វៀតណាមនិងបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី មិនយកពន្ធលើមុខទំនិញនាំចេញ ៣១មុខរបស់កម្ពុជា រហូតដល់ឆ្នាំ២០២២។ មុខទំនិញមិនគិតពន្ធ ឬទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយទាំងនោះ ភាគច្រើន គឺជាផលិតផលកសិកម្ម ដែលមានដូចជា សាច់បសុបក្សី ផ្លែឈើ ស្រូវ អង្ករ និង ថ្នាំជក់ ជាដើម។
យោងសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ថ្ងៃទី២៥ មីនា ថា កម្ពុជានិងវៀតណាម បានឯកភាពគ្នាបន្តសុពលភាពនៃកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី កាលពីឆ្នាំ២០២០ ឲ្យនៅជាធរមានរហូតដល់ឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាទទួលបានការមិនគិតពន្ធ លើមុខទំនិញ ៣១បន្ទាត់ពន្ធគយ ដែលមានដើមកំណើតនៅកម្ពុជា នាំចេញទៅប្រទេសវៀតណាម។ ក្រសួងពាណិជ្ជកម្ម មិនបានបញ្ជាក់ទេ ថាតើកម្ពុជាអនុញ្ញាតឲ្យវៀតណាមអាចនាំចូលមុខទំនិញរបស់ខ្លួនមកកម្ពុជាដោយមិនគិតពន្ធ ប៉ុន្មានមុខនោះទេ។
ក្រសួងពាណិជ្ជកម្ម ជូនដំណឹងថា ផលិតករ ឬអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមដំណើតទំនិញ ទម្រង់អេស (CO Form S) តាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម។ រីឯ មុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ស្ងួត ផលិតករ ឬអ្នកនាំចេញ ត្រូវដាក់ពាក្យស្នើសុំ មកនាយកដ្ឋាននាំចេញនាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជានាំចេញទំនិញទៅប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ជិត ៤០០លានដុល្លារ គឺកើនឡើងជិត ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ រីឯ វៀតណាម នាំចេញទំនិញមកកម្ពុជាវិញ មានតម្លៃរហូតដល់ទៅជាង ២ពាន់៦រយលានដុល្លារ នៅក្នុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។