លោក សេង គុណការ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០១០ ដោយបានផ្ដន្ទាទោសឲ្យជាប់គុក ៦ខែ និងផាកពិន័យជាទឹកប្រាក់ចំនួនមួយលានរៀល ដោយយោងទៅលើច្បាប់ក្រមព្រហ្មទណ្ឌថ្មី មាត្រា ៤៩៤ និង ៤៩៥ ពីបទបានញុះញង់បង្កឲ្យមានបទឧក្រិដ្ឋ ដោយសារបុរសរូបនេះបានបោះពុម្ពអត្ថបទមួយដែលចុះផ្សាយក្នុងគេហទំព័រឈ្មោះ ខេ.អៃ (Ki-Media) មកចែកផ្សាយបន្តទៅមិត្តភ័ក្ដិ។
ក្នុងអត្ថបទដែលបង្ហោះលើគេហទំព័រ និងបានបោះពុម្ពចែកផ្សាយបន្តដោយបុរសខាងលើនេះ មានខ្លឹមសារជេរប្រមាថ រិះគន់ធ្ងន់ៗដល់រដ្ឋាភិបាលកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធតុលាការ និងក្រមព្រហ្មទណ្ឌថ្មី ដែលតែងតែមានភាពចម្រូងចម្រាសតាំងពីមិនទាន់បានអនុម័តមកនោះ មករារាំងសិទ្ធិសេរីភាពបញ្ចេញមតិ ឬទទួលបាននូវព័ត៌មាននោះ វាជារឿងអយុត្តិធម៌មួយក្នុងសង្គម ហើយធ្វើឲ្យសកម្មភាពលើកស្ទួយសិទ្ធិមនុស្សកាន់តែតូចចង្អៀតថែមទៀត។
លោកបន្តថា ក្រមព្រហ្មទណ្ឌថ្មីនេះគួរតែមានការកែសម្រួលឡើងវិញចំពោះមាត្រាខ្លះ ដើម្បីឲ្យបរិយាកាសនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ ៖ «ហើយឥឡូវយើងកំពុងសិក្សាបណ្តើៗ បើសិនជាច្បាប់នេះមកហើយអនុវត្តប៉ះសិទ្ធិ NGO ប្រហែលជាមានគម្រោងប្រជុំគ្នាធ្វើការតស៊ូមតិ ដើម្បីចរចាឲ្យមានការធ្វើវិសោធនកម្មលើមាត្រាខ្លះដែលប៉ះពាល់ ឬរឹតបន្តឹងលើសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពខាងសារព័ត៌មានបញ្ចេញមតិផ្សេងៗ សិទ្ធិទទួលព័ត៌មាន និងផ្ដល់ព័ត៌មាន»។
លោកបន្តថា ចំពោះមាត្រាមួយចំនួនក្នុងក្រមថ្មីនោះ សង្គមស៊ីវិលធ្លាប់បានសម្ដែងក្ដីព្រួយបារម្ភមុននឹងច្បាប់នោះចេញជាធរមានម្ដងជាពីរដងរួចមក ហើយថា នឹងអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសម្តែងមតិរបស់ប្រជាពលរដ្ឋ ហើយសុំឲ្យមានការកែសម្រួលឡើងវិញ តែពុំមានការឆ្លើយតបណាមួយឡើយ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី និងជាអ្នកនាំពាក្យ បានសម្ដែងនូវក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្សថា នឹងប្រឈមមុខនឹងការចាប់ខ្លួន ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិដើម្បីការពារផលប្រយោជន៍សម្រាប់ខ្លួនឯង និងផលប្រយោជន៍រួមរបស់ប្រទេសជាតិ។
លោក យឹម សុវណ្ណ មានប្រសាសន៍បន្ថែមថា ៖ «នេះជាទង្វើមួយមិនដែលមាននៅក្នុងរបបប្រជាធិបតេយ្យទេ មេដឹកនាំល្អគេមិនដែលខ្លាចការទិតៀនរបស់ប្រជាពលរដ្ឋទេ ជាពិសេសពលរដ្ឋដែលចេះគិតគូរពីបញ្ហាប្រទេសជាតិ ចេះការពារទឹកដី ចេះឈឺឆ្អាលក្នុងសង្គម ចេះឈឺឆ្អាលបែបហ្នឹងដើម្បីដឹកនាំសង្គមបានជឿនលឿន ហើយបើយើងស្អីក៏ចាប់ដាក់ពន្ធនាគារ ស្អីក៏គំរាមកំហែងសព្វគ្រប់បែបយ៉ាងហ្នឹង គឺប្រជាពលរដ្ឋមិនហ៊ានងើបឡើងការពារផលប្រយោជន៍ជាតិទេ ហើយផ្ទុយទៅវិញ នៅសល់តែមេដឹកនាំប៉ុន្មាននាក់ហ្នឹងធ្វើអីតាមតែអំពើចិត្ត ហើយទីបំផុតប្រទេសជាតិយើងនឹងបាត់បង់ទឹកដីដូចកាលពីសម័យដើមអ៊ីចឹង»។
