ពលរដ្ឋ​នៅ​​ប៉ោយប៉ែត​កាន់តែ​ច្រើន​ដើរ​រើស​អេតចាយ​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ពេល​វិបត្តិ​កូវីដ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាន់តែ​ច្រើនឡើង បាន​នាំគ្នា​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​គ្មាន​ការងារ​ធ្វើ បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។ ក្នុង​ស្ថានភាព​នេះ គេ​សង្កេតឃើញ​មាន​កុមារ​នៅ​ក្នុង​គ្រួសារ​ខ្លះ​មាន​មុខមាត់​ស្លេកស្លាំង​ដោយសារ​ហូប​អាហារ​មិន​គ្រប់គ្រាន់។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លើកឡើង​ស្រដៀង​គ្នា​ថា ជីវភាព​របស់​ពួកគាត់​កាន់តែ​ដុនដាប​ខ្លាំង ហើយ​អ្នកខ្លះ​ស្ទើរតែ​គ្មាន​អង្ករ​ច្រក​ឆ្នាំង ដោយសារ​មួយ​រយៈ​ពេលនេះ មាន​អ្នកដើរ​រើស​អេតចាយ​កាន់តែ​ច្រើនឡើង ដែល​ធ្វើ​ឱ្យ​ពិបាក​ដល់​ការ​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃព្រិច សង្កាត់​ប៉ោយប៉ែត លោកស្រី កង វត្តី រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា គ្រួសារ​របស់​លោក​ស្រី​ដើរ​រើស​អេតចាយ​បាន​ប្រាក់​កាន់តែ​តិច​ទៅ ដោយសារ​អ្នក​ប្រកប​របរ​មួយ​នេះ​កើនឡើង​ច្រើន​ស្ទើរ​ទ្វេដង។ បច្ចុប្បន្ន​គ្រួសារ​លោកស្រី​ដើរ​រើស​អេតចាយ​ពេញ​មួយ​យប់ ហើយ​លក់​បាន​ប្រាក់​ប្រមាណ ១​ម៉ឺន ៥​ពាន់​រៀល ​(១៥.០០០)​ ប៉ុណ្ណោះ។ ស្ត្រី​វ័យ ៤២​ឆ្នាំ រូប​នេះ​ប្រាប់​ថា ប្រាក់​ចំនួន​នេះ​មិន​គ្រប់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នោះ​ទេ​។ បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​លោក​ស្រី​ធ្វើ​ឱ្យ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ជាពិសេស​សម្រាប់​កូនតូចៗ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ពួកគេ៖ «ទើបតែ​ម៉ា​កូវីដ​ហ្នឹង​ទេ ស្គាល់​ជាតិ​លំបាក​ខ្លាំង​ហ្មង ថា​ដកដង្ហើម​លែង​ចង់​ចេញ។ ដេក​មើល​មុខ​កូន​ចង់​យំ​ដែរ​ហ្នឹង អាសូរ​កូន​ដែរ​ហ្នឹង​ពេលព្រឹក​ឡើង​គ្នា​ទារ​លុយ​ទិញ​ទឹកដោះ​គោមួយ​ដប​មួយ​ពាន់។ គ្មាន​លុយ​ឱ្យ​ កូន​ចង់​យំ ហើយ​ប្ដី​ទៅ​រក​ដល់​ភ្លឺ​បាន​គ្នា​មក ហើយ​មកដល់​គ្នា​គ្មាន​អី​ហូប​ចូល​ទៅ​ដេក បាន​ជ្រែ​អេតចាយ​ហើយ​យក​ទៅ​លក់​ទៅ​គ្រាន់​បាន​ទិញ​បាយ​ទិញ​អង្ករ​ដាំ​ទៅ»។

Scrap_Collector_in_Poipet_031421_provided_photo.jpg
អ្នក​រើស​អេតចាយ​នៅ​ភូមិ​ព្រៃ​ព្រិច​ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២១។ រូប៖ ប្រជាពលរដ្ឋ​ផ្ដល់​មក​ឱ្យ


