ក្នុងសមាជនោះ សមាជិកសមាជិកាបានយល់ព្រមធ្វើវិសោធនកម្មទៅលើច្បាប់ផ្ទៃក្នុងរបស់គណបក្ស នៅជំពូកទី៨ មាត្រាទី៥០ លើចំណុចសំខាន់ៗចំនួនបី និងជ្រើសរើសប្រធានគណបក្សថ្មីជំនួសលោក សម រង្ស៊ី។
នៅក្នុងអង្គសមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា មានសមាជិកជាច្រើនសម្រេចលើកដៃគាំទ្រលោក គង់ គាំ ជាប្រធានគណបក្សស្ដីទី ឲ្យឡើងធ្វើជាប្រធានគណបក្ស សម រង្ស៊ី ថ្មីចាប់ពីពេលនេះតទៅ ហើយគាំទ្រអ្នកស្រី ជូរ ឡុងស៊ូមួរ៉ា ជាអនុប្រធានគណបក្ស។
ក្រៅពីនេះ សមាជិកសមាជិកានៃគណបក្ស សម រង្ស៊ី ក៏បានគាំទ្រឲ្យលោក សម រង្ស៊ី អតីតប្រធានបក្សចាកចេញទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្សី និងគណបក្ស សិទ្ធិមនុស្ស ហើយអង្គសមាជវិសាមញ្ញ ក៏បានធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងចំនួនបីចំណុចសំខាន់ថែមទៀត។
ខ្លឹមសារសំខាន់នៃចំណុចទាំងបីនោះ រួមមាន គាំទ្រឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានក្រុមប្រឹក្សាកំពូលរបស់គណបក្ស មិនត្រូវផ្លាស់ប្ដូរស្លាកគណបក្សដែលមានរូបភ្លើងទៀន និងឈ្មោះរបស់គណបក្ស សម រង្ស៊ី គឺត្រូវរក្សាឲ្យនៅដដែល និងតម្រូវឲ្យសមាជិកនៃគណបក្សទាំងអស់ គាំទ្រលោក សម រង្ស៊ី ត្រឡប់មកធ្វើជាប្រធានគណបក្ស សម រង្ស៊ី វិញ ក្នុងករណីលោក សម រង្ស៊ី មិនជាប់រវល់ធ្វើការក្នុងគណបក្សផ្សេងទៀតទេនោះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រសាសន៍តាមវីដេអូខនហ្វើរិន (Video Conference) នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ថា លោកនឹងនៅតែបន្តជួយគណបក្ស សម រង្ស៊ី បើទោះលោកត្រូវចាកចេញទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ក៏ដោយ។ លោក សម រង្ស៊ី បន្តថា លោកនឹងត្រឡប់មកធ្វើជាប្រធានគណបក្ស សម រង្ស៊ី វិញ ប្រសិនបើលោកមិនជាប់រវល់ធ្វើការនៅគណបក្សផ្សេងទេនោះ។
លោក សម រង្ស៊ី៖ «ព្រលឹងខ្ញុំបងប្អូន ភ្លើងទៀតនៅឆេះជានិច្ចនៅក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំដឹងថា ក្នុងរបៀបវារៈថ្ងៃនេះ សមាជយើងនៅថ្ងៃនេះ មានសំណើអង្គសមាជហ្នឹងបោះឆ្នោត។ ខ្ញុំ សម រង្ស៊ី ទោះជាខ្ញុំចាកចេញពីគណបក្ស សម រង្ស៊ី តែខ្ញុំមានសិទ្ធិ ហើយបងប្អូនបានធ្វើសំណើឲ្យខ្ញុំក្លាយទៅជាទីប្រឹក្សាកំពូលនៃគណបក្ស សម រង្ស៊ី ដើម្បីផ្ដល់ជាយោបល់ផ្ដល់ជាគំនិតក្នុងការដឹកនាំគណបក្ស សម រង្ស៊ី»។
បន្ថែមលើនេះ លោក សម រង្ស៊ី ក៏បញ្ជាក់ដែរថា គណបក្សសង្គ្រោះជាតិ អាចនឹងរឹងប៉ឹងទៅបាន ក៏អាស្រ័យនឹងគណបក្ស សម រង្ស៊ី ដែរ ដូច្នេះលោកសុំឲ្យសមាជិកទាំងអស់របស់គណបក្ស បន្តសកម្មភាពរបស់ខ្លួន ដើម្បីជួយដល់បក្សសង្គ្រោះជាតិ ឲ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៣។
ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏រំលឹកពីប្រវត្តិខ្លះៗរបស់គណបក្ស ដោយលោកសុំឲ្យសមាជិកទាំងអស់ចងចាំនូវភាពជូរចត់កន្លងមក។ លោកបញ្ជាក់ថា មុននឹងគណបក្ស សម រង្ស៊ី បានសម្រេចជោគជ័យ និងមានសមិទ្ធផលខ្លះៗដូចបច្ចុប្បន្ន គឺមានសមាជិកនៃគណបក្សប្រមាណជាង ៨០នាក់ បានស្លាប់ ដែលអ្នកទាំងនោះត្រូវគេលួចបាញ់ និងបោកគ្រាប់បែកសម្លាប់ក្នុងយុទ្ធនាការបាតុកម្មផ្សេងៗ៖ «យើងត្រូវតែរំលឹកគុណ ហើយមានឱកាសបញ្ជូនបុណ្យកុសលទៅដល់ដួងវិញ្ញាណក្ខន្ធនៃសមាជិកសមាជិកា អ្នកគាំទ្រគណបក្ស សម រង្ស៊ី ប្រមាណ ៨០នាក់ ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្វើឲ្យគណបក្សយើងក្លាយទៅជាគណបក្សនាំមុខក្នុងការទាមទារសិទ្ធិសេរីជូនប្រជារាស្ត្រខ្មែរ»។
គណបក្ស សម រង្ស៊ី បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៥ ដែលមានឈ្មោះថា គណបក្សជាតិខ្មែរ ក្រោយមកបានប្ដូរមកជាគណបក្ស សម រង្ស៊ី រហូតដល់បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។