អ្នក​ធ្វើ​ប្រហុក​ផ្អក​តាម​ដង​ទន្លេសាប ចង់​ឱ្យ​ក្រុមហ៊ុន​ចុះ​ទិញ​ដល់​ទី​តាំង​ដើម្បី​បាន​តម្លៃ​ថ្លៃ

0:00 / 0:00

អ្នកធ្វើ​ប្រហុក ផ្អក នៅ​តាម​ដង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឱ្យ​ដឹង​ថា ផល​ត្រី​នៅ​ឆ្នាំនេះ សម​ល្មម សម្រាប់​ធ្វើ​ប្រហុក ផ្អក ហើយ​ពួកគាត់​ចង់​ឱ្យ​មាន​ក្រុមហ៊ុន​នានា ចុះ​មក​ទិញ​ដល់​ស្រុកភូមិ​ដើម្បី​ឱ្យ​ត្រី ប្រហុក បាន​កាន់តែ​ថ្លៃ​។ ពលរដ្ឋ​នៅ​ទីនោះ អះអាង​ថា សហគមន៍​មាន​លទ្ធភាព​ផ្គត់ផ្គង់​ប្រហុក ផ្អក ឱ្យ​ក្រុមហ៊ុន​បាន​គ្រប់គ្រាន់ និង​ច្រើន​រដូវ ហើយ​ប្រសិនបើ​អាច​ធ្វើ​បែប​នេះ​បាន នោះ​ជា​ការ​ជួយ​សេដ្ឋកិច្ច​ពលរដ្ឋ​បាន​កាន់តែ​ច្រើន។

អ្នកធ្វើ​ប្រហុក​ម្នាក់ ក្នុង​សហគមន៍​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង លោកស្រី ហែក នឿន ប្រាប់​ថា ត្រី​ស្រស់ ទើប​លើកឡើង​ពី​ទូក មិន​ទាន់​កាត់​ក្បាល មិនទាន់​កោស​ស្រកា​ចេញ មួយ​គីឡូក្រាម ខ្ទង់​មួយ​ពាន់​រៀល​។ លោកស្រី​ថា ត្រី​ឆ្នាំនេះ​ថ្លៃ ដោយសារ មាន​សហគមន៍​ផ្សេង​មក​ទិញ​ដែរ។

លោកស្រី ហែក នឿន ឱ្យ​ដឹង​ថា រៀងរាល់​ព្រឹក អ្នក​រស់នៅ​ក្នុង​សហគមន៍​ច្រណូក នាំគ្នា​រង់ចាំ​ទិញ​ត្រី លើកឡើង​ពី​ទូក ហើយ​យក​មក​ចែក​គ្នា កាត់​ក្បាល ធ្វើ​ស្រកា វេះ​ពោះ ដើម្បី​លក់ បន្ត​ទៅ​ឱ្យ​ឈ្មួញ យក​ទៅ​ធ្វើ​ប្រហុក ផ្អក ត្រី​ម៉ាំ ជាដើម​។ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូប​នេះ បន្ត​ថា ត្រី ដែល​ធ្វើ​ស្រកា និង​កាត់​ក្បាល​រួច លោកស្រី​លក់​បាន​មួយ​គីឡូ ចន្លោះ ៤ ០០០រៀល ទៅ ៦ ០០០រៀល តាម​ប្រភេទ​ត្រី​៖ «ទើបតែ​ធ្វើ​ហ្នឹងឯង​។ ទើបនឹង​បាន​ត្រី​។ គេ​ទិញ​ប្រហុក កាត់​ប្រហុក​។ (​ កាត់​បាន​ ) ១០​គីឡូ ២០​គីឡូ ដក​ដើម​ចេញទៅ បាន​៧ ០០០ (​ រៀល ) ។ អស់​ពី​ហ្នឹង​ទៅ មាន​គេ ឱ្យ​ស៊ីឈ្នួល​ច្រូតស្រូវ​ទៅ​។ អស់ពី​ហ្នឹង​ទៅ ដើរ​រើស​កស្រូវ»។

