ក្រសួង​ទម្លាក់​កំហុស​ចំពោះ​ក្រុមហ៊ុន​​ករណី​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា

អ្នកទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។
អ្នកទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។ (RFA)

0:00 / 0:00

ក្រសួង​ទេសចរណ៍​ចោទ​ប្រកាន់​ថា ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ ទៅ​ទស្សនា​តំបន់​អង្គរ បណ្តាល​មក​ពី​ក្រុមហ៊ុន​ប្រតិបត្តិករ​ទេសចរណ៍ លក់​កញ្ចប់​ទស្សនកិច្ច (Zero Package Tour) ក្នុង​តម្លៃ​ទាប ក៏ប៉ុន្តែ​បង្គាប់​ឱ្យ​ភ្ញៀវ​ទេសចរ ទិញ​វត្ថុ​អនុស្សាវរីយ៍ ក្នុង​តម្លៃ​ខ្ពស់ ជា​មូលហេតុ​បណ្ដាល​ឱ្យ​ភោជនីយដ្ឋាន អាហារដ្ឋាន និង​សណ្ឋាគារ​មួយ​ចំនួន​ត្រូវ​បិទទ្វារ។

ក្រសួងទេសចរណ៍ បាន​បន្ទោស ទង្វើ​របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ និង​គោលដៅ​ទេសចរណ៍។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុភ័គ អះអាង​ថា ក្រសួង​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន និង​ក្រុម​មគ្គុទ្ទេសក៍​ណាមួយ ធ្វើ​អាជីវកម្ម លក់​កញ្ចប់​ទស្សនកិច្ច​សូន្យ ឬ​ហៅថា Zero Package Tour ជាដាច់ខាត ព្រោះ​វា​ធ្វើ​ឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ និង​ប៉ះពាល់​ដល់​គោលដៅ​ទេសចរ។ លោក​ព្រមាន​ថា ប្រសិនបើ​មាន​ក្រុមហ៊ុន​ណា ធ្វើ​អាជីវកម្ម​បែបនេះ ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​៖ «ប្រសិន​ជា​មាន​ក្រុមហ៊ុន​ណា រកស៊ី​របៀប​ហ្នឹង នាំ​ភ្ញៀវ​មក​របៀប​ហ្នឹង គឺ​វា​ធ្វើ​ឱ្យ​កិត្តិយស​ជាតិ និង​ប៉ះពាល់​ដល់​គោលដៅ​ទេសចរណ៍​តែម្ដង​។ រឿង​ហ្នឹង​ធ្លាប់​កើតមាន​នៅ​សៀមរាប ក្រុមហ៊ុន​ហ្នឹង​យើង​ព្រមាន​គាត់ និង​ដាក់​ទោស​ទណ្ឌ សង​លុយ​ឱ្យ​ភ្ញៀវ​វិញ​។ ឯកឧត្ដម​រដ្ឋមន្ត្រី លោក​ព្រមាន ប្រសិន​មាន​ក្រុមហ៊ុន​ណា ធ្វើ​រៀប​ហ្នឹង​ទៀត គឺ​ចាត់វិធានការ​យ៉ាង​ម៉ឹង​មាត់​បំផុត​តាម​ផ្លូវ​ច្បាប់»។

ប៉ុន្តែ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ កក្កដា​ថា ការ​លក់​កញ្ចប់​ទស្សន​កិច្ច​ថ្លៃ​សូន្យ (Zero Packager Tour)​ មិនមែន​ជា​មូលហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​នោះ​ទេ​។ លោក​ថា ភ្ញៀវ​ទេសចរ ដែល​ទិញ​សេវាកម្ម​​នេះ មាន​តែ​ជនជាតិ​ចិន​។ លើស​ពី​នេះ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​កើន​​ឡើង​​ច្រើន ក៏ប៉ុន្តែ​ភ្ញៀវ​មកពី​ប្រទេស​លោក​ខាងលិច ធ្លាក់​ចុះ​យ៉ាង​គំហុក​។ លោក​បន្ថែម​ថា មាន​បញ្ហា​ប្រឈម​ច្រើន ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ថយ​ចុះ រួមមាន ការ​បម្រែបម្រួល​អាកាសធាតុ ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​មាន​កម្រិត ផ្លូវ​លំបាក​ធ្វើដំណើរ និង​តម្លៃ​សំបុត្រ​​ចូល​ទស្សនា​អង្គរ​​ឡើងថ្លៃ​ជាដើម​៖ «Zero Costs Tour ពុំ​មែន​ជា​ចំណុច ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ទេ​។ ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​នៅ​មាន​កម្រិត បញ្ហា​អនាម័យ សណ្ដាប់​ធ្នាប់ ។ យើង​អត់​មាន Style walk ឱ្យ​ភ្ញៀវ​ដើរលេង​ក្នុង​ក្រុង លំហែ​កាយ​ដែរ​។ យើង​យក​ទីតាំង​លក់ដូរ​ចត​យានយន្ត​ច្រងេងច្រងាង ចរាចរ​អត់​មាន​សណ្ដាប់​ធ្នាប់​។ នេះ​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ដែរ​។ ខ្ញុំ​គិត​ថា អ៊ីចឹង»។

