ក្រុមថៅកែរោងចក្រអំពាវនាវដល់សហភាពអឺរ៉ុបឱ្យរក្សាការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលរស់នៅពឹងអាស្រ័យលើវិស័យកាត់ដេរ។ ការអំពាវនាវជាថ្មីទៀតរបស់សមាគមថៅកែរោងចក្រនេះ ធ្វើឡើងស្របពេលសហភាពអឺរ៉ុបបិទបញ្ចប់នីតិវិធី ៦ខែដំបូងនៃការពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១២ សីហា។
ក្រុមអ្នកវិនិយោគលើវិស័យកាត់ដេរព្រួយបារម្ភកាន់តែខ្លាំងរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ខុសផ្ទុយពីរបបលោក ហ៊ុន សែន ដែលបង្ហាញជំហររឹងត្អឹងដាក់សហភាពអឺរ៉ុប។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១២ សីហាថា ការគាំទ្ររបស់សហភាពអឺរ៉ុបតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយឱ្យពលរដ្ឋខ្មែររាប់លាននាក់រួចចាកផុតពីភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សមាគមនេះរំឭកថា ក្រោមកម្មវិធី EBA នេះ កម្ពុជាបាននាំចេញផលិតផលនៃវិស័យកាត់ដេរ គិតជាទឹកប្រាក់ជាង ៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ កន្លងទៅ។
សមាគមដដែលនេះ អះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ រួមនឹងគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀត ដែលកំពុងរស់នៅពឹងផ្អែកលើឧស្សាហកម្មកាត់ដេរ។ សមាគមនេះបន្តថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ នឹងធ្វើឱ្យបាត់បង់ការងារទ្រង់ទ្រាយធំ ក្នុងវិស័យកាត់ដេរកម្ពុជា ហើយមិនបម្រើឱ្យគោលបំណងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចិរភាពនៃកម្មវិធី EBA នោះឡើយ។
សមាគមថៅកែរោងចក្របន្តទៀតថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាបញ្ហាដ៏គួរឱ្យសង្វេគ និងសោកស្ដាយសម្រាប់សមាគម ដែលបានធ្វើកិច្ចការងារជាច្រើន ដើម្បីលើកកម្ពស់តួនាទីរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការតាមដានរឿងអនុវត្តបទដ្ឋានការងារ ទាំងនៅកម្ពុជា និងនៅលើពិភពលោក។ សមាគមនេះជំរុញឱ្យសហភាពអឺរ៉ុបរក្សាការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជាបន្តទៅទៀត ដើម្បីជាប្រយោជន៍ពលរដ្ឋខ្មែរ។
សេចក្ដីថ្លែងការណ៍របស់តំណាងរោងចក្រសហគ្រាសជិត ៦០០កន្លែងនេះ ធ្វើឡើងស្របពេលសហភាពអឺរ៉ុបត្រូវបិទបញ្ចប់នីតិវិធី ៦ខែដំបូងនៃការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មុននឹងឈានដល់ការសម្រេចចិត្តថា តើត្រូវព្យួរ ឬរក្សាទុកការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត។
ប្រធានសហភាពការងារលោក អាត់ ធន់ ថ្លែងថា ក្តីបារម្ភរបស់សមាគមរោងចក្រនេះ គឺដូចគ្នានឹងកង្វល់របស់សហជីពដែរ ក៏ប៉ុន្តែ លោកថា ខាងក្រុមថៅកែរោងចក្រច្រើនតែគិតពីផលចំណេញរបស់ខ្លួនជាងប្រយោជន៍កម្មករ។ ម្យ៉ាងវិញទៀត លោកថា បញ្ហាជាច្រើននៅក្នុងវិស័យការងារ ដូចជា ការប្ដឹងផ្ដល់ និងរើសអើងសហជីពជាដើមនោះ ច្រើនតែកើតចេញពីក្រុមថៅកែរោងចក្រនេះឯង។ លោកបន្ថែមថា ខាងសមាគមរោងចក្រក៏ត្រូវលើកក្តីបារម្ភនេះប្រាប់ទៅរដ្ឋាភិបាលកម្ពុជាដែរ មិនមែនស្នើទៅតែសហភាពអឺរ៉ុបនោះឡើយ៖ «អ្វីដែលសមាគមកាត់ដេរធ្វើកន្លងមក ខ្ញុំមើលទៅដូចជាមិនមានអីប្រសើរសម្រាប់ការជួយទៅដល់ EBA នេះទេ។ ភាគច្រើន ដូចជា បណ្ដឹង ការរឹតបន្តឹងលើសិទ្ធិកម្មករ ឬក៏ការកែប្រែច្បាប់មួយចំនួន សមាគមនិយោជកហ្នឹងតែងតែទាញយកចំណេញពីច្បាប់ ឬក៏ធ្វើឱ្យកម្មករហ្នឹងខាតប្រយោជន៍ច្រើន ហើយបើយើងបារម្ភពិតប្រាកដ មិនគួរឱ្យមានបញ្ហាច្រើនដែលកើតចេញពីនិយោជកខ្លួនឯងមកលើកម្មករនោះទេ»។
