ប្រវត្តិ​វាល​ពិឃាដ​បឹង​ជើងឯក

វាល​ពិឃាដ​មនុស្ស​បឹង​ជើងឯក មាន​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ នា​ប៉ែក​និរតី​នៃ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ។

0:00 / 0:00

ឯកសារ​នានា​ដែល​និយាយ​អំពី​របប​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម តំបន់​វាល​ពិឃាដ​នេះ ជា​កន្លែង​ទទួល​សម្លាប់​មនុស្ស​ដែល​គេ​បញ្ជូន​មក​ពី​គុក​ទួលស្លែង ឬ​មន្ទីរ​ស.២១ ហើយ​ក៏​ជា​កន្លែង​សម្រេច​ផែនការ​សម្លាប់​មនុស្ស​ដែល​ពួក​ខ្មែរ​ក្រហម​ចោទ​ថា ជា​ខ្មាំង​ប្រឆាំង​នឹង​អង្គការ។

បុរស​វ័យ​កណ្ដាល​ម្នាក់​ជា​អ្នក​ភូមិ​រលួស ឬ​អតីត​តំបន់​ពិឃាដ​មនុស្ស​ជើងឯក មាន​ឈ្មោះ ម៉ៅ ថល បច្ចុប្បន្ន​​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តំបន់​វាល​ពិឃាដ​ជើងឯក​នេះ បាន​អធិប្បាយ​​ដោយ​ទឹក​មុខ​ស្ងួត និង​ចោល​​ភ្នែក​ទៅ​រក​កន្លែង​តម្កល់​លលាដ៍​ក្បាល​សាកសព ដែល​នៅ​ចម្ងាយ​​ប្រហែល ២០​ម៉ែត្រ​ពី​ខ្លួន​លោក ដោយ​មាន​ប្រសាសន៍​មួយៗ​ថា នៅ​ឆ្នាំ​១៩៧៩ លោក​មាន​សំណាង​បាន​គេច​ផុត​ពី​​ការ​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម បាន​វិល​មក​ស្រុក​កំណើត​វិញ ទើប​ដឹង​ថា តំបន់​ដី​ទួល​ក្នុង​ភូមិ​រលួស ឈ្មោះ​បឹង​ជើងឯក ដែល​ជា​អតីត​កន្លែង​​បញ្ចុះ​សព​ជន​ជាតិ​ចិន និង​មួយ​ភាគ​ជា​ចម្ការ​មៀន​របស់​ភូមិ​ ទំហំ​ប្រមាណ​ជាង ២​ហិកតា​នោះ ​ត្រូវ​គេ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ស័ង្កសី និង​បន្លា​លួស​កម្ពស់​ផុត​ក្បាល ជា​កន្លែង​សម្រាប់​ពិឃាដ​មនុស្ស​ដែល​ជា​អ្នក​ទោស​យក​មក​ពី​គុក​ទួល​ស្លែង។

លោក ម៉ៅ ថល ឲ្យ​ដឹង​ដូច្នេះ ៖ «ពេល​គាស់​ហ្នឹង​យើង​ឃើញ​សាកសព​រុំ​មុខ ចង​ស្លាប​សេក​ដៃ ស្អុយ​ពាសពេញ ហើយ​នៅ​ក្នុង​ហ្នឹង​មាន​គុក​មួយ បណ្ដោយ​តូច​ដែរ​ទេ។ ជន​រង​គ្រោះ​ស្លាប់​ទី​នេះ គឺ​អ្នក​ចេះ​ដឹង​ភាគ​ច្រើន ហើយ​ការ​ធ្វើ​ឃាត​នេះ​ច្រើន​ឆក់​ខ្សែ​ភ្លើង ថ្នាំ​ពុល វាយ​នឹង​ត្បូង​ចប​។ល។»