រដូវ​ត្រី ធ្វើ​ប្រហុក នៅ​វគ្គ​ដំបូង សម្រាប់​រដូវ​បើក​នេសាទ នៅ​ឆ្នាំនេះ បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ​។ វគ្គ​បន្ទាប់ នៃ​រដូវ​ធ្វើ​ត្រី​ប្រហុក នឹង​បើក​នៅ​ពាក់កណ្ដាល​ខែ​មករា ខាងមុខ​។ ក្នុង​វគ្គ​ដំបូង​នេះ ផល​ត្រី​ទឹកសាប សម្រាប់​ធ្វើ ផ្អក ប្រហុក ថយ​ចុះ ជាង​ឆ្នាំ​២០១៩ ដោយសារ​ការ​ប្រែប្រួល​កម្រិត​ទឹក នៅ​រដូវវស្សា មាន​ទាប មិន​អំណោយផល ដល់​ត្រី​ក្នុង​ការ​បង្កបង្កើន​កូន។

ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជាសាន លើកឡើង ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី នៅ​តាម​ដង​ទន្លេសាប ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ថា ទោះ​ផល​ត្រី ថយ​ចុះ​បន្តិច ប៉ុន្តែ ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក ភាគច្រើន ធំៗ​ល្អ និង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ធ្វើ​ប្រហុក ផ្អក។

អ្នកធ្វើ​ប្រហុក ផ្អក នៅ​សហគមន៍​ច្រណូក ម្នាក់​ទៀត គឺ លោកស្រី នាង គឹមហៃ ឱ្យ​ដឹង​ថា អ្នកភូមិ​ភាគច្រើន មិនសូវ​ធ្វើ​ប្រហុក ផ្អក យក​ទៅ​លក់​ដោយ​ខ្លួនឯង​ទេ ព្រោះ​មិន​សូវ​មាន​ដើមទុន​។ លោកស្រី ប្រាប់​ថា ភាគច្រើន គឺ​អ្នកភូមិ នាំគ្នា ទិញ​ត្រី​ពី​ទូក យក​មក​កាត់​ក្បាល និង​ធ្វើ​ស្រកា វះ​ពោះ ហើយ​លក់​បន្ត​ឱ្យ​តំណាង​សហគមន៍ ទទួល​ទិញ​បន្ត ដើម្បី​ប្រឡាក់​អំបិល ធ្វើ​ប្រហុក ផ្អក យក​ទៅ​លក់​បន្ត​។ លោកស្រី គឹម​ហៃ ឱ្យ​ដឹង​ថា ក្នុង​រដូវ​សម្បូរ​ត្រី​នេះ អ្នកភូមិ អាច​រក​ចំណូល​បាន ពី​ការ​កាត់​ក្បាល​ត្រី ក្នុង​មួយថ្ងៃ ខ្ទង់​ពីរ​ម៉ឺន (២០ ០០០)​រៀល​។ លោកស្រី ថា ក្រោយ​រដូវ​ត្រី សម្បូរ អ្នកភូមិ នឹង​នាំគ្នា ត្រលប់​ទៅ​ធ្វើ​ស្រែ​វិញ៖ « ខ្ញុំ​ធ្វើ​យូរ​ហើយ ចូល​បួន ដប់​ឆ្នាំ​។ កាត់​តែ​ត្រី ប្រហុក​ហ្នឹង គ្រាន់​ចិញ្ចឹម មួយ​ថ្ងៃ ចាយ​មួយ​ថ្ងៃ ម្ហូប​អាហារ​អ្វី អាច​ដោះស្រាយ​បាន​។ រដូវ​ដូច​តែ​គ្នា​ហ្នឹង ខែ​ទឹក​ឡើង ក៏​យើង​បាន​ធ្វើ ខែ​សម្រក ក៏បាន​ធ្វើ​មួយ​រដូវ​ទៅ​។ ផុត​ពី​ហ្នឹង ធ្វើស្រែ​ទៅ​។ គេ (​ នេសាទ​ ) រក​ហ្នឹង វា​គ្រាន់​បើ​ដែរ​។ តែ​ខាង​ពួក កំពង់ធំ គេ​ទិញ យក​ទៅ​កាត់​ប្រហុក​ដែរ ម្ល៉ោះ​ត្រី​ហ្នឹង វា​ឡើងថ្លៃ​។ ឡាន​គេ​ចូល​មក​ខាង​កំពង់ធំ វា​ទិញ​ទៅ យក​ទៅ​កាត់​ខាង​វា​ដែរ​។ ត្រឹម​ពួក​ច្រណូក កាត់​វា​មិន​អស់​ទេ»។

