លោក ដេវិដ វែល (Dave Welcg) មេបញ្ជាការទទួលបន្ទុកកម្មវិធីហ្វឹកហ្វឺនសន្តិសុខលើផ្ទៃសមុទ្រ មកពីនាវាចម្បាំងសហរដ្ឋអាមេរិកឈ្មោះ USS Crommelin ឬ FFG 37 ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែតុលា មានប្រសាសន៍ថា កងទ័ពជើងទឹកអាមេរិកប្រមាណ ៦០០នាក់ នឹងផ្ដល់ជំនាញប្រយុទ្ធ ឬជួយសង្គ្រោះពេលនាវាចម្បាំងជួបគ្រោះអាសន្នដល់កងទ័ពជើងទឹកកម្ពុជា អំពីវិធីសាស្ត្រទប់ទល់ និងជួយសង្គ្រោះនាវានៅលើផ្ទៃសមុទ្រ។
ទោះយ៉ាងនេះក្ដី លោកមេបញ្ជាការមិនបានបញ្ជាក់ច្បាស់ពីការធ្វើលំហាត់សមយុទ្ធមានប៉ុន្មានវិញ្ញាសា និងផ្ដោតលើជំនាញអ្វីខ្លះឲ្យពិតប្រាកដនោះទេ ដោយបញ្ជាក់ខ្លីថា ជារឿងលាក់ការរបស់កងទ័ពជើងទឹកកម្ពុជា។ ប៉ុន្តែលោកបានថ្លែងថា ជំនាញអ្វីក៏ដោយឲ្យតែខាងភាគីកម្ពុជា ស្នើឲ្យកងទ័ពអាមេរិកហ្វឹកហ្វឺន គឺកងទ័ពអាមេរិកផ្ដល់ជូនទៅតាមសំណើ។
លំហាត់ហ្វឹកហ្វឺនសន្តិសុខលើផ្ទៃសមុទ្ររយៈពេល ៦ថ្ងៃនៅកម្ពុជា រវាងកងទ័ពជើងទឹកអាមេរិក និងកម្ពុជា ជិត ១ពាន់នាក់ចូលរួម ហើយបានចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១០ នៅខេត្តព្រះសីហនុ។
លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក ទទួលបន្ទុកមូលដ្ឋានទ័ពលំហសមុទ្ររាម មានប្រសាសន៍ថា លំហាត់ហ្វឹកហ្វឺនដូចគ្នានេះ កងទ័ពអាមេរិកបានជួយដល់កងទ័ពកម្ពុជា ម្តងរួចហើយ កាលពីខែមិថុនា ឆ្នាំ២០១០។ លោកថា លំហាត់ហ្វឹកហ្វឺននេះ បាននាំឲ្យកងទ័ពកម្ពុជា ទទួលបានបទពិសោធន៍ជាច្រើនពីយុទ្ធសាស្ត្រប្រយុទ្ធជាមួយសត្រូវនៅលើផ្ទៃទឹក និងការជួយសង្គ្រោះនៅពេលជួបគ្រោះអាសន្នកើតឡើង។
លំហាត់ហ្វឹកហ្វឺនសន្តិសុខលើផ្ទៃសមុទ្រលើកទី២ នៅកម្ពុជា មិនត្រូវបានលោក ដេវីដ វែល មេបញ្ជាការកងទ័ពជើងទឹកអាមេរិក បញ្ជាក់ច្បាស់នៅឡើយអំពីការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាមេរិក និងកម្ពុជា ថាតើអាចនឹងមានប្រើគ្រាប់ពិត ឬយ៉ាងណានោះទេ ព្រោះកំពុងស្ថិតក្នុងការពិភាក្សាគ្នារវាងមេបញ្ជាការកងទ័ពទាំងពីរប្រទេសជាមុន។
លោកវរសេនីយ៍ត្រី មៃក៍ ម៉ឡេយ៍ (Mike Morley) ប្រធានកិច្ចការសាធារណៈនៃកងទ័ពជើងទឹកអាមេរិក សម្រាប់លំហាត់សមយុទ្ធសន្តិសុខលើផ្ទៃសមុទ្រ ឬហៅថា CARAT ឆ្នាំ២០១០ នៅកម្ពុជា បានចាត់ទុកការធ្វើលំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរថា បង្ហាញឲ្យឃើញពីការផ្សាភ្ជាប់ទំនាក់ទំនងកងទ័ពទាំងពីរប្រទេសឲ្យកាន់តែជិតស្និទ្ធថែមទៀតទៅថ្ងៃអនាគត។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ចំណុចសំខាន់នៃការធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធលើផ្ទៃទឹកឆ្នាំ២០១០ នៅកម្ពុជា គឺផ្ដោតទៅលើផ្នែកនានានៃសន្តិសុខដែនសមុទ្រ រួមទាំងការមុជទឹក និងជួយស្រោចស្រង់សន្តិភាពកំពង់ផែ ការប្រើប្រាស់ និងថែទាំទូកតូចៗ។ ការទប់ស្កាត់នៅលើផ្ទៃសមុទ្រ ប្រតិបត្តិការឡើងលើនាវា ដើម្បីធ្វើការឆែកឆេរ និងឃាត់ទុក ប្រតិបត្តិការលើយន្តហោះលើសមុទ្រ និងកម្មវិធីផ្នែកវិស្វកម្ម និងផ្នែកពេទ្យជួយដល់ពលរដ្ឋក្រីក្រ៕