ជនភៀសខ្លួន​​ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ គ្រោង​​​ធ្វើ​យុទ្ធនាការ​ទាមទារ​រដ្ឋាភិបាល​​ឱ្យ​ពន្យារ​ពេល​ពលរដ្ឋ​សង​ប្រាក់​ធនាគារ

ជន​ភៀស​ខ្លួន​និង​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​គ្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អន្តរាគមន៍​ទៅ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ពន្យារ​ពេល​ពលរដ្ឋ​សង​ប្រាក់​រយៈ​ពេល​មួយ​ឆ្នាំ។ ពួកគេ​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ជួប​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​សង​ធនាគារ​បាន​ឡើយ។

ជន​ភៀស​ខ្លួន​ខ្មែរ​និង​ពលករ​នៅ​ប្រទេស​ថៃ​គ្រោង​ធ្វើ​យុទ្ធនាការ​នេះ ចាប់​ពី​ថ្ងៃ​ទី៧ វិច្ឆិកា​ត​ទៅ ដោយ​ថ្ងៃ​​ដំបូង​ពួក​គេ​​នឹង​ប្រមូល​ផ្ដុំ​គ្នា​ប្រមាណ៥០ នាក់ សម្ដែង​មតិ​នៅ​សួន​សាធារណៈ​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក (Bangkok) ហើយ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា គោល​បំណង​នៃ​ការ​ជួប​ជុំ​គ្នា​នេះ​ ដើម្បី​ធ្វើ​​យុទ្ធនាការ​​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ពន្យារ​ពេល​ឱ្យ​ពលរដ្ឋ​សង​ប្រាក់​​​ត្រឡប់​រយៈ​ពេល​មួយ​​ឆ្នាំ​​។​លោក​បញ្ជាក់​ថា អ្នក​ចូលរួម​នឹង​ឡើង​បង្ហាញ​​ពី​មតិ​ទុក្ខ​កង្វល់​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​ថៃ​ផង និង​​ពី​ក្រុម​គ្រួសារ​នៅ​កម្ពុជា​ផង។

លោក ខឹម មុន្នីកុសល៖ «ដោយសារ​តែ​បំណុល​ធនាគារ​នឹង​ហើយ​បាន​ធ្វើ​ពលរដ្ឋ​ចាក​ឆ្ងាយ​ពី​ប្រទេស ដើម្បី​មក​រក​ការងារ​ធ្វើ។ ហើយ​ឥឡូវ​នេះ​លក្ខខណ្ឌ​ការងារ​ក៏​វា​ពិបាក ហើយ​ពួក​កាត់​ជំពាក់​បំណុល​កាន់​តែ​កើន​ឡើង ដី​ធ្លី​ស្រែ​ចម្ការ​នឹង​ក៏​បាន​បង់​ជា​បណ្ដើរៗ ទៅ​ទៀត។ ដូច្នេះ​ហើយ នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​លំបិន​បែប​នេះ​​ពលករ​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​នឹង គឺ​ច្បាស់​ជា​មិន​​មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​គ្រោង​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ លោក ប៉ែន ប៊ុនថន ថ្លែង​ថា ស្ថានភាព​ជីវភាព​ពលរដ្ឋ​សព្វ​ថ្ងៃ​នេះ​​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយ​ពុំ​មាន​លទ្ធផល​រក​ប្រាក់​សង​ធនាគារ​បាន​នោះ​ទេ ដូច្នេះ​ហើយ​ទើប​​លោក​ចូល​រួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

លោក ប៉ែន ប៊ុនថន៖ «ធនាគារ​នៅ​តែ​ឱ្យ​ពលរដ្ឋ​បង់​ប្រាក់​បន្ត​រហូត គាត់​អត់​មាន​អនុគ្រោះ​ឱ្យ ឬ​បន្ធូរ​បន្ថយ​ក្នុង​រយៈ​ពេល​មួយ​រយៈ​ឬ​យ៉ាង​ណា គឺ​អត់​មាន​វិធាន​ការ​កន្លែង​នឹង​ទេ ហើយ​ណា​មួយ​រដ្ឋាភិបាល ក៏​គាត់​​មិន​ឃើញ​អើពើ​ជូន​ដល់​ពលរដ្ឋ ដែល​រង​គ្រោះ​នឹង​ផង។ កន្លែង​ហ្នឹង​ហើយ ដែល​ធ្វើ​ឱ្យ​ពួក​ខ្ញុំ ដែល​មាន​ចិត្ត​អាណិត​​ដល់​ប្រជាពលរដ្ឋ ហើយ​ខ្ញុំ ក៏​ជា​ប្រជាពលរដ្ឋ​ម្នាក់ ដែល​បាន​រង​គ្រោះ​រឿង​ជំពាក់​ប្រាក់​ធនាគារ​នឹង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ វិច្ឆិកា។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បញ្ហា​នេះ​កន្លង​មក​​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ។ លោក​បញ្ជាក់​ថា ការ​សុំ​ពន្យារ​ពេល​​សង​ប្រាក់​ធនាគារ​រយៈ​ពេល ១ឆ្នាំ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រក​ស៊ី​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

