៃព្រះករុណាព្រះមហាវីរក្សត្រ ដែលព្រះអង្គបានសោយព្រះទិវង្គតកាលពីពេលថ្មីៗនេះ»។
កាលពីថ្ងៃទី២៣ តុលា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់លិខិតដោយសម្ដែងនូវសេចក្ដីកោតសរសើរ និងថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការរៀបចំបុណ្យព្រះបរមសពសម្ដេចឪបានអធិកអធម និងការសច្ចាចំពោះព្រះបរមសពសម្ដេចឪថា នឹងការពារជានិច្ចនូវព្រះរាជបល្ល័ង្ក របបរាជនិយម និងព្រះរាជវង្សានុវង្សជានិច្ចតរៀងទៅ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា នេះជារឿងធម្មតាចំពោះគ្រួសាររាជវង្សដែលកំពុងមានទុក្ខ ហើយត្រូវថ្លែងអំណរគុណចំពោះអ្នកដែលចូលរួមជួយចែករំលែកនូវទុក្ខសោកទាំងនោះ៖ «ដូចថា បានជាទីគាប់ចិត្តអ៊ីចឹងទៅ ក៏សរសេរលិខិតថ្លែងអំណរគុណ ដូចជាពុំមានន័យអីច្រើនទាក់ទងនឹងរឿងនយោបាយទេ»។
ចំណែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធ ទី៣១ តុលា លោកពុំមានការអត្ថាធិប្បាយវែងឆ្ងាយលើខ្លឹមសារនៃលិខិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះឡើយ ដោយលោកចាត់ទុកថា ជារឿងបុគ្គលផ្ទាល់ខ្លួនរបស់ម្ចាស់លិខិត។
លោក ផៃ ស៊ីផាន៖ «យើងមិនអាចពិចារណា ឬធ្វើការវាយតម្លៃដែលនាំឲ្យប៉ះពាល់នៅក្នុងន័យលើលិខិតនោះទេ វាគ្រាន់តែជារឿងផ្ទាល់ខ្លួនរវាងសម្ដេចក្រុមព្រះ និងសម្ដេចតេជោ»។
នៅក្រោយពេលសម្ដេចក្រុមព្រះទ្រង់លិខិតទៅលោក ហ៊ុន សែន បានប្រមាណជាបីថ្ងៃ សែរាជវង្សមួយអង្គ គឺ នរោត្តម សោម៉ា បានសរសេរអត្ថបទមួយចុះផ្សាយក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ ដោយអត្ថាធិប្បាយថា អនាគតនៃរាជានិយមស្ថិតក្នុងកណ្ដាប់ដៃគណបក្សប្រជាជនកម្ពុជា។
ម្ចាស់ក្សត្រី នរោត្តម សោម៉ា ជាម្ចាស់អត្ថបទនេះ បានពណ៌នាថា ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ កាលពីថ្ងៃទី១៧ ខែតុលា បានកត់សម្គាល់ឃើញថា ការរួបរួមក្នុងចំណោមគ្រួសាររាជវង្សមានលក្ខណៈពុំរឹងមាំ និងមានការបែងចែកក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។ នៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព សែរាជវង្សមិនសូវបានចូលទៅសម្ដែងគារវកិច្ចទេ ហើយច្រើនតែជាមន្ត្រីរដ្ឋាភិបាលមកពីគណបក្សប្រជាជន។ ប៉ុន្តែការលើកឡើងនេះត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលលោក ខៀវ កាញារីទ្ធ ច្រានចោល និងបានអត្ថាធិប្បាយថា ជាការបញ្ឆេះបំបែកបំបាក់សែរាជវង្សានុវង្សជាមួយរដ្ឋាភិបាល។
ទោះយ៉ាងណាក្ដី នៅលើទំព័រកាសែតភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី៣១ តុលា ថា ម្ចាស់ក្សត្រី នរោត្តម សោម៉ា បានសុំអភ័យទោសព្រះបរមសពព្រះមហាវីរក្សត្រចំពោះកំហុសឆ្គងរបស់ម្ចាស់ក្សត្រីដែលបានសរសេរបរិយាយមិនល្អអំពីរឿងរាជវង្សដែលថា នៅក្រោមឥទ្ធិពលបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសព្វថ្ងៃ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្នមិនស្ថិតនៅក្នុងបក្សនយោបាយណាមួយឡើយ បន្ទាប់ពីទ្រង់បានប្រកាសលាលែងពីឆាកនយោបាយជាថ្មីទៀត កាលពីថ្ងៃទី១១ ខែស៊ីហា ឆ្នាំ២០១២។ បច្ចុប្បន្នទ្រង់ជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។