ចំណែក តំណាង​សហគមន៍​ច្រណូ​ក និង​ជា​អ្នកទទួល​ទិញ​ត្រី​បន្ត ពី​អ្នកភូមិ ដើម្បី​ប្រឡាក់​អំបិល ធ្វើ​ប្រហុក និង​ត្រី​ម៉ាំ លោកស្រី ភឹម សុគន្ធ ឱ្យ​ដឹង​ថា ក្នុង​មួយថ្ងៃ លោកស្រី ទិញ​ត្រី បាន​ប្រហែល​មួយ​តោន ហើយ​ឈ្មួញ នឹង​មក​ទិញ​បន្ត។ លោកស្រី​បន្ត​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក នៅ​ឆ្នាំនេះ ថ្លៃ​ជាង​ឆ្នាំមុន​បន្តិច ដោយ ត្រី​កំភ្លាញ ត្រី​ក្រាញ់ និង​ត្រី​ទូទៅ តម្លៃ​៤ ០០០រៀល ឯ​ត្រី​រៀល ៤ ៥០០​រៀល និង​ត្រី​ក្រូស តម្លៃ ៦ ០០០រៀល ក្នុង​មួយ​គីឡូក្រាម។

លោកស្រី​ឱ្យ​ដឹង​ថា នៅ​ឆ្នាំនេះ មិនសូវ​សម្បូរ​អ្នក​ស្រុក​ក្រៅ ឬ​អ្នក​ខេត្ត​ផ្សេង មក​ទិញ​ត្រី ធ្វើ​ប្រហុក​សម្រាប់​ទុក​ហូប​ទេ ដោយសារ ត្រី​មានតម្លៃ​ថ្លៃ​ជាង​មុន​។ លោកស្រី បន្ត​ទៀត​ថា ប្រហុក ផ្អក ដែល​អ្នកស្រុក នាំគ្នា​ធ្វើ​ទុក​ហូប​ខ្លួនឯង មាន​គុណភាព​ល្អ ជាង​ប្រហុក​ដែល​បោះ​ដុំ ហើយ​អាច​រក្សាទុក​២ ទៅ​៣​ឆ្នាំ តែ​ប្រហុក​បោះ​ដុំ​ឱ្យ​ឈ្មួញ ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ ដូច្នេះ​មិន​អាច​រក្សាទុក​បាន​យូរ​ទេ​​​​​៖ « ខ្ញុំ​ចំណេញ​តិច​ណាស់ បើ​និយាយ​ទៅ​។ ដូច​ថា យើង​ទិញ បង្អាប់​ថ្លៃ​ប្រជាពលរដ្ឋ​ខ្លាំង​ពេក​ទៅ គាត់​កាត់​អត់​ចំណេញ ក៏​គាត់​អត់​ធ្វើ​ដែរ​។ ដល់ពេល​អ៊ីចឹង ខ្ញុំ​ថា ចំណេញ​តិច​បំផុត​ណា នឿយ​ហើយ គិត​ទៅ ចំណេញ​តិច​បំផុត​។ ក្នុង​ត្រី​មួយ​តោន ចំណេញ​បាន​ត្រឹម​១០​ម៉ឺន ទៅ​១៥​ម៉ឺន ( រៀល​ )​ ទេ​។ ប្រឡាក់​ហើយ អ្វី​ហើយ កាត់​កម្មករ​ហើយ អ៊ីចឹង​ណា ស្ទើរតែ​អត់​ (​ ចំណេញ​ )​ ។ ប៉ុន្តែ​បើ​អត់​ទិញ​ទៅ អត់​មាន​របរ​រក​ដែរ​។ ខាត​ម្ដង បើ​ត្រី​តិច វា​ខាត​តិច​។ តែ​បើ​ត្រី​ច្រើន ខាត​ចូល​លាន​ដែរ​ហ្នឹង​ណា»។លោកស្រី