សង្គម​ស៊ីវិល​ថា​ការ​កាត់ទោស​បុគ្គលិក WFP គឺ​ជា​ការ​គាប​សង្កត់​សិទ្ធិ​ពលរដ្ឋ

ការ​ផ្ដន្ទាទោស​លោក សេង គុណការ ប្រធាន​សន្តិសុខ​ឃ្លាំង​អង្ករ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក (WFP) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ កន្លង​មក​ថ្មីៗ​នេះ ត្រូវ​បាន​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បាន​គត់​សម្គាល់​ថា ជា​សារ​ព្រមាន​មួយ​របស់​រដ្ឋាភិបាល​លើ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​សកម្មភាព​ការពារ​សិទ្ធិ​នានា ដោយ​ប្រើប្រាស់​ច្បាប់​ថ្មី និង​ប្រព័ន្ធ​តុលាការ​ជា​បង្អែក។

0:00 / 0:00

លោក សេង គុណការ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ ដោយ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក ៦​ខែ និង​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​មួយ​លាន​រៀល ដោយ​យោង​ទៅ​លើ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី មាត្រា ៤៩៤ និង ៤៩៥ ពី​បទ​បាន​ញុះញង់​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ ដោយសារ​បុរស​រូប​នេះ​បាន​បោះ​ពុម្ព​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ឈ្មោះ ខេ.អៃ (Ki-Media) មក​ចែក​ផ្សាយ​បន្ត​ទៅ​មិត្តភ័ក្ដិ។

ក្នុង​អត្ថបទ​ដែល​បង្ហោះ​លើ​គេហទំព័រ និង​បាន​បោះ​ពុម្ព​ចែក​ផ្សាយ​បន្ត​ដោយ​បុរស​ខាង​លើ​នេះ​ មាន​ខ្លឹមសារ​ជេរ​ប្រមាថ រិះគន់​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ក្រមព្រហ្មទណ្ឌ​ថ្មី ដែល​តែងតែ​មាន​ភាព​ចម្រូងចម្រាស​តាំង​ពី​មិន​ទាន់​បាន​អនុម័ត​មក​នោះ មក​រារាំង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ឬ​ទទួល​បាន​នូវ​ព័ត៌មាន​នោះ វា​ជា​រឿង​អយុត្តិធម៌​មួយ​ក្នុង​សង្គម ហើយ​ធ្វើ​ឲ្យ​សកម្មភាព​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​កាន់​តែ​តូច​ចង្អៀត​ថែម​ទៀត។

លោក​បន្ត​ថា ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ​គួរ​តែ​មាន​ការ​កែ​សម្រួល​ឡើង​វិញ​ចំពោះ​មាត្រា​ខ្លះ ដើម្បី​ឲ្យ​បរិយាកាស​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ៖ «ហើយ​ឥឡូវ​យើង​កំពុង​សិក្សា​បណ្តើៗ បើ​សិន​ជា​ច្បាប់​នេះ​មក​ហើយ​អនុវត្ត​ប៉ះ​សិទ្ធិ NGO ប្រហែល​ជា​មាន​គម្រោង​ប្រជុំ​គ្នា​ធ្វើការ​តស៊ូ​មតិ ដើម្បី​ចរចា​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ខ្លះ​ដែល​ប៉ះពាល់ ឬ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​ខាង​សារ​ព័ត៌មាន​បញ្ចេញ​មតិ​ផ្សេងៗ សិទ្ធិ​ទទួល​ព័ត៌មាន និង​ផ្ដល់​ព័ត៌មាន»

លោក​បន្ត​ថា ចំពោះ​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ថ្មី​នោះ សង្គម​ស៊ីវិល​ធ្លាប់​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​មុន​នឹង​ច្បាប់​នោះ​ចេញ​ជា​ធរមាន​ម្ដង​ជា​ពីរ​ដង​រួច​មក ហើយ​ថា នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ ហើយ​សុំ​ឲ្យ​មាន​ការ​កែ​សម្រួល​ឡើង​វិញ តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ឡើយ។

លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​ជា​អ្នក​នាំ​ពាក្យ បាន​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​សកម្មជន​សិទ្ធិ​មនុស្ស​ថា នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដើម្បី​ការពារ​ផលប្រយោជន៍​សម្រាប់​ខ្លួន​ឯង និង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «នេះ​ជា​ទង្វើ​មួយ​មិន​ដែល​មាន​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ទេ មេដឹកនាំ​ល្អ​គេ​មិន​ដែល​ខ្លាច​ការ​ទិតៀន​របស់​ប្រជាពលរដ្ឋ​ទេ ជា​ពិសេស​ពលរដ្ឋ​ដែល​ចេះ​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ ចេះ​ការពារ​ទឹក​ដី ចេះ​ឈឺ​ឆ្អាល​ក្នុង​សង្គម ចេះ​ឈឺ​ឆ្អាល​បែប​ហ្នឹង​ដើម្បី​ដឹកនាំ​សង្គម​បាន​ជឿន​លឿន ហើយ​បើ​យើង​ស្អី​ក៏​ចាប់​ដាក់​ពន្ធនាគារ ស្អី​ក៏​គំរាមកំហែង​សព្វគ្រប់​បែប​យ៉ាង​ហ្នឹង គឺ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ងើប​ឡើង​ការពារ​ផល​ប្រយោជន៍​ជាតិ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ នៅ​សល់​តែ​មេដឹកនាំ​ប៉ុន្មាន​នាក់​ហ្នឹង​ធ្វើ​អី​តាម​តែ​អំពើ​ចិត្ត ហើយ​ទី​បំផុត​ប្រទេស​ជាតិ​យើង​នឹង​បាត់បង់​ទឹក​ដី​ដូច​កាល​ពី​សម័យ​ដើម​អ៊ីចឹង»

លោក​បន្ត​ថា គណបក្ស សម រង្ស៊ី តាំង​ពី​ដើម​ទី​មក​មិន​ដែល​គាំទ្រ​លើ​ក្រមព្រហ្មទណ្ឌ​ថ្មី​នោះ​ទេ ហើយ​តែងតែ​ធ្វើ​ការ​ទាមទារ​ជា​ញឹកញាប់​សុំ​ឲ្យ​កែ​ប្រែ​នូវ​មាត្រា​ជាច្រើន​ដែល​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ និង​ត្រឹមត្រូវ ក្នុង​គោលដៅ​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ៖ «យើង​ត្រូវការ​កែ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើង​វិញ​នៅ​ពេល​ណា​គណបក្ស សម រង្ស៊ី មាន​អំណាច​គ្រប់គ្រាន់»

ទាក់ទិន​នឹង​ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ​ដែរ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក៏​បាន​ដាក់​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ផ្ដើម​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ គឺ​ធ្វើ​ឲ្យ​អ្នក​រិះគន់​ដើម្បី​ស្ថាបនា​កែ​លម្អ​លើ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ សហគមន៍​ត្រូវ​បាក់​ស្មារតី​ជា​បន្តបន្ទាប់ ដោយសារ​ជាប់​បណ្ដឹង​មួយ​ចំនួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ហើយ​ពេល​នេះ​ទៀតសោត សិទ្ធិ​សេរីភាព​សម្ដែង​មតិ​​រឹត​តែ​ស្ថិត​នៅ​ក្នុង​រង្វង់​មួយ​តូច​ចង្អៀត​ថែម​ទៀត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៅ​ថ្ងៃ​ខាង​មុខ។

លោក​បន្ត​ថា ៖ «សេង គុណការ ជា​រឿង​មួយ​ដែល​ឃើញ​ថា ការ​អនុវត្ត​ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ​វា​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល​ទៅ​វិញ​ទេ ថា​តើ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា វា​មាន​លំហ​ប៉ុណ្ណា?»

ការ​ព្រួយ​បារម្ភ​ពី​សំណាក់​​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក អ៊ិត រ៉ាឌី ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ព្រួយ​បារម្ភ​នោះ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​ទេ លោក​គិត​ថា វា​មិន​មែន​ជា​ការ​រឹត​បន្តឹង​​អ្វី​នោះ​ឡើយ សំខាន់​គឺ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។

មន្ត្រី​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ទទួល​ស្គាល់​ថា មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​មាន​ភាព​សុក្រឹត​ល្អ ប៉ុន្តែ​នៅ​មាន​មាត្រា​មួយ​ចំនួន​ទៀត​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់ ឬ​ឲ្យ​និយមន័យ​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​អនុវត្ត ឬ​អ្នក​បក​ស្រាយ​ច្បាប់​មួយ​ចំនួន​ឆ្លៀត​កេង​ចំណេញ​លើ​បញ្ហា​នេះ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ត ៖ «ខ្លាច​លោ​មិន​អនុវត្ត​ទៅ​តាម​ក្រម ព្រោះ​មន្ត្រី​នគរបាល រួម​ទាំង​ប្រព័ន្ធ​តុលាការ ខ្ញុំ​ថា ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដែល​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ ហើយ​ភាព​មិន​ឯករាជ្យ​នេះ​ឯង​ដែល​ជា​សញ្ញាណ​បញ្ជាក់​អំពី​ការ​ភ័យ​ព្រួយ​របស់​សង្គម​ស៊ីវិល​អំពី​ការ​សម្ដែង​មតិ»

មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​មិន​ទាន់​បាន​គិត​ដល់​ការ​ស្នើ​ណា​មួយ​លើ​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​ក្រមព្រហ្មទណ្ឌ​ថ្មី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​ថា គ្រប់​គ្នា​គួរ​តែ​សាទរ​ចំពោះ​តុលាការ​ដែល​បាន​យក​ច្បាប់​មក​អនុវត្ត​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ​ក្នុង​សង្គម បញ្ចៀស​បាន​នូវ​ភាព​អនាធិបតេយ្យ​នានា។

លោក ទិត សុធា បន្ត​ថា ៖ «អ្នក​ទាំង​អស់​គ្នា​តែងតែ​រិះគន់​ថា តុលាការ​នេះ​ស្ថិត​នៅ​ក្រោម​គំនាប នៅ​ពេល​ណា​គេ​យក​ច្បាប់​មក​អនុវត្ត ហេតុ​អី​ចោទ​ប្រកាន់​ថា មាន​ការ​បំបិទ​សិទ្ធិ? យើង​ត្រូវ​ដឹង​ថា សិទ្ធិ​សេរីភាព​ទាំង​អស់ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ច្បាប់ យើង​មិន​គួរ​ធ្វើ​អ្វី​មួយ​ដោយ​មិន​គោរព​ច្បាប់​ទម្លាប់​នោះ​ទេ។ នេះ​ជា​ការ​ស្រែក​ដដែលៗ ជា​មេសូត្រ​របស់​ក្រុម​ប្រឆាំង និង NGO ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​យើង​ចាត់​ទុក​ថា មិន​មាន​អី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ព្រោះ​ពួកគេ​តែងតែ​មាន​ទម្លាប់​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​បែប​នេះ»

ទោះ​យ៉ាង​នេះ​ក្ដី អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចេញ​នូវ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ធ្នូ គឺ​នៅ​ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៃ​ការ​កាត់​ក្តី​លោក សេង គុណការ ដោយ​បាន​ហៅ​ការ​បើក​សវនាការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​ពុំ​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ប្រកប​ដោយ​ភាព​យុត្តិធម៌​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ហៅ​ការ​បើក​សវនាការ​នេះ​ធ្វើ​ឡើង​ដោយ​ឆក់​កណ្ដៀត ដែល​ស​ឲ្យ​ឃើញ​ថា ការ​បង្ក្រាប​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅៗ។

ក្រមព្រហ្មទណ្ឌ​ថ្មី​បាន​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ សម្រាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចំពោះ​នៅ​តាម​បណ្ដា​ខេត្ត ការ​អនុវត្ត​ក្រមព្រហ្មទណ្ឌ​ថ្មី​នេះ ​ច្បាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ឆ្នាំ​២០១០​នេះ។

ក្រមព្រហ្មទណ្ឌ​ថ្មី​​មាន​ចំនួន ៦៧២​មាត្រា បាន​ចែង​ជា​លម្អិត​ដូចជា អ្នក​ទទួល​ទាន​ស្រា អ្នក​ជេរប្រមាថ​គេ អ្នក​អូសទាញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ស្រើបស្រាល អ្នក​អូស​ទាញ ឬ​ញុះញង់​ក្មេងៗ​ឲ្យ​ផឹក​ស្រា​ជា​ដើម សុទ្ធ​តែ​មាន​ជាប់​ទោស​ទាំង​អស់។

មាន​ជា​អាទិ​មាត្រា​ទី​៣០៥ ស្ដី​អំពី​ការ​បរិហារ​កេរ្តិ៍ បាន​និយាយ​ថា ការ​អះអាង​បំផ្លើស ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​អំពើ​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិសព្ទ កិត្តិយស​អ្នក​ដទៃ គឺ​ជា​ការ​បរិហារ​កេរ្តិ៍ ហើយ​ការ​បរិហារ​កេរ្តិ៍​នោះ មាន​ការ​បរិហារ​កេរ្តិ៍​តាម​សម្ដី តាម​រូប​គំនូរ លិខិត តាម​សារ តាម​ទី​សាធារណៈ និង​សាល​ប្រជុំ​សាធារណៈ​ជាដើម។ បទ​បរិហារ​កេរ្តិ៍​មួយ​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​ជា​ប្រាក់​មួយ​សែន​រៀល ទៅ ១០​លាន​រៀល។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក​ដល់​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ មាន​មន្ត្រី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣៨​នាក់ កំពុង​ជាប់​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ឡើយ៕