អ្នកទេសចរ​ជនជាតិ​កូរ៉េ ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។
អ្នកទេសចរ​ជនជាតិ​កូរ៉េ ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៩។ (RFA)

អាជីវកម្ម​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ឬ​ហៅថា Zero Package Tour មានន័យថា ជា​អាជីវកម្ម បញ្ចុះតម្លៃ​កញ្ចប់​ទស្សនា​តំបន់​អង្គរ ក៏ប៉ុន្តែ​បង្គាប់​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ទិញ​វត្ថុ​អនុស្សាវរីយ៍ ក្នុង​ហាង ភោជនីយដ្ឋាន និង​សណ្ឋាគារ​ក្នុង​តម្លៃ​ខ្ពស់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា វិបត្តិ​នយោបាយ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​មិនល្អ គឺ​ដើមចម ធ្វើ​ឱ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​លោក​សេរី និង​ប្រទេស​ដែល​និយម​ប្រជាធិបតេយ្យ។ លោក​ថា ផ្លូវ​លំបាក​ធ្វើដំណើរ ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ពុំ​មាន​របៀបរៀបរយ​ក៏ គឺជា​មូលហេតុ​ចម្បង បង្ក​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស​ដែរ​។ ហេតុនេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រក​មធ្យោបាយ​ស្ដារ​ឡើងវិញ បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​ជា​ប្រភព​ប្រាក់ចំណូល៖ «បញ្ហា​ផ្លូវថ្នល់ បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​កិបកេង បោកប្រាស់​ភ្ញៀវ​ទេសចរ​ដែល សមត្ថកិច្ច​រក​ឃើញ​ហ្នឹង គឺ​នាំគ្នា​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ហ្នឹង​ទៅ​ហើយ រៀបចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ ដើម្បី​ស្ដារ​ឱ្យ​មាន​ជឿ​ទុក​ចិត្ត​។ ការ​ទុក​ចិត្ត​នេះ​ជា​ការ​ទាក់ទាញ​មួយ ដល់​គ្រប់​វិស័យ មិន​ថា​ឡើង តែ​វិស័យ​ទេសចរណ៍​ទេ។ ការ​រកស៊ី​ដោយ​សុចរិត​ភាព ជា​ការ​រកស៊ី​មាន​ថេរភាព និង​គុណ​តម្លៃ​យូរអង្វែង»។

ក្រុម​មគ្គុទ្ទេសក៍​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភ្ញៀវ​ទេសចរ​ប្រទេស​លោក​សេរី​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ហាង​ម៉ាស្សា​មួយ​ចំនួន​ត្រូវ​បិទទ្វារ​។ រីឯ​ប្រជាជន​ដែល​មាន​ការងារ ផ្អែក​ទាំងស្រុង​លើ​សេវាកម្ម​បម្រើ​ភ្ញៀវ​ទេសចរ និង​ក្រុម​មគ្គុទ្ទេសក៍​ខ្លះ​បាត់បង់​ការងារ​ជាដើម។

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា បាន​កើន​ឡើង ១​លាន ១​សែន​នាក់ ក្នុង​អំឡុង ៥​ខែ ដើម​ឆ្នាំ​២០១៩ ដែល​ចំនួន​នេះ​កើន​ឡើង​៤០% បើ​ប្រៀបធៀប​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨។

លោក ថោង ខុន ឱ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស ចំនួន ជិត ៣​លាន​នាក់ កើន​ឡើង​ជាង ១១% បើ​ធៀប​អំឡុង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨​។ កាលពី​អំឡុង​ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា សរុប ៦​លាន ២​សែន​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២​លាន​នាក់ និង​រក​ប្រាក់​ចំណូល​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

កម្ពុជា​មាន​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ធម្មជាតិ​ល្បីល្បាញ​រួម​មាន​តំបន់​ប្រាសាទ​អង្គរ នៅ​ខេត្ត​សៀមរាប ប្រាសាទ​ព្រះវិហារ ខេត្ត​ព្រះវិហារ ប្រាសាទ​បាណន់ ខេត្ត​បាត់ដំបង តំបន់​ឆ្នេរ​សមុទ្ទ ក្នុង​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​តំបន់​រ៉ាំសា តាម​ដង​ទន្លេ​មេគង្គ​នៅ​ភូមិ​ភាគ​ឦសាន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។