ក្រុមមន្ត្រីបក្សប្រឆាំង បានប្រតិកម្មទៅនឹងកំណត់ការទូតរដ្ឋាភិបាល ផ្ញើទៅគ្រប់ស្ថានបេសកកម្មការទូតបរទេសនៅកម្ពុជា ដែលអះអាងថា ក្នុងន័យក្រើនរំលឹកនូវខ្លឹមសារមាត្រា៤១.១ នៃច្បាប់អន្តរជាតិ ស្ដីពីការទូត មិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានលើកឡើងថា មាត្រា៤១.១ នៃអនុសញ្ញា ទីក្រុងវីយ៉ែនណា ស្ដីពីទំនាក់ទំនងការទូត ដែលកម្ពុជាក្រើនរំលឹកចែងថា ៖ «ដោយមិនប៉ះពាល់ដល់បុព្វសិទ្ធ និងអភ័យឯកសិទ្ធិរបស់ខ្លួន ជនគ្រប់រូប ដែលទទួលបាននូវបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ មានភារកិច្ចគោរពច្បាប់ និងបទដ្ឋានច្បាប់ នៃរដ្ឋម្ចាស់ផ្ទះ។ ពួកគេក៏មានភារកិច្ចមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នៃរដ្ឋម្ចាស់ផ្ទះនោះផងដែរ»។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសមរង្ស៊ី មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី២៨ ខែមេសាថា រដ្ឋាភិបាលកម្ពុជា មិនគួរប្រើពាក្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ចំពោះមន្ត្រីការទូត ឬមន្ត្រីសហប្រជាជាតិតទៅទៀតទេ។ ព្រោះកម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជា បានចុះហត្ថលេខាទៅលើសន្ធិសញ្ញា អនុសញ្ញា និងពិធីសារជាច្រើន។ លោកបន្តថា អ្វីដែលអន្តរជាតិ បានឈើឆ្អាលមកលើកម្ពុជា គឺចង់ឲ្យកម្ពុជាគោរពនូវកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណោះ។
លោក យឹម សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «ប្រទេសកម្ពុជាយើងបានចុះហត្ថលេខាច្រើនណាស់ ទៅលើសន្ធិសញ្ញា អនុសញ្ញា និងពិធីសារផ្សេងៗ ដើម្បីអនុវត្តន៍នូវកាតព្វកិច្ចអន្តរជាតិ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ចសង្គម ហើយនឹងការប្រឆាំងទៅនឹងអំពើពុករលួយទាំងអស់ហ្នឹង យើងបានកំពុងតែចុះហត្ថលេខា ទៅលើឯកសារទាំងនោះ។ ដូច្នេះយើងត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន។ អ្វីដែលអន្តរជាតិបានធ្វើមកដល់ពេលនេះ ខ្ញុំកត់សម្គាល់ឃើញថា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជាទេ គឺធ្វើម៉េចឲ្យកម្ពុជាគោរពនូវកាតព្វកិច្ចរបស់ខ្លួន ចំពោះអន្តរជាតិ ដែលខ្លួនបានចុះហត្ថលេខានៅលើសន្ធិសញ្ញា អនុសញ្ញា និងពិធីសារផ្សេងៗ។ ប៉ុន្តែមានតែរបបផ្ដាច់ការ កុម្មុយនិស្តផ្ដាច់ការទេ ដែលច្រើនតែប្រើពាក្យថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា»។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា ប្រទេសណាក៏ដោយ ដែលមានការរីកចម្រើន និងរឹងមាំ គឺមិនមានអន្តរជាតិធ្វើការរិះគន់នោះទេ ប៉ុន្តែប្រសិនបើប្រទេសមួយ មានការដឹកនាំមិនត្រឹមត្រូវ គឺត្រូវមានការផ្ដល់យោបល់ពីអន្តរជាតិ ចំពោះកំហុសឆ្គងរបស់ខ្លួន។
