មេបញ្ជាការរងកងវរសេនាតូចលេខ ៤២២ នៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល ថេន ដែលឈរជើងនៅឯប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយអំពិល បានមានប្រសាសន៍ឲ្យដឹងថា ទាហានឈុតខ្មៅថៃបានបិទទ្វារហាមមិនឲ្យប្រជាពលរដ្ឋនិងទាហានខ្មែរចេញចូលក្នុងប្រាសាទតាមាន់ធំនេះ ជាងកន្លះខែមកហើយ ដោយចោទថា ភាគីខ្មែរបានចេញចូលក្នុងប្រាសាទម្ដងលើសពី១០នាក់។
លោក ប៉ុល ថេន មានប្រសាសន៍ដូច្នេះថា ៖ «បានជួបជាមួយស័ក្ដិ៥ខាងថៃហ្នឹង វាថាអត់មានបញ្ហាអីទេចំពោះការបើក ប៉ុន្តែសំខាន់ឲ្យខាងលើកំណត់ទៅ។ មែនទែនទៅ ប្រាសាទតាមាន់ហ្នឹង មកពីយើង កាលដែលមេគាត់ទៅម្ដង គាត់សម្រេចថា ឲ្យចូលម្ដង១០នាក់ៗ ដល់ក្រោយមក យើងចូលច្រើនៗពេកទៅ មេរបស់វារករឿងក៏វាបិទមួយរយៈ»។
លោក ប៉ុល ថេន ក៏បានមានប្រសាសន៍ផងដែរថា ទាហានខ្មែរនៅតែបន្តយាមកាមយ៉ាងប្រុងប្រយ័ត្ន ហើយថា ទាហានថៃនៅតែមានបំណងចូលមកខាងក្នុងទឹកដីខ្មែរ ៖ «វាពិនិត្យជាប្រចាំថ្ងៃ ចាំមើលឲ្យតែយើងប្រហោងបន្តិច វាអាងនឹងបោះ[ជំរំ] ប៉ុន្តែយើងធ្វើការជាប់»។
លោក ប៉ុល ថេន បញ្ជាក់ប្រាប់បន្ថែមទៀតថា ទាហានថៃដែលឈរយាមនៅច្រកចូលប្រាសាទតាមាន់មានចំនួនប្រមាណ ៨នាក់ ហើយទាហានខ្មែរដែលឈរយាមនៅជួរមុខមានចំនួន១៥នាក់។
លោក ប៉ុល ថេន បានឲ្យដឹងផងដែរថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេ មានទាហានខ្មែរពីរនាក់បានកើតជំងឺគ្រុនចាញ់ ហើយទាហានខ្លះកំពុងប្រឈមមុខនឹងបញ្ហាសុខភាពផងដែរ។
ជម្លោះព្រំដែនខ្មែរ-ថៃ បានបន្តអស់រយៈពេលប្រមាណ ២ខែកន្លះមកហើយ គឺចាប់តាំងពីពេលដែលទាហានថៃបានចូលមកកាន់កាប់តំបន់ជិតប្រាសាទព្រះវិហារចាប់តាំងពីពាក់កណ្ដាលខែកក្កដា បន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករួចមក។ ប្រទេសថៃបានជំទាស់ការដាក់បញ្ចូលនេះ ដោយលើកឡើងថា តំបន់ប្រាសាទព្រះវិហារ គឺជាតំបន់ជម្លោះមិនទាន់ដោះស្រាយរួច។
បន្ទាប់ពីបានចូលកាន់កាប់តំបន់ជិតប្រាសាទព្រះវិហាររួចហើយ ទាហានថៃក៏បានចូលមកកាន់កាប់ជាបន្តបន្ទាប់នូវប្រាសាទតាមាន់និងប្រាសាទតាក្របី ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់ខ្មែរជាប់នឹងព្រំដែនថៃ។
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរមានការអត់ធ្មត់ចំពោះជម្លោះព្រំដែនខ្មែរ-ថៃនោះ ដោយរង់ចាំដំណោះស្រាយចេញពីកិច្ចចរចាទ្វេភាគីនៃប្រទេសទាំងពីរ ដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែតុលា ២០០៨ ហើយថា រដ្ឋាភិបាលខ្មែរនឹងដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិអំពីការឈ្លានពានរបស់សៀមមកលើអធិបតេយ្យនិងបូរណភាពទឹកដីខ្មែរ ប្រសិនណាបើការចរចាទ្វេភាគីទទួលបរាជ័យនោះ ហើយថា នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បើសិនជាមានការផ្ទុះអាវុធកើតឡើងនោះ។
កាលពីថ្ងៃទី២៥ កញ្ញា កន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រីខ្មែរនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស្នើសុំឲ្យមានការជួបចរចាទ្វេភាគីលើកទី៤ ឲ្យបានឆាប់ គឺចន្លោះពីថ្ងៃទី១៣ ដល់ ១៧ តុលា ខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណា គេនៅមិនទាន់បានទទួលចម្លើយពីភាគីថៃថា យ៉ាងណានោះនៅឡើយទេ៕