អ្នក​ភូមិ​រលួស​ម្នាក់​ទៀត គឺ​លោក ណូ ប៊ុនថន មាន​វ័យ​ប្រមាណ​ជាង ៤០​ឆ្នាំ ដែល​ឪពុក​ម្ដាយ​លោក​ជា​អតីត​ម្ចាស់​ដី​ចម្ការ​មៀន ​​ហើយ​ត្រូវ​ក្រុម​ខ្មែរ​ក្រហម​ព័ទ្ធ​យក​ធ្វើ​ជា​ទី​វាល​ពិឃាដ​មនុស្ស បាន​ឲ្យ​ដឹង​ថា ឆ្នាំ​១៩៧៥ គ្រួសារ​លោក​​ត្រូវ​គេ​ជម្លៀស​ចេញ​ដូច​គ្នា​ ប៉ុន្តែ​តាម​ឪពុក​មា​របស់​លោក​ជា​អតីត​អ្នក​ទោស​ជាប់​គុក​នៅ​ខេត្ត​តាកែវ ក៏​ប៉ុន្តែ​គេ​បញ្ជូន​ឲ្យ​មក​រក​ត្រី​នៅ​បឹង​ជើងឯក ទើប​បាន​ដឹង​ថា តំបន់​ទួល​ម៉ុង​ចិន ត្រូវ​គេ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ស័ង្កសី​ និង​បន្លា​លួស​ផុត​ក្បាល​មិន​ឲ្យ​នរណា​ម្នាក់​ទៅ​ជិត​ទ្បើយ​ គឺ​ទី​នោះ​ស្ថិត​នៅ​ជា​អាថ៌​កំបាំង​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ប៉ុន្តែ​ជា​ញឹកញាប់ គេ​តែង​តែ​ឮ​បទ​ចម្រៀង​បដិវត្តន៍​ចាក់​តាម​ម៉េក្រូ​ចេញ​ពី​កន្លែង​ហ៊ុម​ព័ទ្ធ ដែល​គ្រប់គ្រង​ដោយ​ប្រធាន​ស.២១ ឬ​គុក​ទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច។

តាម​ឯកសារ​ពី​មជ្ឈមណ្ឌល​វាល​ពិឃាដ​បាន​ឲ្យ​ដឹង​ថា សំឡេង​ម៉េក្រូ​ដែល​គេ​ចាក់​ចេញ​មក​នោះ គឺ​ដើម្បី​បន្លប់​កុំ​ឲ្យ​ឮ​សំឡេង​ស្រែក​ថ្ងូរ​ឈឺ​ចាប់​របស់​អ្នក​ទោស ដែល​គេ​បាន​ធ្វើ​ទារុណកម្ម និង​វាយ​សម្លាប់​នៅ​ក្នុង​បរិវេណ​វាល​ពិឃាដ​នោះ​ចេញ​មក​ក្រៅ។

លោក ណូ ប៊ុនថន បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ឆ្នាំ​១៩៧៩ ទើប​អាថ៌​កំបាំង​នៅ​ទី​នោះ​បាន​លាត​ត្រដាង​ ថា ជា​កន្លែង​ពិឃាដ​មនុស្ស ៖ «គ្រាន់​តែ​ត្រឡប់​មក​វិញ​ដឹង​ថា​មាន​សម្លាប់​មនុស្ស​ហើយ កាល​កាយ​សាកសព​ហ្នឹង​ក៏​ខ្ញុំ​បាន​ចូល​មើល​ផ្ទាល់​ដែរ។ មាន​ដំបង​គល់​ឫស្សី បំពង់​ទីប ត្បូង​ចប ស្នាម​វ៉ៃ ស្នាម​ឈាម​ប្រឡាក់​ត្បូង​ចប ដំបង​ហ្នឹង។ ឃើញ​គ្រប់​យ៉ាង​ទាំង​អស់ ហើយ​រណ្ដៅ​កប់​សាកសព​ហ្នឹង​វា​ស្រុត​ចុះ អ្នក​ខ្លះ​ក៏​ពុល​ឡើង រណ្ដៅ​ខ្លះ​អត់​ទាន់​កប់​ផង»