លោកបន្តថា គណបក្ស សម រង្ស៊ី តាំងពីដើមទីមកមិនដែលគាំទ្រលើក្រមព្រហ្មទណ្ឌថ្មីនោះទេ ហើយតែងតែធ្វើការទាមទារជាញឹកញាប់សុំឲ្យកែប្រែនូវមាត្រាជាច្រើនដែលមិនទាន់មានភាពច្បាស់លាស់ និងត្រឹមត្រូវ ក្នុងគោលដៅការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ៖ «យើងត្រូវការកែធ្វើវិសោធនកម្មច្បាប់នេះឡើងវិញនៅពេលណាគណបក្ស សម រង្ស៊ី មានអំណាចគ្រប់គ្រាន់»។
ទាក់ទិននឹងក្រមព្រហ្មទណ្ឌថ្មីនេះដែរ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានដាក់ក្ដីព្រួយបារម្ភចំពោះការចាប់ផ្ដើមអនុវត្តក្រមព្រហ្មទណ្ឌថ្មីនេះ គឺធ្វើឲ្យអ្នករិះគន់ដើម្បីស្ថាបនាកែលម្អលើផលប្រយោជន៍សម្រាប់ប្រទេសជាតិ សហគមន៍ត្រូវបាក់ស្មារតីជាបន្តបន្ទាប់ ដោយសារជាប់បណ្ដឹងមួយចំនួនចាប់តាំងពីឆ្នាំ២០០៧មក ហើយពេលនេះទៀតសោត សិទ្ធិសេរីភាពសម្ដែងមតិរឹតតែស្ថិតនៅក្នុងរង្វង់មួយតូចចង្អៀតថែមទៀតគួរឲ្យព្រួយបារម្ភទៅថ្ងៃខាងមុខ។
លោកបន្តថា ៖ «សេង គុណការ ជារឿងមួយដែលឃើញថា ការអនុវត្តក្រមព្រហ្មទណ្ឌថ្មីនេះវាបង្ហាញនូវការព្រួយបារម្ភរបស់សង្គមស៊ីវិលទៅវិញទេ ថាតើសេរីភាពបញ្ចេញមតិនៅកម្ពុជា វាមានលំហប៉ុណ្ណា?»។
ការព្រួយបារម្ភពីសំណាក់អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក អ៊ិត រ៉ាឌី ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការព្រួយបារម្ភនោះធ្វើឡើងមិនត្រឹមត្រូវទេ លោកគិតថា វាមិនមែនជាការរឹតបន្តឹងអ្វីនោះឡើយ សំខាន់គឺការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
មន្ត្រីសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត ទទួលស្គាល់ថា មាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌថ្មីមានភាពសុក្រឹតល្អ ប៉ុន្តែនៅមានមាត្រាមួយចំនួនទៀតទាមទារឲ្យមានការពន្យល់ ឬឲ្យនិយមន័យឲ្យបានច្បាស់បន្ថែមទៀត ព្រោះវាអាចធ្វើឲ្យអ្នកអនុវត្ត ឬអ្នកបកស្រាយច្បាប់មួយចំនួនឆ្លៀតកេងចំណេញលើបញ្ហានេះ។
លោក ចាន់ សុវ៉េត មានប្រសាសន៍បន្ត ៖ «ខ្លាចលោមិនអនុវត្តទៅតាមក្រម ព្រោះមន្ត្រីនគរបាល រួមទាំងប្រព័ន្ធតុលាការ ខ្ញុំថា ស្ថិតនៅក្នុងដំណាក់កាលដែលគេមើលឃើញថា មិនឯករាជ្យ ហើយភាពមិនឯករាជ្យនេះឯងដែលជាសញ្ញាណបញ្ជាក់អំពីការភ័យព្រួយរបស់សង្គមស៊ីវិលអំពីការសម្ដែងមតិ»។
មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋាភិបាលមិនទាន់បានគិតដល់ការស្នើណាមួយលើការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌថ្មីនោះទេ ផ្ទុយទៅវិញលោកថា គ្រប់គ្នាគួរតែសាទរចំពោះតុលាការដែលបានយកច្បាប់មកអនុវត្តបានត្រឹមត្រូវ ដើម្បីរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខក្នុងសង្គម បញ្ចៀសបាននូវភាពអនាធិបតេយ្យនានា។
លោក ទិត សុធា បន្តថា ៖ «អ្នកទាំងអស់គ្នាតែងតែរិះគន់ថា តុលាការនេះស្ថិតនៅក្រោមគំនាប នៅពេលណាគេយកច្បាប់មកអនុវត្ត ហេតុអីចោទប្រកាន់ថា មានការបំបិទសិទ្ធិ? យើងត្រូវដឹងថា សិទ្ធិសេរីភាពទាំងអស់ គឺត្រូវស្ថិតនៅក្រោមអំណាចនៃច្បាប់ យើងមិនគួរធ្វើអ្វីមួយដោយមិនគោរពច្បាប់ទម្លាប់នោះទេ។ នេះជាការស្រែកដដែលៗ ជាមេសូត្ររបស់ក្រុមប្រឆាំង និង NGO ប្រឆាំងនឹងរដ្ឋាភិបាល ដែលយើងចាត់ទុកថា មិនមានអីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះពួកគេតែងតែមានទម្លាប់អ្វីដែលផ្ទុយពីច្បាប់បែបនេះ»។
ទោះយ៉ាងនេះក្ដី អង្គការសិទ្ធិមនុស្សលីកាដូ បានចេញនូវសេចក្ដីថ្លែងការណ៍មួយនៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែធ្នូ គឺនៅក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះនៃការកាត់ក្តីលោក សេង គុណការ ដោយបានហៅការបើកសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញនេះ គឺពុំមានមូលដ្ឋានត្រឹមត្រូវប្រកបដោយភាពយុត្តិធម៌នោះទេ។
សេចក្ដីថ្លែងការណ៍ដដែលបានហៅការបើកសវនាការនេះធ្វើឡើងដោយឆក់កណ្ដៀត ដែលសឲ្យឃើញថា ការបង្ក្រាបទៅលើសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា កាន់តែអាក្រក់ទៅៗ។
ក្រមព្រហ្មទណ្ឌថ្មីបានចូលជាធរមានចាប់ពីថ្ងៃទី១១ ខែធ្នូ សម្រាប់នៅក្នុងទីក្រុងភ្នំពេញ ចំពោះនៅតាមបណ្ដាខេត្ត ការអនុវត្តក្រមព្រហ្មទណ្ឌថ្មីនេះ ច្បាប់ផ្ដើមធ្វើនៅថ្ងៃទី២១ ឆ្នាំ២០១០នេះ។
ក្រមព្រហ្មទណ្ឌថ្មីមានចំនួន ៦៧២មាត្រា បានចែងជាលម្អិតដូចជា អ្នកទទួលទានស្រា អ្នកជេរប្រមាថគេ អ្នកអូសទាញគេឲ្យប្រព្រឹត្តអំពើស្រើបស្រាល អ្នកអូសទាញ ឬញុះញង់ក្មេងៗឲ្យផឹកស្រាជាដើម សុទ្ធតែមានជាប់ទោសទាំងអស់។
មានជាអាទិមាត្រាទី៣០៥ ស្ដីអំពីការបរិហារកេរ្តិ៍ បាននិយាយថា ការអះអាងបំផ្លើស ការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់កិត្តិសព្ទ កិត្តិយសអ្នកដទៃ គឺជាការបរិហារកេរ្តិ៍ ហើយការបរិហារកេរ្តិ៍នោះ មានការបរិហារកេរ្តិ៍តាមសម្ដី តាមរូបគំនូរ លិខិត តាមសារ តាមទីសាធារណៈ និងសាលប្រជុំសាធារណៈជាដើម។ បទបរិហារកេរ្តិ៍មួយនេះ នឹងត្រូវផ្ដន្ទាទោសជាប្រាក់មួយសែនរៀល ទៅ ១០លានរៀល។
គិតចាប់តាំងពីឆ្នាំ២០០៨ មកដល់ចុងខែវិច្ឆិកា កន្លងទៅ មានមន្ត្រីអ្នកការពារសិទ្ធិមនុស្សចំនួន ៣៨នាក់ កំពុងជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀតនៅឡើយ៕