ប្រជាកសិករនៅខេត្តបាត់ដំបងអះអាងថា តម្លៃស្រូវចុះថោកជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់លក់កសិផលមិនបានប្រាក់កម្រៃចំណេញសម្រាប់ដោះស្រាយជីវភាពគ្រួសារឡើយ។ កសិករទាំងនោះកំពុងខ្វល់ខ្វាយខ្លាចដាច់ស្បៀងអាហារនៅពេលខាងមុខ ហើយគ្មានប្រាក់សងធនាគារដែលបានខ្ចីគេធ្វើដើមទុនដាំដុះកាលពីរដូវវស្សា។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះដោយសារខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
ប្រជាកសិករលើកឡើងស្រដៀងគ្នាថា នៅឆ្នាំ២០២០នេះជីវភាពរបស់ពួកគាត់កាន់តែក្រីក្រ ដោយសារជួបគ្រោះធម្មជាតិផ្ទួនៗគ្នា គឺគ្រោះទឹកជំនន់ផង និងការរាតត្បាតជំងឺកូវីដ១៩ផង ហើយចុងក្រោយនេះជួបបញ្ហាតម្លៃស្រូវចុះថោកទៀត។
ពលរដ្ឋនៅរស់នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ផន ផានី ថ្លែងថា ក្រោយពីជួបគ្រោះធម្មជាតិផ្ទួនៗហើយ តម្លៃស្រូវរបស់ពួកលោកក៏ចុះថោកទៀត ធ្វើឱ្យជីវភាពកាន់តែលំបាក ដោយកសិករខ្លះបាននាំគ្នាទៅស្វែងរកការងារនៅប្រទេសថៃបណ្ដើរៗហើយ។ កសិកររូបនេះឱ្យដឹងថា ឆ្នាំនេះលោកធ្វើស្រែចំនួន ៦ហិកតារ ដោយចំណាយអស់ដើមទុនប្រមាណ ២ពាន់ដុល្លារអាមេរិក ក្នុងនោះថវិកា៥០ភាគរយ លោកខ្ចីពីធនាគារ ដោយរំពឹងថា នឹងសងគេវិញក្រោយពេលប្រមូលផលស្រូវរួច ក៏ប៉ុន្តែអ្វីមិនដូចក្ដីស្រមៃឡើយ ។លោកនិយាយថា ទឹកជំនន់បានលិចស្រូវរបស់លោកខូចអស់ ៣ហិកតារ ចំណែក៣ហិកតារទៀតបានផលតិចតួចគឺបានប្រហែល ២តោនក្នុងមួយហិកតារ ហើយបានទិន្នផលតិចជាងពីឆ្នាំមុខពាក់កណ្ដាល។ កសិកររូបនេះបន្តថា ស្រូវរបស់លោកចាប់ផ្ដើមប្រមូលផលហើយ ស្រាប់តែតម្លៃចុះថោក ដោយស្រូវផ្ការំដួលតម្លៃប្រមាណ ៩៥០រៀលក្នុងគីឡូក្រាមប៉ុណ្ណោះ៖ «យ៉ាប់ខ្លាំងព្រោះឥឡូវអ្នកស្រែយើង ទី១យើងធ្វើដើមទុនវាអស់ច្រើន ដល់ពេលប្រមូលផលទៅលក់បានថោក។ ដល់ពេលស្រូវយើងបានភ្លាមចាប់ផ្ដើមថោក ដល់អីចឹងកសិករខ្មែរយើងវាជួបបញ្ហាអីចឹងច្រើន។ អ្នកខ្លះគេចង់ទៅថៃ ចំពោះខ្ញុំទៅចោលម្ដាយអត់រួចដល់អីចឹងទៅ នៅដាំបន្លែយកចំណូលសងថ្លៃជីគេ និងថ្លៃថ្នាំគេ»។
ស្រដៀងគ្នានេះកសិករនៅស្រុកថ្មគោលម្នាក់ទៀត គឺលោក ប៊ុត រ៉ាន់ រៀបរាប់ឱ្យដឹងថា កូនប្រុសរបស់លោកធ្វើស្រូវចំនួន ៥ហិកតារ ចំណាយអស់ថវិកាជិត២ពាន់ដុល្លារ។ លោកបន្ថែមថា ស្រូវចុះថោកប្រហែល ៣ថ្ងៃហើយ ធ្វើឱ្យពួកគាត់គ្មានកម្លាំងចិត្តប្រមូលផលស្រូវនោះទេ ពីព្រោះតម្លៃស្រូវសព្វថ្ងៃនេះ លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារឡើយ។ លោកនិយាយថា កសិករនៅតំបន់លោកមួយចំនួនបានបោះបង់របរដាំដុះបង្ខំចិត្តនាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេស ទាំងប្រថុយប្រថានក្នុងអំឡុងពេលកូវីដ១៩ ដើម្បីរកប្រាក់សងធនាគារ ពីព្រោះនៅក្នុងស្រុកគ្មានការងារធ្វើក្រៅអំពីរបរធ្វើស្រែឡើយ៖ «គ្រប់គ្នាមិនដឹងថា បានអីទប់អីទេឥឡូវហ្នឹងគាត់ត្អូញត្អែរខ្លាំងមែន ឥឡូវហ្នឹងដល់ពេលច្រូតរួចអត់ឱ្យតម្លៃគ្នា ដល់ពេលទៅមើលស្រែថាស្រូវហ្នឹងអាចបានលក់បាន៧៨០រៀលហើយ។ ដល់ពេលច្រូតទៅឱ្យគ្នា៧០០ ឬ៧២០អីទៅ ហើយម្នាក់ៗដើរគ្រវីក្បាលបណ្ដោយមិនដឹងយកទៅណាបើគាត់អត់មានពេលហាល ហើយគ្មានអីទុកដាក់ គាត់ត្រូវការយកលុយសងគេ។ កូវីដហើយជន់លិចទៀតហើយគាត់ជំពាក់លុយអាហ្នឹងធ្ងន់មែនទែន»។
ចំណែកកសិករនៅស្រុកមោងឫស្សី លោក ព្រំ ចាន់ថុក វិញនិយាយថា ឆ្នាំនេះលោកធ្វើស្រែនៅលើផ្ទៃដីចំនួន ៣០ហិកតារ ដោយចំណាយអស់ប្រាក់ប្រមាណ ៧ពាន់ដុល្លារ ក្នុងនោះប្រាក់ ៥០ភាគរយលោកខ្ចីពីធនាគារ។ កសិកររូបនេះ ឱ្យដឹងទៀតថា ទឹកជំនន់បានលិចស្រូវរបស់លោកខូចអស់ពាក់កណ្ដាលនៅសល់ប្រមាណ ១៥ហិកតារ ដោយចាប់ផ្ដើមប្រមូលផលបណ្ដើរៗហើយ។ លោកបន្ថែមថា ស្រូវទាំងនោះពេលប្រមូលផលហើយលក់មិនបានសងធនាគារនោះទេ ព្រោះតម្លៃស្រូវចុះថោក ដោយតម្លៃស្រូវស្រង៉ែឈ្មួញប្រមូលទិញពីកសិករប្រមាណ៨៨០រៀលក្នុងមួយគីឡូក្រាម ហើយស្រូវសែនក្រអូបតម្លៃ ១ពាន់រៀល(១.០០០)ក្នុងមួយគីឡូក្រាម ។ លោកបញ្ជាក់ថា តម្លៃស្រូវអាចនឹងចុះថោកបន្ថែមទៀត ពីព្រោះកសិករកំពុងប្រមូលផលមិនទាន់អស់នៅឡើយ៖ «បញ្ហាសំខាន់អាស្រូវបានតិចហើយដល់ពេលច្រូតថ្លៃទៀតដោយសារកសិករធ្វើស្រូវច្រើនហើយម៉ាស៊ីនច្រូត វាតិច វាច្រូតអត់ទាន់។ ម្ល៉ោះហើយស្រូវច្រូតបាន១តោនអីអាហ្នឹងកាន់តែវ័ណ្ឌកហើយ»។
កសិករទាំងនេះឱ្យដឹងទៀតថា ពួកគាត់បានដាំដុះឡើងវិញបានតិចតួច ដោយសារគ្មានប្រាក់ធ្វើដើមទុនបង្កបង្កើនផលលើកទី២។
ទាក់ទងនឹងបញ្ហានេះអនុប្រធានមន្ទីរកសិកររុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោក អ៊ឹម សុវណ្ណមុនី ប្រាប់អាស៊ីសេរីថា តម្លៃស្រូវចុះថោកដោយសារឆ្នាំនេះស្រូវរបស់កសិករមិនសូវមានគុណភាព បណ្ដាលមកពីទឹកជំនន់ជាន់លិចធ្វើឱ្យគ្រាប់ស្រូវមិនសូវស្អាតល្អ។ លោកបន្ថែមថា នៅក្នុងខេត្តបាត់ដំបង ដំណាំស្រូវត្រូវទឹកជំនន់លិចខូចអស់ ៤២.០០០ហិកតារ ប៉ុន្តែកសិករដាំដុះឡើងវិញបានជាង ១ម៉ឺនហិកតារហើយគិតត្រឹមថ្ងៃទី២២ វិច្ឆិកា៖ «គាត់ប្រើពូជដូចគ្នាពេលវេលាប្រមូលផលដូចគ្នា បានន័យថា ឈ្មួញមួយចំនួនគាត់ឆក់ឱកាសដែរ។ អីចឹងបានមន្ទីរកសិកម្មចង់ឱ្យប្រមូលផ្ដុំគ្នាក្រុមទៅជាសហគមន៍ វាងាយស្រួលគាត់ចរចាជាមួយឈ្មួញបាន។ អីចឹងយន្តការហ្នឹងយើងកំពុងតែរុញដែរ»។
