សារមន្ទីរ​ទួលស្លែង​ទទួល​បាន​ការ​គាំពារ​ពី​អង្គការ UNESCO

អង្គការ UNESCO នឹង​ជួយ​ផ្តល់​កិច្ច​គាំពារ​និង​ការ​ថែ​រក្សា​នូវ​សំណុំ​ឯកសារ​នានា​នៅ​ក្នុង​សារមន្ទីរ​បន​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ដែល​បាន​ត្រូវ​បញ្ចូល​ជា​ទី​កន្លែង​ចងចាំ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩​កន្លង​មក​នេះ ដែល​ភាសា​អង់គ្លេស​ហៅ​ថា UNESCO Memory of the World។

ភ្ញៀវ​ចូលទស្សនា​ឈរ​មើល​ឧបករណ៍​ធ្វើ​ទារុណកម្ម​របស់​ខ្មែរ​ក្រហម​ដែល​ដាក់​តាំង​នៅ​ឯ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​គុក​ទួលស្លែង ក្នុង​ទីក្រុង​ភ្នំពេញ។ រូបថត​កាល​ពី​ឆ្នាំ​២០០៧។
ភ្ញៀវ​ចូលទស្សនា​ឈរ​មើល​ឧបករណ៍​ធ្វើ​ទារុណកម្ម​របស់​ខ្មែរ​ក្រហម​ដែល​ដាក់​តាំង​នៅ​ឯ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​គុក​ទួលស្លែង ក្នុង​ទីក្រុង​ភ្នំពេញ។ រូបថត​កាល​ពី​ឆ្នាំ​២០០៧។ (RFA File Photo)

ក្នុង​អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយ​នៃ​អង្គការ UNESCO កាល​ពី​ថ្ងៃ​១០ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា សំណុំ​ឯកសារ​សំខាន់ៗ​នៅ​ក្នុង​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ រួម​មាន​សំណុំ​ឯកសារ​របស់​អ្នក​ជាប់​ទោស​ជាង​១​ម៉ឺន​៥​ពាន់​នាក់ ឯកសារ​ចម្លើយ​សារភាព​ចំនួន​៤១៨៦​ករណី​របស់​អ្នក​ទោស​ពេល​ធ្វើ​ទារុណកម្ម ប្រវត្តិរូប​របស់​អ្នក​ទោស​ជាង​៦០០០​នាក់ រូបថត​អ្នក​ទោស​រាប់​ម៉ឺន​សន្លឹក របាយការណ៍​នៃ​សកម្មភាព​ស្រាវជ្រាវ អគារ​សាលា​រៀន ដែល​រុះរើ​ធ្វើ​ជា​កន្លែង​ដាក់​ឃុំ​ខ្លួន​អ្នក​ទោស ព្រម​ទាំង​រូបថត​អ្នក​ទេសចរណ៍​ដែល​មក​ទស្សនា​នៅ​សារមន្ទីរ​គុក​ទួលស្លែង​នេះ​ផងដែរ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​បុគ្គលិក​ខ្មែរ​មាន​ការ​ខ្វះខាត​នូវ​ជំនាញ​បច្ចេកទេស​និង​ការ​ចាត់ចែង​អភិរក្ស​នៅ​សារមន្ទីរ​គុក​ទួលស្លែង ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​ក្រុង​ភ្នំពេញ ដោយ​មាន​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​កម្ពុជា​សម្រាប់​អង្គការ​យូណេស្កូ​និង​សារមន្ទីរ​ជាតិ​នឹង​រៀបចំ​ជា​សិក្ខាសាលា​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​១៤ ខែ​កញ្ញា ដល់​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០០៩​ខាង​មុខ​នេះ ដល់​បុគ្គលិក​ខ្មែរ​ប្រមាណ​ជា​៣០​នាក់។

ក្នុង​សិក្ខាសាលា​នេះ បុគ្គលិក​ទាំង​នោះ​នឹង​រៀន​ហ្វឹកហ្វឺន​អំពី​ការ​ថែ​រក្សា​កិច្ច​គាំពារ​ពី​ការ​ចេះ​ពន្យល់​បង្ហាញ​នូវ​សំណុំ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាំង​នោះ ហើយ​ទៅ​ថ្ងៃ​អនាគត​បុគ្គលិក​ទាំង​៣០​នាក់​នោះ​នឹង​ក្លាយ​ជា​សមាជិក​របស់​គណៈកម្មាធិការ​ពិភពលោក​នៃ​ការ​ចងចាំ​ថ្នាក់​ជាតិ​ទៀត​ផង៕