កម្មកររោងចក្រវាយនភណ្ឌលើកឡើងថា ពួកគាត់មិនអាចទទួលយកតួលេខនៃការដំឡើងប្រាក់ឈ្នួលអប្បបរមានៅជុំទីបីនេះបានឡើយ ដោយទាមទារការដំឡើងប្រាក់ខែគោលឱ្យបានសមស្របនឹងតម្រូវការជីវភាព និងសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលធ្វើការឱ្យមានតម្លាភាព ដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់កម្មករ ចៀសវាងលម្អៀងទៅខាងភាគីនិយោជក។
កម្មករនៅតាមរោងចក្រកាត់ដេរមួយចំនួនត្អូញត្អែរថា ការដំឡើងប្រាក់ខែគោលត្រឹមតែ ១ដុល្លារពីសំណាក់ក្រុមថៅកែ សម្រាប់ឆ្នាំ២០២៤ មិនអាចជួយសម្រួលជីវភាពពួកគាត់ក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះដ៏លំបាកលំបិននេះបានឡើយ។
កម្មការិនីរោងចក្រ នីអាន់ ឃីដ (NYAN KIDS) កញ្ញា ភួង រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែកញ្ញា ថា រដ្ឋាភិបាលគួរចរចាជាមួយភាគីថៅកែឱ្យដំឡើងប្រាក់ឈ្នួលកម្មករឱ្យសមស្របតាមការស្នើសុំចំនួន២១៥ដុល្លារ ដើម្បីអាចឱ្យកម្មករទប់ទល់នឹងតម្លៃទំនិញលើទីផ្សារដែលកើនឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។
កញ្ញា ភួង រដ្ឋា៖ «ចា!បើបានប៉ុណ្ណឹងមកគ្រាន់បើ ព្រោះអី២០២៣ នេះ ប្រាក់ខែគោល២០០ដុល្លារ អ៊ីចឹងបើឆ្នាំ២០២៤ ឡើងច្រើនបន្តិចបងវាសមស្របនឹងអីវ៉ាន់ទីផ្សារវាឡើងអ៊ីចឹងទៅ ហើយប្រាក់ខែយើងឡើងអ៊ីចឹងទៅ វាអាចទប់បាន។ តែបើឡើងតែបន្តិចក៏ពិបាកដែរ»។
ស្រដៀងគ្នានេះ កម្មករធ្វើការនៅរោងចក្រផលិតកាបូប ឌីឡាក់ នៅរាជធានីភ្នំពេញ លោក សួន រតនា លើកឡើងថា ការស្នើសុំប្រាក់ឈ្នួលអប្បបរមា ២១៥ដុល្លារ របស់កម្មករនេះ គឺមិនមែនយកទៅធ្វើមានធ្វើបាននោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងបញ្ហាតម្លៃទំនិញឡើងនៅលើទីផ្សារ ស្របពេលដែលកម្មករភាគច្រើនបាត់បង់ប្រាក់ចំណូល បណ្ដាលមកពីរោងចក្រព្យួរការងារ និងកាត់បន្ថយម៉ោងធ្វើការ។
លោក សួន រតនា៖ «មិនបាច់ដំឡើងទេ មួយរៀលហ្នឹង។ ព្រោះដំឡើងមួយរៀលហ្នឹងមក អ្វីៗឡើងថ្លៃ ហើយឥឡូវការងារមិនសូវជាសម្បូរប៉ុន្មានផង។ បើតាមខ្ញុំ ខ្ញុំគិតថាអត់កើតទេ មួយរៀល មិនដឹងជាដំឡើងមកធ្វើអីផង»។
ការទាមទាររបស់កម្មករនេះ គឺបន្ទាប់ពីកម្មករធ្វើការនៅតាមរោងចក្រមួយចំនួននាំគ្នាធ្វើយុទ្ធនាការ លើកបដាបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា “យើងត្រូវការ ២១៥ដុល្លារ” នៅក្រោយពេលដែលកិច្ចពិភាក្សាស្ដីពីការកំណត់ប្រាក់ឈ្នួល ភាគីសហជីពស្នើតួលេខ២១៥ដុល្លារ ឯភាគីនិយោជកស្នើតួលេខ ២០១ដុល្លារ។ ក្រសួងការងារ និងសហជីព និងបន្តកិច្ចពិភាក្សាស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌនេះ នៅថ្ងៃទី១១ កញ្ញា បន្តទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ និងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៨ កញ្ញា។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ មានប្រសាសន៍ថា ការស្នើសុំរបស់កម្មករនេះ មិនច្រើននោះទេ បើធៀបទៅនឹងការចំណាយប្រចាំខែរបស់កម្មករ ជាមធ្យមប្រមាណ ២៥០ដុល្លារ។ លោកលើកឡើងថា យន្តការដំឡើងប្រាក់ឈ្នួលរបស់កម្មករកន្លងមក ហាក់មិនបានវាយតម្លៃដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់កម្មករនោះទេ ពីព្រោះភាគីនិយោជក រដ្ឋាភិបាល និងសហជីពដែលលម្អៀងទៅនិយោជក មានឥទ្ធិពលច្រើនជាងសហជីពដែលតំណាងឱ្យកម្មករពិតប្រាកដ។
លោក អាត់ ធន់៖ «វាខុសគ្នាទេ នៅពេលដែលយន្តការវាមិនមានភាពយុត្តិធម៌ ឬតម្លាភាពយូរៗទៅ ធ្វើឱ្យកម្មករយល់ឃើញថា យន្តការហ្នឹងគ្រាន់តែល្អមើល ហើយធ្វើបាបគាត់ គាត់នឹងអាចធ្វើការតវ៉ាទ្រង់ទ្រាយធំឡើងវិញ អ៊ីចឹងវាអាចដែរ។ អ៊ីចឹងយើងក៏ស្នើឱ្យនិយោជក និងរដ្ឋាភិបាល កុំប្រលែងចោល ឬកុំធ្វើអ្វីស្រេចតែចិត្ត ដូចអ្វីដែលគិតដែរ ត្រូវគិតអំពីសំឡេងសហជីពឯករាជ្យ និងកម្មករផង»។
របាយការណ៍អង្កេតបឋមរបស់អង្គការសង់ត្រាល់ (CENTRAL) រកឃើញថា រោងចក្រមួយចំនួនបានកាត់បន្ថយបុគ្គលិកកម្មករជាមធ្យមពី ២០ទៅ ៣០ភាគរយ ក្នុងឆ្នាំ២០២៣ នេះ ហើយកម្មករនិយោជិតមួយចំនួនធំបាត់បង់ប្រាក់ចំណូល ចន្លោះពី ២៥ ទៅ ៣០ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ២០២២ ដែលធ្វើឲ្យកម្មករត្រូវតែបង្ខំចិត្តកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ និងរងសម្ពាធវិបត្តិផ្លូវចិត្ត។
កម្មកររោងចក្រស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ដែលពាក់អាវធំអង្គុយជួបជុំគ្នាទទួលទានអាហារថ្លៃៗ ពាសពេញតុ នោះឱ្យគិតគូរពីការលំបាករបស់កម្មករដែលទទួលទានបាយកញ្ចប់ ដូចដែលលោកបានឃើញនៅពេលចុះជួបកម្មករដល់កន្លែងស្នាក់នៅរបស់ពួកគាត់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។