សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ស្នើទៅអាជ្ញាធរគ្រប់គ្រងច្រកព្រំដែនទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិគីមី ពីប្រទេសជិតខាងឱ្យមានប្រសិទ្ធភាព។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)លោក ថេង សាវឿន មានប្រសាសន៍ថា សហគមន៍កសិករតាមបណ្ដាខេត្តមួយចំនួន គ្រោងនឹងដាក់សំណើនេះ ជូនទៅស្ថាប័នពាក់ព័ន្ធនានានៅថ្ងៃព្រហស្បតិ៍ ទី១១ មិថុនានេះ៖ « ខ្ញុំស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសគ្រប់ច្រកព្រំដែននិងបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានទូលំណទូលំទូលាយ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងកាត់បន្ថយសារធាតុគីមីពុលតាមរយៈបន្លែ ផ្លែឈើនាំចូលមកប្រទេសកម្ពុជា »។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមគាំទ្រចំពោះសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ និងហាមឃាត់ការនាំបន្លែ-ផ្លែឈើមានជាតិគីមីពុលពីបរទេសចូលកម្ពុជា និងសេចក្តីណែនាំមួយចំនួនរបស់ក្រសួងមហាផ្ទៃ ដាក់ជូនរដ្ឋបាលខេត្តដែលនៅជាប់ព្រំដែនទាំងអស់ កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២០។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអាជ្ញាធរមាមានសមត្ថកិច្ចប្រចាំច្រកព្រំដែនទាំងអស់ត្រូវពង្រឹងការត្រួតពិនិត្យបន្ថែមទៀត ដើម្បីទប់ស្កាត់កានាំចូលបន្លែ-ផ្លែឈើមានជាតិគីមីពុល និងទំនិញខូចគុណភាព សំដៅការពារអាយុជីវិត ព្រមទាំងសុខភាពប្រជាពលរដ្ឋ។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មើលឃើញថា នេះជាវិធានការមួយ មានសារប្រយោជន៍ដល់ពលរដ្ឋ ជាពិសេសកសិករខ្នាតតូចនៅតំបន់ជនបទដែលកំពុងប្រកបមុខរបរដាំដុះបន្លែ-ផ្លែឈើ និងការចិញ្ចឹមសត្វ ងាយរកទីផ្សារលក់ផលិតផលទាំងនេះ ប្រសិនបើវិធានការរបស់រដ្ឋាភិបាលដាក់ឱ្យអនុវត្តនោះមានប្រសិទ្ធភាពខ្ពស់៕