តាម​ឯកសារ​ជន​រង​គ្រោះ​ដែល​គេ​បាន​យក​មក​សម្លាប់​នៅ​ជើងឯក មាន​ចំនួន​ប្រមាណ​ជិត​ពីរ​ម៉ឺន​នាក់។

ឯកសារ​របស់​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក បាន​ពិពណ៌នា​ថា ការ​សម្លាប់​រង្គាល​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​នេះ គឺ​ជា​ឋាន​នរក​ប្រចាំ​សតវត្សរ៍​ទី​២០។

ឯកសារ​បង្ហាញ​ទៀត​ថា ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៨ មាន​កសិករ មន្រ្តី ទាហាន បញ្ញវន្ត អង្គ​ទូត ជន​បរទេស ជា​ពិសេស​កុមារ និង​ស្ត្រី​ប្រមាណ​ជិត ២​ម៉ឺន​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​តំបន់​បឹង​ជើងឯក។ ក្នុង​នោះ​មាន​ជនជាតិ​អឺរ៉ុប​ចំនួន ៩​នាក់​ផង​ដែរ។ កម្មាភិបាល ទាហាន​ខ្មែរ​ក្រហម ប្រជាជន​ដែល​ត្រូវ​គេ​ចោទ​ថា បាន​ក្បត់​អង្គការ ត្រូវ​បញ្ជូន​ពី​គុក​ទួលស្លែង មក​សម្លាប់​ទាំង​ដៃ​ជាប់​ចំណង និង​មាន​ក្រណាត់​ចង​រុំ​មុខ​ផង។

នៅ​តំបន់​ជើងឯក គេ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម មាន​ប្រមាណ ១២៩​រណ្ដៅ ដែល​គេ​ជីក​កាយ​តាម​មាត់​ស្រះ​ស្ថិត​ប្រប​នឹង​មាត់​បឹង​ជើងឯក នៅ​ឆ្នាំ​១៩៨០។ ប៉ុន្តែ​កាល​នោះ​គេ​គាស់​កកាយ​បាន​តែ ៨៦​រណ្ដៅ​ប៉ុណ្ណោះ ដែល​មាន​សាកសព​ចំនួន​​ប្រមាណ ៨.៩៨៥​នាក់។ ក្នុង​នោះ​ដែរ​គេ​ឃើញ​រណ្ដៅ​កប់​សាកសព​រួម​ធំ​មួយ​ដែល​មាន​ចំនួន ៤៥០​នាក់។ ក្រៅ​ពី​នេះ​មាន​រណ្ដៅ​សាកសព​សម្រាប់​ស្ត្រី និង​កុមារ​ចំនួន ១០០​នាក់ ស្ថិត​នៅ​ជាប់​នឹង​ដើម​អំពិល​បារាំង ឬ​ដើម​ច័នគិរី ប៉ែក​ខាង​ក្រោយ​មណ្ឌល​ពិឃាដ​មនុស្ស​បឹង​ជើងឯក ​ដែល​សាកសព​ក្មេងៗ​ទាំង​នោះ ពេជ្ឈឃាដ​សម្លាប់​ដោយ​បោក​នឹង​គល់​ឈើ។

លោក ណូ ប៉ុនថន អះអាង​ថា ករណី​នេះ​អាច​ជា​ការ​ពិត ព្រោះ​គេ​ឃើញ​គល់​ឈើ​នៅ​ទី​នោះ​រលាត់​សំបក មាន​ជាប់​សក់ និង​ឈាម ព្រមទាំង​ឧបករណ៍​សម្លាប់​មនុស្ស​ស្ថិត​នៅ​រប៉ាត់រប៉ាយ​ពាស​ពេញ​មាត់​រណ្ដៅ​ប្រឡាក់​សុទ្ធ​តែ​ឈាម។

