នេះបើតាមការថ្លែងឲ្យដឹងរបស់លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ ៖ «តាមពិតវៀតណាមធ្លាប់ឲ្យយើងច្រើនដងហើយ ហើយយើងក៏ធ្វើការជាមួយវៀតណាមនេះ៧-៨ឆ្នាំដែរ នៅក្នុងកម្រិត៣ នៅក្នុងកម្រិតរដ្ឋ ស្ថាប័ន ហើយនិងជាបុគ្គល ហើយមកទល់ថ្ងៃនេះគឺថាវៀតណាមបានឲ្យជាហ្វីលកុនបន្ថែមទៀត»។
ឯកសារភាពយន្តដែលវៀតណាមឲ្យកម្ពុជាទាំង១៦ចំណងជើងនោះគឺភាគច្រើនទាក់ទិននឹងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមដែលរួមមានសកម្មភាពខ្មែរក្រហមសម្លាប់ប្រជាជនវៀតណាមនៅខេត្តតៃនិញនៅថ្ងៃទី២៤ កញ្ញា ១៩៧៧, ភស្តុតាងឧក្រិដ្ឋកម្មរបស់ ប៉ុល ពត នៅខេត្តព្រៃវែង និងស្ថានភាពកុមារកម្ពុជានៅក្នុងរបបខ្មែរក្រហមជាដើម។
យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រទេសវៀតណាមធ្លាប់បានជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅទៅនឹងការកកើតនៃចលនាតស៊ូខ្មែរក្រហមនិងការដួលរលំទៅវិញនៃរបបវាលពិឃាតខ្មែរក្រហមផងដែរ។
ជាមួយគ្នានេះគុកដ៏ធំមួយរបស់ខ្មែរក្រហមគឺគុកទួលស្លែង ឬហៅថា មន្ទីរស-២១ និងឯកសារជាច្រើននៅទីនោះ គឺអ្នកជំនាញការវៀតណាមបានដើរតួនាទីដំបូងបំផុតក្នុងការគ្រប់គ្រងនិងរៀបចំឡើងវិញនៅទីនោះ។
គេនៅមិនទាន់ដឹងច្បាស់ថា តើមានឯកសារច្រើនកម្រិតណាត្រូវបានវៀតណាមប្រមូលយកចេញពីកម្ពុជានាអំឡុងពេលដែលវៀតណាមត្រួតត្រាកម្ពុជារវាងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩នោះនៅឡើយទេ។
ក៏ប៉ុន្តែ លោក ឆាំង យុ បានថ្លែងឲ្យថាប៉ុន្មានឆ្នាំចុងក្រោយនេះគឺវៀតណាមបានប្រគល់ឯកសារឲ្យជាបន្តបន្ទាប់មកកម្ពុជា។
លោក ឆាំង យុ បានមានប្រសាសន៍ថា ៖ «ខ្ញុំគិតថា ដោយសារថាមានការអំពាវនាវពីយើងដើម្បីរកឯកសារឲ្យកាន់តែច្រើន ឲ្យកាន់តែឥតខ្ចោះ ឲ្យកាន់តែមិនអាចមានការមន្ទិលសង្ស័យហ្នឹង ខាងវៀតណាមក៏បានឆ្លើយតបពីការស្នើសុំរបស់យើងចំពោះភាពយន្តឯកសារ។ វៀតណាមបានឲ្យយើងជាឯកសារក្រដាស ហើយយើងធ្លាប់បានជារូបថត ហើយមានជាសម្ភាសន៍អ្នកដែលធ្លាប់បានឆ្លងកាត់ឬប្រឡូកនៅក្នុងសមរភូមិជាមួយវៀតណាម យើងមានទាំងអស់ហ្នឹង»។
លោក ឆាំង យុ ថ្លែងបន្ថែមថា ៖ «យើងនិយាយពីប្រទេសនៅក្នុងតំបន់អាស៊ាន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរដែលផ្ដល់ឯកសារ ហើយប្រទេសទីពីរហ្នឹងគឺប្រទេសលាវ។ ក្រៅពីហ្នឹងអត់មានប្រទេសណាមួយនៅអាស៊ាននេះដែលផ្ដល់ឯកសារឲ្យយើងទេ សូម្បីតែថៃដែល នួន ជា ដែលធ្លាប់បានសិក្សានៅធម្មសាសនោះ ក៏មិនបើកចំហឯកសារចំពោះយើងដែរ។ បើយើងនិយាយនៅក្នុងតំបន់គឺមានតែវៀតណាមហើយនិងលាវទេ»។
យោងតាមប្រសាសន៍របស់លោក ឆាំង យុ ក្រៅពីប្រទេសវៀតណាមនិងប្រទេសលាវ គឺមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារស្តីអំពីកម្ពុជាមួយចំនួនទៀតពីប្រទេសបារាំង សហរដ្ឋអាមេរិក កាណាដា ហុល្លង់ ស៊ុយអែត ន័រវេស ដេនម៉ាក អាហ្វ្រិក និងប្រទេសអាឡឺម៉ង់ផងដែរ៕