រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាសម្ដែងការខ្វល់ខ្វាយ ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហភាពអឺរ៉ុប ដោយលោកចាត់ទុកការបាត់បង់នេះថា ជាអម្រែកធ្ងន់ធ្ងរ ក្នុងពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ (Covid-19)។ អ្នកវិភាគជំរុញរដ្ឋាភិបាលឱ្យស្ដារប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធពេញលេញវិញ។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថ្លែងក្នុងសុន្ទរកថា ថ្ងៃទី១៨ មករាថា ការបាត់បង់ EBA ២០% គឺជាការថែមអម្រែកធ្ងន់ធ្ងរសម្រាប់កម្ពុជា ខណៈរដ្ឋាភិបាលជួបវិបត្តិជំងឺកូវីដ១៩ ផង និងដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គម បណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង។
លោកបន្ទោសថា ការណ៍ដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះ កំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ១៩ គឺជាស្លាកស្នាមអយុត្តិធម៌ច្រំដែល សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ ទោះជាយ៉ាងណា ប្រមុខការទូតកម្ពុជារូបនេះ មិនបានលើកឡើងពីគោលបំណងរបស់សហភាពអឺរ៉ុប ដែលទាមទារឲ្យស្ដារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ។
សុន្ទរកថានេះ ធ្វើឡើងនៅថ្ងៃទី១៨ មករា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តែយ៉ាងណាក្ដី លោក ប្រាក់ សុខុន នៅតែការពារសកម្មភាព និងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកន្លងមក ដោយរក្សាជំហរប្ដេជ្ញាចិត្តពេញទំហឹង ដើម្បីការពារអ្វី ដែលខ្លួនបានធ្វើកន្លងមក។ លោកហៅសកម្មភាព ដែលបានធ្វើកន្លងមកថា ជាមាគ៌ាត្រឹមត្រូវ ដើម្បីការពារអធិបតេយ្យជាតិ និងថែរក្សាសន្តិភាពជាដើម។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី យល់ថា ការលើកឡើងពីការបាត់បង់ EBA ២០ភាគរយថា ជាអម្រែកធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចកម្ពុជា គឺជាការពិត ដែលឆ្លុះបញ្ចាំងស្ថានភាពជាក់ស្ដែង។ លោកបន្តថា អ្នកនយោបាយ និងអ្នកបច្ចេកទេស តែងតែប្រើភាសាផ្សេងគ្នា ពីផលប៉ះពាល់ EBA ២០ភាគរយ។ លោកថា សេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយ និងនៅតែត្រូវការពឹងផ្អែកសេដ្ឋកិច្ចប្រទេសនានា លើពិភពលោក៖ « វាមិនមែនតែកម្ពុជាតែឯងមួយទេ។ ប្រទេសសព្វថ្ងៃ ប្រទេសនៅក្នុងពិភពលោក គឺមិនមានប្រទេសណាមួយ អាចនៅតែឯង ឯកោតែឯងបានទេ។ យើងដឹងហើយថា សេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចមួយនៅកម្សោយណាស់។ ដូច្នេះ ការពឹងផ្អែកលើបរទេស នៅតែជារឿងសំខាន់ ដើម្បីឲ្យសរសៃឈាមសេដ្ឋកិច្ចកម្ពុជាអាចរស់បាន ហើយអាចធ្វើការអភិវឌ្ឍន៍ខ្លួនឯងនៅពេលខាងមុខ។ បើមិនអ៊ីចឹងទេ យើងនឹងរស់នៅតាមរយៈការពឹងផ្អែកគេ ឬក៏ទទួលឥទ្ធិពលពីគេខាងក្រោយ ដោយសារតែដើម្បីរស់»។
សហភាពអឺរ៉ុប បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា (EBA) មួយផ្នែកទៅលើមុខទំនិញមួយចំនួន ស្មើនឹង ២០ភាគរយ ក្នុងទំហំទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក នៃការនាំចេញសរុបរបស់កម្ពុជា ទៅសហភាពអឺរ៉ុប កាលពីឆ្នាំ២០២០។ ការសម្រេចនេះ ដោយសារសហភាពរកឃើញថា កម្ពុជាមិនព្រមកែប្រែលក្ខខណ្ឌមួយចំនួន នៃការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។
ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ បានចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០២០។ រយៈពេល ៥ខែ ដំបូងនៃការបង់ពន្ធ ២០ភាគរយនេះ មន្ត្រីរដ្ឋាភិបាល មិនទាន់បានបង្ហាញតួលេខបង់ពន្ធជាក់លាក់ ជាសាធារណៈនៅឡើយទេ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន តែងប្រកាសថា រដ្ឋាភិបាលរបស់លោកមិនខ្វល់នឹងការដកEBA នេះទេ។ ជាមួយគ្នានេះ គិតត្រឹមដើមឆ្នាំ២០២១ នេះ កម្ពុជាបានផុតសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកទៀត។ មកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់ជូនដំណឹងដល់កម្ពុជាថា នឹងត្រូវបន្តប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP តទៀត ឬយ៉ាងណាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។