លោក ណូ ប៉ុនថន អះអាង​ដូច្នេះ ៖ «បើ​តាម​ពិនិត្យ​មើល​ទៅ​អាច​បោក ព្រោះ​ត្បូង​ចប គល់​ភ្លៅ​រទេះ​ហ្នឹង​ដាក់​ក្បែរ​ហ្នឹង​ដែរ»

រណ្ដៅ​សាកសព​មួយ​ទៀត​មាន ១៦៦​នាក់ ដែល​សាកសព​ទាំង​នោះ​សុទ្ធ​តែ​ពុំ​មាន​ក្បាល។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ នៅ​ពេល​អ្នក​ភូមិ​វិល​មក​វិញ គេ​បាន​ទៅ​មើល​កន្លែង​ពិឃាដ​នោះ គេ​ឃើញ​មាន​ទិដ្ឋភាព​ស្ងាត់​ជ្រងំ មាន​ក្លិន​អសោច​ ឆ្អាប​ដោយ​ក្លិន​ឈាម។ នៅ​ទី​នោះ​គេ​ឃើញ​មាន​គុក​ងងឹត​មួយ​សង់​ពី​ឈើ ប្រក់​ស័ង្កសី មាន ២​ជាន់។ គុក​នេះ​គេ​សង់​ឡើង​សម្រាប់​ឃុំ​អ្នក​ទោស​ដែល​យក​មក​ពី​គុក​ទួលស្លែង ដោយសារ​ពេជ្ឈឃាដ​សម្លាប់​មិន​ទាន់។

ក្រៅ​ពី​នេះ មាន​រោង​ដាក់​សារធាតុ​ពុល​សម្រាប់​បញ្ចប់​ជីវិត​ចុង​ក្រោយ​របស់​អ្នក​ទោស និង​សម្រាប់​ស្រោច​ទៅ​លើ​សាកសព​កុំ​ឲ្យ​សាយ​ក្លិន​ស្អុយ​ចេញ​ទៅ​ក្រៅ។

​នៅ​ឆ្នាំ​១៩៨៩ ជើងឯក​បាន​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​ជាតិ សម្រាប់​ថែរក្សា​ទុក​ភស្តុតាង​នូវ​អំពើ​កាប់​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ និង​អមនុស្ស​ធម៌​របស់​ពួក​ខ្មែរ​ក្រហម និង​ជា​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​សម្រាប់​មនុស្ស​ជាតិ។

លលាដ៍​ក្បាល​ប្រមាណ ៥​ពាន់​ដែល​គេ​តម្កល់​នៅ​លើ​ស្តូប​កម្ពស់​ប្រហែល ៣០​ម៉ែត្រ ទទឹង​ប្រហែល ២០​ម៉ែត្រ ត្រូវ​បាន​គេ​កំដរ​ដោយ​បទ​ភ្លេង​ខ្មែរ​យ៉ាង​ស្រងេះស្រងោច​ជា​ប្រចាំ។

តាម​ប្រឡោះ​កញ្ចក់​ថ្លា លលាដ៍​ក្បាល​សាកសព​ជន​រង​គ្រោះ ថ្វី​ត្បិត​តែ​មិន​អាច​និយាយ​ស្ដី​បាន ប៉ុន្តែ​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​ហាក់​ដូច​ជា​កំពុង​សម្លឹង​មក​ភ្ញៀវ​ទេសចរណ៍ ហើយ​បញ្ជាក់​ថា ពួកគេ​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​សាលាក្ដី​ខ្មែរ​ក្រហម ដែល​កំពុង​ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​របស់​អតីត​ប្រធាន​គុក​ទួលស្លែង ឬ​មន្ទីរ​ស.២១ ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ​មក​ហើយ។

នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១០ សាលាក្ដី​ខ្មែរ​ក្រហម​នឹង​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​របស់ ឌុច ក្នុង​រឿង​មនុស្ស​ឃាត​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​ស.២១ និង​នៅ​វាល​ពិឃាដ​បឹង​ជើងឯក​នោះ​ដែរ៕