ភឹម សុគន្ធ យល់​ថា បើ​មាន​ក្រុមហ៊ុន ឬ​ដេប៉ូ​ធំៗ ចុះ​ទិញ​ដល់​ក្នុង​សហគមន៍ និង​មាន​កិច្ចសន្យា​ទិញ​ផលិតផល របស់​អ្នក​សហគមន៍​ជាក់លាក់​នោះ តម្លៃ​ប្រហុក ផ្អក របស់​អ្នកភូមិ នឹង​មាន​តម្លៃ​គ្រាន់បើ​។ តំណាង​សហគមន៍​ច្រណូក​រូប​នេះ អះអាង​ថា សហគមន៍​មានលទ្ធភាព​ផ្គត់ផ្គង់​ប្រហុក ផ្អក ឱ្យ​ក្រុមហ៊ុន​បាន​គ្រប់គ្រាន់ និង​ច្រើន​រដូវ ហើយ​ការ​ធ្វើ​បែបនេះ ជា​ការ​ជួយ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​អ្នកនេសាទ និង​អ្នកធ្វើ​ប្រហុក ផ្អក៖ «ប្រសិនបើ​ខ្ញុំ​មាន​ម៉ូយ​ជាក់លាក់​អ្វី ដូច​ថា កន្លែង​ណា ដែល​គេ​ទទួល​ទិញ​ពិតប្រាកដ ខែ​ណា ថ្ងៃ​ណា គេ​យក ហើយ​តម្លៃ​ត្រី យ៉ាង​ម្ដេច ហើយ​គេ​កុងត្រា​ជាមួយ​យើង​ណា អាហ្នឹង បាន​ស្រួល​ទិញ​។ ដល់​រាល់ថ្ងៃ​ពិបាក​ទិញ​ដែរ ជួន​កាល ខ្ញុំ​ក៏​ខាត​ទៅ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ ពី​ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជាសាន បាន​ទេ នៅ​ថ្ងៃ​ទី២ មករា ដោយសារ លោក​ចុច​ផ្ដាច់​ពេល​ទូរស័ព្ទ​ចូល។

ផល​ត្រី​ទឹកសាប ចាប់​ត្រូវ កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​។ ក្នុង​នោះ ដាយ​ត្រី ឬ​ទីតាំង​រក​ត្រី ខ្លះ ចាប់​បាន​ត្រី​ជា​មធ្យម ចំនួន បី​តោន​កន្លះ ក្នុង​រយៈពេល ២៤ម៉ោង​។ របាយការណ៍​រដ្ឋបាល​ជលផល​បង្ហាញ​ថា ការ​ប្រមូល​ផល​ត្រី សម្រាប់​ធ្វើ​ប្រហុក​ផ្អក នៅ​វគ្គ​ដំបូង ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៩ ធ្នូ បាន​ជិត​មួយ​ម៉ឺន​(៩ ៩០០)​តោន តែ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៩ ជិត ៥ ០០០តោន (​ឆ្នាំ​២០១៩ បាន ១៤ ៣២០​តោន)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។