រហូតមកទល់ល្ងាចថ្ងៃទី២៩ ខែធ្នូ នេះ ក្រុមគ្រួសារលោក ជូង ជូងី ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានស្វែងរកលោក ជូង ជូងី នៅតុលាការខែត្រកណ្ដាល ព្រោះគេទទួលដំណឹងថា លោក ជូង ជូងី ត្រូវគេបញ្ជូនទៅសាលាដំបូងខែត្រកណ្ដាល តែពួកគេបានរង់ចាំរហូតដល់ម៉ោងជិត ៦ល្ងាច នៅតែមិនឃើញគេបញ្ជូនលោក ជូង ជូងី ទៅតុលាការនោះទេ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅសាលាដំបូងខែត្រកណ្ដាល ដោយទាមទារឲ្យខាងតុលាការ ឬខាងក្រសួងមហាផ្ទៃ បង្ហាញមូលហេតុឲ្យបានច្បាស់លាស់អំពីករណីចាប់ខ្លួនលោក ជូង ជូងី នេះ ពីព្រោះថា លោកស្រីបានទទួលដំណឹងពីមន្ត្រីនៃឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានឲ្យដឹងថា លោក ជូង ជូងី គេយកទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ។
លោកស្រី មូរ សុខហួរ៖ «លោក ជូង ជូងី ជាមេធាវីដែលមានស្មារតី មានឧត្តមគតិច្បាស់លាស់។ គាត់ទៅបំពេញកិច្ចការងារ ទោះបីគាត់បានដឹងថា នឹងមានការចាប់ខ្លួនលោកក្តី។ ប៉ុន្តែគាត់ធ្វើដំណើរទៅកំពង់ឆ្នាំង ដើម្បីធ្វើការងាររបស់គាត់។ ឥឡូវបាត់ខ្លួនគាត់ ហើយយើងបានដឹងថា ការបាត់ខ្លួននេះមិនធម្មតាទេ»។
មន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ លោក ខៀវ សុខភ័គ បានបដិសេធនៅថ្ងៃទី២៩ ធ្នូ ថា លោកមិនបានដឹងអំពីករណីចាប់ខ្លួននេះទេ។
ទោះជាយ៉ាងនេះក្ដី លោក សួន វិសាល ជាអគ្គលេខាធិការនៃគណៈមេធាវីកម្ពុជា លោកបានឲ្យដឹងថា លោក ជូង ជូងី សមត្ថកិច្ចបានចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ដែលគេយកទៅឃុំខ្លួននៅក្នុងក្រសួងមហាផ្ទៃ។
ក្មួយស្រីរបស់លោក ជូង ជូងី និងក្រុមគ្រួសារបានស្វែងរកលោក ជូង ជូងី ទៅដល់តុលាការខែត្រកណ្ដាល បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ នៅវេលាម៉ោងប្រមាណ ៧ និង ៣០នាទីលោក ជូង ជូងី បានទូរស័ព្ទប្រាប់នាងថា ប៉ូលិសកំពុងតាមចាប់ខ្លួនលោកនៅខែត្រកំពង់ឆ្នាំង ហើយនាងបានទូរស័ព្ទប្រាប់ទៅខាងគណៈមេធាវី និងតំណាងរាស្ត្រគណបក្សប្រឆាំងអំពីបញ្ហានេះ។
លោកមេធាវី សួន វិសាល ជាអគ្គលេខាធិការគណៈ មេធាវី ឲ្យបានឲ្យដឹងថា លោកមេធាវី ជូង ជូងី មិនបានធ្វើខុសវិជ្ជាជីវៈនោះទេ ហើយការបញ្ជាឲ្យចាប់ខ្លួនរបស់តុលាការក៏មិនត្រឹមត្រូវដែរ។
សូមលោកស្ដាប់បទសម្ភាសន៍រវាងលោក ជី វិតា ជាមួយលោកមេធាវី សួន វិសាល បន្ថែមជុំវិញបញ្ហានេះ៖