ថ្នាក់ដឹកនាំសហជីពរូបនេះកត់សម្គាល់ទៀតថា ជាច្រើនខែមកនេះ រដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យការងារបានតិចតួចបំផុត ខណៈលក្ខខណ្ឌផ្សេងទៀតរបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងសិទ្ធិនយោបាយ មិនមានអ្វីផ្លាស់ប្ដូរឡើយ។ លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងអាចរកដំណោះស្រាយ រក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបន្តទៅទៀត។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលកំពុងជជែកគ្នាជាមួយភាគីសហភាពអឺរ៉ុបអំពីរឿង EBA នេះ។ ក្រៅពីនេះ លោកថារដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យបន្តបណ្ដាក់ទុននៅកម្ពុជាតទៅទៀត។ លោកសង្ឃឹមថា បញ្ហា EBA នេះ នឹងអាចដោះស្រាយបានដោយលទ្ធផលវិជ្ជមាន ពីព្រោះសហភាពអឺរ៉ុប គឺជាដៃគូល្អរបស់កម្ពុជា៖ «យើងធ្វើអ្វីដែលអាចធ្វើទៅបានក្នុងរង្វង់អធិបតេយ្យភាព និងឯករាជ្យជាតិតែប៉ុណ្ណោះ ហើយការឆ្លងឆ្លើយ ឬលទ្ធផលរបៀបម៉េច អាហ្នឹងជាភារកិច្ចរបស់ក្រសួងការបរទេស និងអន្តរក្រសួង ដែលយើងកំពុងតែជជែក»។
របបលោក ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីត្រៀមទប់ទល់នឹងស្ថានភាពបាត់បង់ការអនុគ្រោះពន្ធ EBA។ វិធានការទាំងនោះមានជាអាទិ៍ ការបញ្ចុះថ្លៃអគ្គិសនី កាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកដាក់កុងតឺន័រ លុបបំបាត់ស្ថាប័នមួយចំនួននៅកន្លែងនាំចេញ ហើយនៅចុងក្រោយនេះ គឺការលុបចោលថ្ងៃឈប់សម្រាក ៦ថ្ងៃបន្ថែមទៀត។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា វិធានការទាំងឡាយរបស់រដ្ឋាភិបាល ទំនងជាមិនអាចប៉ះប៉ូវការចំណាយរបស់ក្រុមថៅកែរោងចក្របានឡើយ ហេតុដូច្នេះទើបពួកគេចេញសេចក្ដីថ្លែងការណ៍ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តការអនុគ្រោះពន្ធដល់កម្ពុជាតទៅទៀត។ លោកបន្តថា រដ្ឋាភិបាលធ្លាប់បានបដិសេធកង្វល់របស់ក្រុមសង្គមស៊ីវិល ក៏ប៉ុន្តែលើកនេះ រដ្ឋាភិបាលគួរតែពិនិត្យមើលក្ដីបារម្ភរបស់វិស័យឯកជនវិញ។
អ្នកការពារសិទ្ធិកម្មកររូបនេះយល់ថា សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនេះ បង្ហាញថា ពួកគេបារម្ភខ្លាំងចំពោះការបាត់បង់ EBA។ ក៏ប៉ុន្តែលោកថា ក្រុមថៅកែរោងចក្រក៏ត្រូវហ៊ានប្រាប់ការពិតដល់រដ្ឋាភិបាលដែរ ព្រោះរដ្ឋាភិបាលជាអ្នកកាន់កូនសោដោះស្រាយបញ្ហានេះ៖ «សេចក្ដីថ្លែងការណ៍របស់ GMAC បង្ហាញច្បាស់ថា អ្វីដែលរដ្ឋធ្វើកន្លងមកហ្នឹង គឺអត់ទាន់អាចធានាថា វិស័យឯកជន ឬក៏វាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ និងស្បែកជើងអាចរស់បានទេ បើអត់មាន EBA ។ អ៊ីចឹងបើអ្នកដឹកនាំរដ្ឋយល់ ទោះបីជា GMAC មិនអំពាវនាវដោយផ្ទាល់មកខាងរដ្ឋក៏ដោយ ការលើកឡើងរបស់វិស័យឯកជនហ្នឹង ក៏គួរតែរដ្ឋពិចារណាដោះ ( ស្រាយ ) នូវបញ្ហាដែលជាកង្វល់របស់វិស័យឯកជនហ្នឹង»។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពពិនិត្យឃើញថា ស្ថានការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជា មានការវិវឌ្ឍតិចតួចបំផុត។ ការវិវឌ្ឍនោះ គឺរបបក្រុងភ្នំពេញបានទម្លាក់ចោលបណ្ដឹងមួយចំនួនប្រឆាំងថ្នាក់ដឹកនាំសហជីព និងបានកែប្រែច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក៏ប៉ុន្តែ លក្ខខណ្ឌស្ដារប្រជាធិបតេយ្យ ដូចជា ការដោះលែងលោក កឹម សុខា ការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការ ការផ្ដល់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ដល់មន្ត្រីបក្សប្រឆាំង និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញនោះ របបលោក ហ៊ុន សែន មិនបានបង្ហាញចេតនាណាមួយក្នុងការដោះស្រាយឡើយ។
សហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់របបក្រុងភ្នំពេញម្ដងហើយម្ដងទៀតថា អឺរ៉ុបនឹងមិនផ្លាស់ប្ដូរជំហររឿង EBA នេះឡើយ ហើយបើរបបនេះចង់បានការអនុគ្រោះពន្ធបន្តទៀតនោះ របបនេះត្រូវតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឱ្យបានជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។