លោកឱ្យដឹងថា ថ្វីបើឆ្នាំនេះជួបគ្រោះធម្មជាតិក្ដីក៏ទិន្នផលស្រូវនៅខេត្តបាត់ដំបងអាចនឹងបានទិន្នផលច្រើនជាងឆ្នាំកន្លងទៅ ពីព្រោះកសិករបានដាំដុះនៅលើផ្ទៃជាង ៣៧ម៉ឺនហិកតារ ហើយទិន្នផលស្រូវច្រើនជាងឆ្នាំមុនៗដែរ ដោយសារមានទឹកគ្រប់គ្រាន់ស្រោចស្រព។
កាលពីឆ្នាំមុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ប្រកាសថា នឹងបញ្ចេញថវិកាជាតិចំនួន ៥០លានដុល្លារអាមេរិក ដើម្បីផ្ដល់ឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ ខ្ចីយកទិញស្រូវពីកសិករស្តុកទុក ដើម្បីរក្សាតម្លៃស្រូវរបស់កសិករកុំឱ្យចុះថោក។
ទោះជាយ៉ាងណាប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន កត់សំគាល់ថា វិធានរបស់លោក ហ៊ុន សែន គ្រាន់តែការប្រកាសឱ្យល្អមើល ប៉ុន្តែការអនុវត្តជាក់ស្ដែងគឺពុំមានឡើយដូច្នេះហើយបានជាក្រុមឈ្មួញកណ្ដាលចាប់ដៃគ្នាបញ្ចុះតម្លៃស្រូវរបស់កសិករជារៀងរាល់ឆ្នាំ។
មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយថា តម្លៃស្រូវនេះចុះថោកនេះបណ្ដាលមកពីរដូវនេះជារដូវដែលកសិករនៅប្រទេសកម្ពុជា ថៃ និងវៀតណាមប្រមូលផលស្រូវព្រមគ្នា ធ្វើឱ្យបរិមាណស្រូវច្រើនជាងតម្រូវការ នៅក្នុងទីផ្សារ។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែបញ្ចេញថវិកាជាតិប្រមូលទិញស្រូវពីកសិករយកទៅស្តុកទុក ដើម្បីកិនស្រូវទៅជាអង្ករនាំចេញទៅលក់នៅក្រៅប្រទេស ព្រមទាំងជួយទប់ស្កាត់កុំឱ្យមិនឱ្យក្រុមឈ្មួញកណ្ដាលបញ្ចុះតម្លៃស្រូវតាមអំពើចិត្តបាន៖ «ហើយទី៣នោះទំនាក់ការទូតពាណិជ្ជកម្មស្វះស្វែងរកទីផ្សារ។ ហើយដឹងថា មានការលើកឡើងថា ប្រទេសចិនទទួលទិញកសិផល ប៉ុន្តែមានតែតួលេខការទិញ ក៏ប៉ុន្តែលទ្ធផលជាក់ស្ដែងនៃការលក់ស្រូវរបស់កសិករហ្នឹងមិនទទួលបានផលទេ។ អីចឹងគិតថា ការធ្វើពាណិជ្ជកម្មបែបហ្នឹងតើយើងគួរតែធ្វើពាណិជ្ជកម្មការទូតជាមួយប្រទេសណាទៀត ជាពិសេសប្រទេសលោកសេរី ដែលជាប្រទេសពេញនិយមក្នុងការនាំស្រូវអង្ករចេញ ហើយទទួលទិញអង្ករពីកម្ពុជា ដែលមានតម្លៃសមរម្យ ដែលផលផ្ដល់ប្រយោជន៍ដល់កសិករ»។
លោក ថេង សាវឿន ឱ្យដឹងទៀតថា បញ្ហានេះប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយទេ នឹងមានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់កសិកររាប់ម៉ឺនគ្រួសារ ហើយកសិករមួយចំនួនអាចប្រឈមនឹងលក់ដីស្រែយកប្រាក់សងធនាគារ ហើយអ្នកខ្លះនឹងចាកចេញពីជនបទទៅរកការងារធ្វើនៅតំបន់ក្រុង និងធ្វើចំណាកស្រុកទៅក្រៅប្រទេសទាំងប្រថុយប្រថានកាន់តែច្រើន ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ និងសងធនាគារ ដែលបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។