ជុំវិញការប្រើប្រាស់រថយន្តរបស់ជនស៊ីវិល ដោយមានពាក់ផ្លាកលេខផ្លូវការរបស់រដ្ឋ គឺផ្លាកលេខខេមរភូមិន្ទនិងពាក់ផ្លាកលេខនគរបាលនោះ លោក កែវ សាវិន ជាប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាសមាជិកក្រុមការងារតាក់តែងច្បាប់ចរាចរណ៍ផ្លូវគោក បានថ្លែងថា រថយន្តរបស់កម្មសិទ្ធិជនស៊ីវិលដែលពាក់ផ្លាកលេខរដ្ឋទាំងនោះត្រូវបានចាត់ទុកថា ជារថយន្តខុសច្បាប់។
លោក កែវ សាវិន មានប្រសាសន៍ដូច្នេះថា ៖ «ឡានដែលគេជិះរាល់ថ្ងៃនេះ មានឡង់គ្រិស័រ មានឡានតូច ឡានធំ មានម៉ូតូ ដែលមានដាក់ស្លាកលេខទាំងអស់នេះ គឺសុទ្ធតែក្លែងក្លាយទាំងអស់ គឺខុសច្បាប់ មិនថា ក្លែងក្លាយទេ គឺគេចុះបញ្ជីរបស់គេត្រឹមត្រូវ ប៉ុន្តែខុសច្បាប់ទាំងអស់។ ហើយបើថា របស់ខ្លួនជារបស់រដ្ឋមែន គឺលេខនគរបាលជាតិ គឺមានលេខរដ្ឋ ០៧ ហើយខាងយោធា គឺរដ្ឋ០៦។ អ៊ីចឹងបើថាជារបស់រដ្ឋ គឺត្រូវតែទៅពាក់លេខ ០៦ ឬ ០៧ ប៉ុន្តែបើពាក់ ន.ប. ឬក៏ខេមរភូមិន្ទ ជញ្ជាំងវាដាច់ខាតត្រូវតែដាក់ឡូហ្គោ ពីព្រោះជាឡានដែលដាក់សញ្ញាឡូហ្គោទៅតាមប្រភេទពណ៌ ដែលអង្គភាពគេត្រូវដាក់»។
រថយន្តភាគច្រើនដែលមានពាក់ផ្លាកលេខខេមរភូមិន្ទ ឬពាក់ផ្លាកលេខនគរបាល ត្រូវគេសង្កេតឃើញថា មិនមានពាក់រូបសញ្ញាខេមរភូមិន្ទ ឬរូបសញ្ញានគរបាលជាតិនៅលើជញ្ជាំងរថយន្តនោះឡើយ។
លោក កែវ សាវិន បានអធិប្បាយតាមផ្លូវច្បាប់អំពីរបៀបនៃការប្រើប្រាស់រថយន្តដែលពាក់ផ្លាកលេខខេមរភូមិន្ទ ឬពាក់ផ្លាកលេខនគរបាលទាំងនេះយ៉ាងដូច្នេះថា៖ «របស់រដ្ឋហ្នឹង គឺគេដាក់នគរបាល ឬក៏ខេមរភូមិន្ទហ្នឹង គឺជាស្លាកលេខសម្រាប់យានយន្តពិសេស សម្រាប់តែការពារសន្តិសុខសណ្ដាប់ធ្នាប់ដឹកទ័ព ឬក៏បំពាក់ទៅលើ[រថពាសដែក] ឬក៏រថក្រោះ ឬក៏ថា យានយន្តពិសេសដើម្បីបម្រើឲ្យសុវត្ថិភាពដឹកជញ្ជូនទ័ព សុវត្ថិភាពអីទេ។ ហើយស្លាកហ្នឹង គឺយានទាំងឡាយនោះ គឺសុទ្ធតែមានឡូហ្គោទាំងអស់ ឡូហ្គោរបស់កងខេមរភូមិន្ទ ឡូហ្គោ របស់នគរបាលជាតិ»។
លោក កែវ សាវិន មានប្រសាសន៍បន្តទៀតថា ៖ «ហើយមិនអាចយកប័ណ្ណបើកបរសម្រាប់បើកយានយន្តបានជម្រាបជូនអម្បាញ់មិញហ្នឹង មកបើកលើផ្លូវសាធារណៈដូចយានយន្តសាមញ្ញបានទេ»។