លោក សុខ ឥសាន៖ «អា​ហ្នឹង​​វា​ត្រូវ​តែ​សង​ហើយ ពីព្រោះ​យើង​ធ្វើ​កិច្ចសន្យា​ខ្ចី​គេ ក៏​ប៉ុន្តែ​វិបត្តិ​នឹង​មិន​មែន​តែ​វិបត្តិ​តែ​បងប្អូន​ពល​រដ្ឋ​ទូទៅ​ទេ វា​វិបត្តិ​ទាំង​ធនាគារ​ទៅ​ទៀត។ អីចឹង​បាន​ឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​ត្រូវ​ពិភាក្សា​គ្នា​រក​ច្រក​ដោះស្រាយ​ តាម​នយោបាយ​ឈ្នះ​ឈ្នះ​ដូច​ដែល​សម្ដេច ហ៊ុន សែន លោក​ធ្លាប់​តែ​អនុវត្ត​គោលការណ៍​ឈ្នះ​ឈ្នះ​នឹង​ឯង ហើយ​បើ​ឱ្យ​យក​ឈ្នះ​តែ ម្ខាង​ឱ្យ​ម្ខាង​លិចលង់​យ៉ាង​ម៉េច​នឹង​កើត​អា​នឹង»។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន លោក​ យិន ម៉េង​លី ​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ​តាម​សំណើ​របស់​ពលរដ្ឋ ដូច​ប្រទេស​ជិត​ខាង ដែល​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ​ឱ្យ​ពន្យារ​ពេល​ពលរដ្ឋ​សង​ប្រាក់​ត្រឡប់​រយៈ​ពេល ៣ឆ្នាំ។

លោក យិន ម៉េងលី៖ «យើង​ប្រៀបធៀប​ថា ហេតុ​អី​បាន​ជា​រដ្ឋាភិបាល​ប្រទេស​ថៃ​ថ្មី​ឡើង​មក គេ​មាន​គោល​នយោបាយ​ភ្លាម ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​គាត់​នៅ​ទី​នោះ គាត់​មើល​ឃើញ ហើយ​លើក​យក​មក ហើយ​រដ្ឋាភិបាល​ខ្មែរ​ថា ទេ!មិន​អាច​ធ្វើ​បាន​ទេ មិន​ដឹង​គេ​ធ្វើ​របៀប​យ៉ាង​ម៉េច?យើង​មើល​ប្រទេស​ជិត​ខាង តើ​គេ​ធ្វើ​រៀប​ម៉េច។ យើង​ជា​រដ្ឋាភិបាល​មួយ​ថ្មី​ដែរ ជា​ប្រទេស​មាន​អធិបតេយ្យភាព​ដែរ​ ហេតុ​អី​យើង​ធ្វើ​មិន​បាន។ អ៊ីចឹង យើង​ខំ​ប្រឹង​មើល​ចំណុច​ណា​ខ្លះ ដែល​រដ្ឋាភិបាល​យើង​ធ្វើ​មិន​បាន បើ​ដូច​គេ​ទាំង​ស្រុង​ទេ ឱ្យ​វា​ប្រហាក់ប្រហែល​គ្នា វា ៧០ ទៅ ៨០ភាគ​រយ​អ៊ីចឹង​ទៅ​បាទ»។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​កម្មករ​នៅ​តាម​រោងចក្រ​ប្រឈម​នឹង​បំណុល​វ័ណ្ឌក។ចំណែក​ ប្រជាពលរដ្ឋ អាជីវករ និង​អតិថិជន​ទិញ​ផ្ទះ​បុរី វិញ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្មាន​ប្រាក់​សង​ធនាគារ​ ហើយ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​ជាប្រចាំ។ បន្ថែម​ពី​នេះ​មាន​ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​បុគ្គលិក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បង្ខំ​ឱ្យ​លក់​ផ្ទះ​​​និង​ដី​យក​ប្រាក់​សង់​បំណុល​ក៏​មាន​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​នេះ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​តាម​ការ​ស្នើ​សុំ​ទេ​នោះ អាច​នឹង​​កើត​មាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាង​មុខ​ដោយសារ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ដើម្បី​រក​ប្រាក់​សង​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។