លោក កឹម សុខា មានប្រសាសន៍ថា ៖ «ប្រសិនណាយើងមានចំណុចខ្វះខាតច្រើន ជាពិសេសប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងពិភពលោក គេតែងតែផ្ដល់យោបល់ ដើម្បីកុំឲ្យយើងធ្វើអ្វីដែលខុស ដូចជាប្រទេសដែលមានអំពើពុករលួយខ្លាំង ក៏តែងតែគេរិះគន់។ ប្រទេសដែលប្រើអំណាចផ្ដាច់ការ រំលោភសិទ្ធិមនុស្ស ក៏គេរិះគន់ ហើយប្រទេសដែលនិយមនូវការបំផ្លាញទ្រព្យសម្បត្តិបរិស្ថាន ក៏គេតែងតែរិះគន់ដែរ។ អ៊ីចឹងខ្ញុំថា បើសិនមិនចង់ឲ្យមានគេរិះគន់ ទាល់តែយើងរឹងមាំខ្លួនយើង។ មានន័យថា យើងកុំឲ្យមានអំពើពុករលួយធំធេង។ ទី២ យើងកុំឲ្យមានការរំលោភសិទ្ធិមនុស្ស និង ទី៣ យើងកុំធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិធម្មជាតិហ្នឹង។ ខ្ញុំគិតថា ការស្ដីបន្ទោស ឬជាការលើកឡើងមិនមែនជាការលូកដៃទេ»។
ទោះជាបែបនេះក្ដី លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ខ្លឹមសារកំណត់ទូតកម្ពុជា ផ្ញើទៅមន្ត្រីទូតបរទេស គឺដើម្បីរំលឹកដល់មន្ត្រីទូតបរទេស ត្រូវប្រកាន់ខ្ជាប់ ពីភារកិច្ចរបស់ខ្លួន មានចែងនៅក្នុងមាត្រា៤១.១ នៃច្បាប់អន្តរជាតិ ស្ដីពីការទូតប៉ុណ្ណោះ។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «សំខាន់ រំលឹកពីខ្លឹមសារមាត្រាហ្នឹង ដើម្បីឲ្យប្រមុខបេសកកម្មការទូតហ្នឹង ឲ្យបានជ្រាបផង។ នៅក្នុងកំណត់ទូតហ្នឹង បានបញ្ជាក់ច្បាស់ហើយថា កន្លងមកហ្នឹង គឺថា មានមន្ត្រីការទូតមួយចំនួន បានអនុវត្តហួសពីដែនសមត្ថកិច្ច ការងារភារកិច្ច របស់ខ្លួន។ គឺថា អនុវត្តទៅវាហួស វាចូលដល់កម្រិតថា ចូលដល់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋម្ចាស់ផ្ទះ បាទ!»។
លោក ចន ចនសុន (John Johnson) មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយជុំវិញកំណត់ត្រាការទូតរបស់កម្ពុជានេះទេ។
កំណត់ទូតកម្ពុជា ចុះថ្ងៃ ទី២៦ ខែមេសា មិនបានសំដៅចំពោះប្រទេសណាមួយចំឈ្មោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា កន្លងមកមានករណីជាច្រើន ត្រូវបានប្រមុខបេសកកម្មការទូតខ្លះ ប្រកាន់ឥរិយាបថដូចជាមន្ត្រីអភិបាលរបស់ប្រទេសខ្លួន និងបានរិះគន់ ឬក៏ផ្ដល់មេរៀនឲ្យរដ្ឋាភិបាលកម្ពុជា។ អាកប្បកិរិយាទាំងអស់នេះ កំណត់ទូតបានបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបាន ក្នុងនាមជាប្រទេសមានអធិបតេយ្យ និងជាសមាជិកអង្គការសហប្រជាជាតិ ព្រោះកម្ពុជាពុំមែនជាប្រទេសខ្វះស្ថិរភាព អធិបតេយ្យ និងភាពម្ចាស់ការនោះទេ៕