ជាមួយនឹងការគូសបញ្ជាក់របស់លោក កែវ សុវិន អំពីការប្រើប្រាស់ផ្លាកលេខរថយន្តដោយអនាធិបតេយ្យ ជាពិសេសការប្រើប្រាស់ផ្លាកលេខរដ្ឋនោះនៅប្រទេសកម្ពុជា គេសង្កេតឃើញថា មានរថយន្តនិងទោចក្រយានយន្តពាក់ស្លាកលេខខុសៗយ៉ាងហោច ១៨ផ្លាកលេខសម្គាល់ ហើយនៅក្នុងនោះក៏មានមធ្យោបាយធ្វើដំណើរខ្លះ មិនមានផ្លាកលេខសម្គាល់ផងដែរ។
សម្រាប់រថយន្ត គេសង្កេតឃើញថា មានពាក់ស្លាកលេខខុសៗដូចជា ផ្លាកលេខស៊ីវិលស៊េរីថ្មី និងស៊េរីចាស់ ផ្លាកលេខបណ្តោះអាសន្ន ផ្លាកលេខខេមរភូមិន្ទ ផ្លាកលេខនគរបាល រាជការ ផ្លាកលេខរដ្ឋ រដ្ឋសភា ព្រឹទ្ធសភា ព្រះបរមរាជវាំង។ ជាមួយគ្នានេះ រថយន្តខ្លះទៀតពាក់ផ្លាកលេខជាភាសាអង់គ្លេស ដូចជា AT, OI, ONU, ONG, CMD និង CD ជាដើម។
ក្នុងចំណោមរថយន្តទាំងនោះ ក៏មានរថយន្តខ្លះទៀត ថែមទាំងមានប្រើប្រាស់ប័ណ្ណអនុញ្ញាតចេញចូលពិសេសរបស់ក្រសួងការងារនីមួយៗ យ៉ាងហោចពីមួយផ្លាករហូត ៤ ឬ ៥ផ្លាកផ្សេងៗគ្នាផង ដោយផ្លាកទាំងនោះត្រូវគេបំពាក់នៅកញ្ចក់រថយន្តខាងមុខ។
ចំណែកឯទោចក្រយានយន្តឬម៉ូតូវិញ គេក៏ឃើញមានពាក់ផ្លាកលេខខុសៗគ្នាផងដែរ ដែលក្នុងនោះ រួមមានផ្លាកលេខស៊ីវិលស៊េរីថ្មីនិងស៊េរីចាស់ ផ្លាកលេខនគរបាល ផ្លាកលេខខេមរភូមិន្ទ ផ្លាកលេខសារព័ត៌មាន ផ្លាកលេខ OI និង ONG ហើយក៏មានម៉ូតូមិនមានពាក់ផ្លាកលេខដែរ ក៏ប៉ុន្តែគេឃើញមានកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ។
ច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានព្រះករុណាព្រះបាទ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមឆ្នាំ២០០៧។
លោក កែវ សាវិន មានប្រសាសន៍ថា បន្ទាប់ពីច្បាប់នេះចូលជាធរមានរយៈពេលមួយឆ្នាំ រថយន្តឯកជនទាំងអស់ គឺច្បាប់តម្រូវឲ្យប្រើប្រាស់ស្លាកលេខឯកជន បើមិនដូច្នេះទេ គឺជាការខុសច្បាប់ ៖ «គឺខុសច្បាប់ហើយ ល្មើសនឹងច្បាប់ហើយ ខុសតែម្ដង ព្រោះច្បាប់មិនអនុញ្ញាតទេ មានទទួលទោសយ៉ាងម៉េចៗ គឺមាននៅក្នុងច្បាប់គេ»។
ចំណែកឯមន្ត្រីចរាចរណ៍ផ្លូវគោកមួយរូបមានប្រសាសន៍ថា បើទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោកនេះ តម្រូវឲ្យអនុវត្តចំពោះយានយន្តដែលពាក់ផ្លាកលេខមិនត្រឹមត្រូវ ចាប់តាំងពីខែមីនា ឆ្នាំ២០០៨នេះក៏ដោយ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍មិនអាចចាត់វិធានការចំពោះការបំពានច្បាប់នេះនៅឡើយទេ។
