មេ​ចលនា​ក្បាល​ខ្លា​ប្ដឹង​ទាស់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ

មេ​ដឹក​នាំ​នៃ​ចលនា​រណសិរ្ស​រួប​រួម​ជាតិ ឬ​កងទ័ព​ខេមរជាតិ​រូប​សញ្ញា ក្បាលខ្លា គឺ​លោក សោម ឯក មិន​សុខ​ចិត្ត​ចំពោះ​ការ​ផ្ដន្ទា​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ កន្លង​មក ឲ្យ​លោក​ជាប់​គុក​រយៈ​ពេល​ជិត ៥០​ឆ្នាំ។

0:00 / 0:00

មេធាវី​ការពារ​ក្តី​ឲ្យ​លោក សោម ឯក ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ចំនួន ២​លើក​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៩ កន្លង​ទៅ​នោះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ថ្មីៗ​នេះ ដើម្បី​ប្ដឹង​ទាស់​នឹង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់​ទោស​ឲ្យ​កូន​ក្ដី​របស់​លោក​ជាប់​គុក ១៨​ឆ្នាំ ដោយ​គ្មាន​ភស្តុតាង។

បច្ចុប្បន្ន​ជន​ជាប់​ចោទ​រូប​នេះ​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក ប៉េហ្ស៊ី (PJ) របស់​ប៉ូលិស នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

មេធាវី​របស់​លោក សោម ឯក គឺ​លោក អ៊ឹម សុជាតិ ដែល​បាន​ការពារ​សំណុំ​រឿង​ទី​១ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា​ថា លោក​និង​កូន​ក្ដី​របស់​លោក​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​កន្លង​មក​នេះ។

លោក អ៊ឹម សុជាតិ បន្ថែម​ថា ៖ «ផ្ដន្ទា​ទោស​លើ​កូន​ក្ដី​របស់​ខ្ញុំ​មិន​ទាន់​មាន​ភាព​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​ខ្ញុំ។ ទើប​បាន​ទទួល​លេខ​សាលក្រម​ពី​ម្សិលមិញ (១៣ តុលា) ហើយ​ក៏​ដាក់​ប្ដឹង​ឧទ្ធរណ៍​ម្សិលមិញ​តែម្ដង​ទៅ»

មេធាវី​ម្នាក់​ទៀត​របស់​លោក សោម ឯក គឺ​លោក សំ សុគង់ ដែល​បាន​ការពារ​ក្ដី​សំណុំ​រឿង​ទី​២ បាន​មាន​ប្រសាសន៍​ថា ៖ «លោក សោម ឯក មាន​រឿង​ពីរ ហើយ​គាត់​ប្ដឹង​ឧទ្ធរណ៍​ទាំង​ពីរ ហើយ​អ្នក​ផ្សេងៗ​គាត់​មាន​រឿង​តែមួយ គាត់​ប្ដឹង​ឧទ្ធរណ៍​ដែរ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា កន្លង​ទៅ​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​លោក សោម ឯក ជាប់​គុក​រយៈពេល ២៨​ឆ្នាំ ក្រោម​បទ​ចោទ​ថា លោក​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ភេរវកម្ម បង្កៃ​គ្រឿង​ផ្ទុះ​ចំនួន ៣​គ្រាប់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០០៩ និង​បាន​កេណ្ឌ​ក្រុម​ភេរវជន និង​បណ្ដុះបណ្ដាល​នៅ​ចន្លោះ​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៩។ សំណុំ​រឿង​នេះ​បាន​ការពារ​ក្តី​ដោយ​លោក សំ សុគង់។

ជន​ជាប់​ចោទ​ចំនួន ៣​នាក់​ទៀត មាន​លោក ពៅ វណ្ណរ៉ា លោក ជា គឹមយ៉ា និង​លោក ទ្បឹក ប៊ុនញៀន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ។ ប៉ុន្តែ​តុលាការ​នេះ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​លោក ភី សាវឹង ឲ្យ​មាន​សេរីភាព ដោយសារ​តែ​គ្មាន​ភស្តុតាង។

ជន​ជាប់​ចោទ​លោក សោម ឯក ដដែល បាន​រង​ការ​កាត់​ទោស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ក្នុង​មួយ​ករណី​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឲ្យ​ជាប់​គុក ១៨​ឆ្នាំ ក្រោម​បទ​ចោទ​ថា លោក​ជា​មេខ្លោង​នៃ​ចលនា​រណសិរ្ស​រួប​រួម​ជាតិ ឬ​កងទ័ព​ខេមរជាតិ រូប​សញ្ញា ក្បាល​ខ្លា ដែល​បាន​បង្កៃ​គ្រឿង​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧ ដើម្បី​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​បាន​សម្រេច។ សំណុំ​រឿង​នេះ​បាន​ការពារ​ក្តី​ដោយ​លោក អ៊ឹម សុជាតិ។

សរុប​មក​ទោស​ចំនួន ២​ករណី​ខាង​លើ​នេះ គឺ​លោក សោម ឯក ត្រូវ​ជាប់​គុក​ចំនួន ៤៦​ឆ្នាំ។

ជន​ជាប់​ចោទ លោក សោម ឯក កន្លង​មក​បាន​ប្រាប់​អ្នក​សែត​ក្រោយ​ពី​ការ​កាត់​ទោស​នោះ​ថា ពួក​លោក​ មិន​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ គឺ​ជា​រឿង​ទម្លាក់​កំហុស និង​ចោទ​ប្រកាន់​ខុស​ការ​ពិត ដោយសារ​អាជ្ញាធរ​នគរបាល​កម្ពុជា និង​តុលាការ៕