ធនាគារ​ពិភពលោក​ថាកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះដក២%ក្នុងឆ្នាំ២០២០នេះ តែអាចកើនវិញ៤%​នៅឆ្នាំ២០២១

0:00 / 0:00

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ជិន៤ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ ដោយសារ​តែ​មាន ​សញ្ញា​ជាច្រើន​បង្ហាញ​ថា​សកម្មភាព​សេដ្ឋកិច្ច​កំពុង​កម្រើក​ឡើងវិញ។

របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ចេញផ្សាយ​នៅថ្ងៃទី១៦ ខែធ្នូ ដោយ​ធនាគារ​ពិភពលោក​គូស​បញ្ជាក់​ថា ​សេដ្ឋកិច្ច​របស់​កម្ពុជា​បន្ត​រងគ្រោះ​ដោយសារ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ បណ្ដាល​ឲ្យ​រួញ​ទំហំ​ប្រមាណ​ដក២ភាគរយ (-២%)ក្នុង​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នៅ​ពេល​វិធានការ​រក្សា​សុវត្ថិភាព​សង្គម​បាន​ធូរស្រាល​បន្តិច សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​នឹង​វិល​ទៅ​រក​ប្រក្រតី​ភាព​បន្តិច​ម្តងៗ វិញ។

ធនាគារ​ពិភពលោក​រំពឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​លូតលាស់​ក្នុង​ឆ្នាំ​២០២១ នោះ ដោយ​សំអាង​ហេតុផល​មួយ​ចំនួន ដែល​រួមមាន៖ វិធានការ​រដ្ឋាភិបាល​ដែល​បាន​ទ្រទ្រង់​ផ្នែក​ប្រើប្រាស់​ឱ្យ​នៅ​ស្ថិតស្ថេរ គ្រប់គ្រង​បាន​នូវ​អតិផរណា ការ​បន្ត​កើន​ឡើង​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​គម្រោង​ក្រៅ​ឧស្សាហកម្ម​កាត់ដេរ និង​វិស័យ​កសិកម្ម។ ធនាគារ​នេះ​កត់​សម្គាល់​ដែរ​ថា នៅ​ពេល​ដែល​ផលិតផល​វាយនភណ្ឌ និង​កាត់ដេរ​បាន​រង​ការ​ប៉ះទង្គិច​ពី​ជំងឺ​កូវីដ-១៩ ក៏​នៅ​តែ​មាន​ការ​នាំ​ចេញ​ផលិតផល​ផ្សេងៗ រួមមាន​ កង់, គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​បន្លាស់​រថយន្ត និង​គ្រឿង​ផ្សំ​នានា ហើយ​ការ​នាំ​ចេញ​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​មាន​សន្ទុះ​ខ្លាំងក្លា។ ជាមួយ​គ្នា​នេះ​ទេសចរណ៍​ក្នុង​ស្រុក​បាន​ជួយ​មួយ​ផ្នែក​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ កម្រើក​ឡើង​វិញ​ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា លោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកា​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក មាន​ប្រសាសន៍​ថា៖ ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា​នៅ​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ច្រើន​ណាស់។

ករណី​នេះ​ធនាគារ​ពិភពលោក​ស្នើ​ឱ្យ​បង្កើន​ការ​វិនិយោគ​សាធារណៈ​ដែល​ជួយ​ដល់​ជន​ក្រីក្រ និង​កម្មវិធី​ជំរុញ​កំណើន​នានា តាមដាន​ឱ្យ​បាន​ដិតដល់​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ។ ធនាគារ​ពិភពលោក​ថា​ការបាត់បង់​ចំណូល​នៅ​តែ​មាន​ទំហំ​ធំធេង​នៅ​ឡើយ បើ​ទោះ​ជា​ការ​ធ្លាក់​ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កម្មវិធី​ថ្មី​មួយ​សម្រាប់​ផ្ទេរ​សាច់​ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ធនាគារ​ពិភពលោក​ព្យាករ​ថា ពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់​បន្ថែម​ទៀត នឹង​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ (Covid-19) ក្នុង​ឆ្នាំ២០២០ នេះ។ ស្ថាប័ន​នេះ​ព្រមាន​ថា ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​ក្នុង​រយៈពេល ៣០ឆ្នាំ​កន្លង​មក​នេះ ត្រូវ​រង​ការ​គំរាមកំហែង​ខ្លាំង​បំផុត ហើយ​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​ខ្ចីបុល បរទេស​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។