រថយន្តមួយចំនួន មិនត្រឹមតែពាក់ផ្លាកលេខខេមរភូមិន្ទ ឬពាក់ផ្លាកលេខនគរបាល ដោយមិនត្រឹមត្រូវនោះទេ សូម្បីតែការបើកបរក៏មិនត្រឹមត្រូវដែរ។
ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ គឺលោក ទីន ប្រសើរ មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «អាហ្នឹងយើងមើល ដូចទម្លាប់អាក្រក់ពីមុនមក ជួនកាលឡានឯកជនខ្លះ ក៏គេសុំស្លាកលេខរបស់រដ្ឋដែរ ព្រោះខាងក្រសួងមហាផ្ទៃ មានសេចក្ដីជូនដំណឹងមួយ ហើយថា ស្លាកលេខរដ្ឋហ្នឹង ត្រូវតែមានបំពាក់ស្លាកលេខ ន.ប. អ៊ីចឹង ត្រូវមានប័ណ្ណសម្គាល់រថយន្តអីត្រឹមត្រូវអ៊ីចឹង ប៉ុន្តែកន្លងមក ក៏ការត្រួតពិនិត្យហ្នឹង វាមានការលំបាកណាស់ សូម្បីតែអ្នកមានបណ្ដាស័ក្ដិ អ្នកស៊ីវិលយើងធម្មតាហ្នឹង ក៏មានប្រើប្រាស់ដែរ ប្រើប្រាស់លេខក្លែងក្លាយអ៊ីចឹងដែរ ស័ក្ដិធំៗពេកក៏ពិបាកដែរ»។
លោក ទីន ប្រសើរ មានប្រសាសន៍បន្តទៀតថា មានតែការបង្កើតក្រុមត្រួតពិនិត្យចម្រុះដែលរួមមានក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិប៉ុណ្ណោះ ទើបអាចបង្ក្រាបករណីប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវនេះបាន។
លោក ទីន ប្រសើរ ថ្លែងដូច្នេះថា ៖ «សហការគ្នាបង្កើតក្រុមចម្រុះមួយអ៊ីចឹងទៅ អាហ្នឹងបានធ្វើបាន បើធ្វើតែប៉ូលិសចរាចរណ៍ទេ អត់បានទេ»។
កន្លងមកថ្មីៗនេះ យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទធ្លាប់ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយអ្នកវិនិយោគឯកជនថា រថយន្តមួយចំនួននោះ ត្រូវបានគេប្រើប្រាស់យកទៅដឹកទំនិញឯកជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក ក៏ធ្លាប់បញ្ជាឲ្យមានការបកជ័រផ្លាស្ទិចពណ៌ខ្មៅឬពណ៌ទឹកតែ ដែលបិទជាប់នៅកញ្ចក់ទ្វារទាំងសងខាងនៃរថយន្តផងដែរ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសចាប់ជំរិតនាពេលនោះ។
ទោះបីយ៉ាងណាក៏ដោយ ករណីនៃការប្រើប្រាស់ផ្លាកលេខយានយន្តដោយមិនត្រឹមត្រូវនេះ នៅមិនទាន់មានកិច្ចអន្តរាគមន៍បង្រ្កាបនៅឡើយទេ៕