គ្រួសារ​នេះ​មាន​សមាជិក​ ៤​នាក់ ក្នុង​នោះ​កុមារ​តូច ​២​នាក់ គឺ​ក្មេង​អាយុ​ជាង​ ២​ឆ្នាំ​ម្នាក់ និង​ទារក​អាយុ​ជិត ​២​ខែ​ម្នាក់​។ លោកស្រី កង វត្តី និយាយ​ថា កូន​របស់​លោក​ស្រី​ទាំង ២នាក់​នេះ មាន​សភាព​ស្គម​ស្លេកស្លាំង ជាពិសេស​ ទារក​ដែល​ទើប​កើត​មិន​មាន​ការ​លូតលាស់​ទេ ដោយសារ​លោកស្រី​ហូប​អាហារ​មិន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​មិន​មាន​ទឹកដោះ​បំបៅ​កូន និង​គ្មាន​ប្រាក់​ទិញ​ទឹកដោះគោ និង​ចំណី​ឱ្យ​កូន​ញ៉ាំ​។ លោកស្រី​ព្រួយបារម្ភ​ខ្លាច​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពាល់​ដល់​សតិបញ្ញា និង​ការ​ធំ​លូតលាស់​របស់​កូន​នៅ​ពេល​ខាងមុខ៖ «ដល់​ហើយ​ទៅ​កូន​វា​ស្វិត​ទៅៗ វា​អត់​លូតលាស់ និយាយ​រួម​ទៅ​លំបាក​ណាស់ លុយ​តែមួយ​ម៉ឺន​លំបាក​ណាស់​មិន​ដឹង​ថា​មុខ​អី​ខ្លះ​ទេ យើង​លៃ​សព្វបែបយ៉ាង​ហើយ​កូន​ខ្ញុំ អាយុ ២​ឆ្នាំ​នោះ​វា​នៅ​បៅ​អា​ទឹកដោះគោ ចុះ​លក់​មួយថ្ងៃ​ចាយ​មួយថ្ងៃ​ទុក​ដល់​ស្អែក​មិន​បាន​ផង​។ និយាយ​រួម​ទៅ​គាត់​អាណិតកូន​អាណិត​ប្រពន្ធ​បើ​គាត់​មិន​រើស​អត់​មានអី​ហូប​ដល់​អីចឹង​ទៅ ចេះតែ​តស៊ូ​ទៅ​។ ខ្ញុំ​ប្រាប់​គាត់​ដែរ​បើ​យើង​អស់កម្លាំង​យើង​ដេក​ទៅ តែ​គាត់​ចេះតែ​ទៅ​ទាំងឈឺទាំងជា​ទាំង​ហាលភ្លៀង​ហាល​ខ្យល់​ចេះតែ​ទៅ ដើម្បី​កូន​ដើម្បី​ប្រពន្ធ»។

គ្រួសារ​មួយ​នេះ​ដើរ​រើស​អេតចាយ​ជិត​មួយឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​រហូត​មក​។ បច្ចុប្បន្ន នៅ​ក្រុង​ប៉ោយប៉ែត មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០​នាក់​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​សង្កាត់​ប៉ោយប៉ែត​ម្នាក់ទៀត គឺ​លោកស្រី សៅ ធាវី ថ្លែង​ថា គ្រួសារ​លោកស្រី​មាន​សមាជិក ៤​នាក់ បាន​ដើរ​រើស​អេតចាយ​ជិត​មួយឆ្នាំ​មក​ហើយ ដោយសារ​អត់​ការងារ​ធ្វើ បណ្ដាល​មក​ពី​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។ លោកស្រី​ប្រាប់​ថា គ្រួសារ​លោកស្រី​ទាំង​ ៤​នាក់ ដើរ​រើស​អេតចាយ​ពេញ​មួយ​យប់ លក់​បាន​ប្រាក់​ប្រមាណ ២​ម៉ឺន​រៀល។ ស្ត្រី​វ័យ​ ៣០​ឆ្នាំ​ប្លាយ​រូប​នេះ ព្រួយបារម្ភ​ខ្លាច​នៅ​ថ្ងៃ​ណាមួយ​មាន​សមាជិក​ក្នុង​គ្រួសារ ជា​ពលរដ្ឋ​នៅ​​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ។

ប្រជាពលរដ្ឋ​ទាំងនោះ​អះអាង​ថា បើ​ទោះជា​ពួកគាត់​ជួប​ការ​លំបាក​យ៉ាងនេះ​ក្ដី ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​មិនសូវ​អើពើ​ជួយ​ដល់​ពួកគាត់​ដែរ ពោល​គឺ​ចាប់តាំងពី​បិទ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មក អាជ្ញាធរ​ទើបតែ​ផ្ដល់​អង្ករ​ ១០​គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី និង​មី​កញ្ចប់​បន្តិចបន្តួច​ឱ្យ​ពួកគាត់​បាន​ម្ដង​ប៉ុណ្ណោះ​។​

​អាស៊ីសេរី​មិន​ទាច​ទាក់ទង​អភិបាលក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៤​មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​កាលពី​ខែមីនា ​ឆ្នាំ​២០២០ រហូត​មក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​បើក​ដំណើរ​ឡើងវិញ​នៅ​ឡើយ​ទេ។

ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង ដោយសារ​គ្មាន​ការងារ​ធ្វើ។

កាល​ពី​មិន​ទាន់​មាន​ជំងឺ​កូ​វីដ​១៩ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ប្រកប​របរ​អូស​រទេះ និង​ស៊ីឈ្នួល​លីសែង​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ។ កន្លង​ទៅ ពួកគាត់​អាច​រក​ប្រាក់​ចំណូល​បាន​ប្រហែល​ពី ៦​ម៉ឺន ទៅ​ ១០​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ដែល​អាច​ចិញ្ចឹម​ជីវភាព​គ្រួសារ​បាន ដោយ​មិន​លំបាក​ដូច​បច្ចុប្បន្ន​នោះ​ទេ។

ប្រជាពលរដ្ឋ​ទាំងនោះ​អះអាង​ថា បើ​ទោះ​ជា​ពួកគាត់​ជួប​ការ​លំបាក​យ៉ាងនេះ​ក្ដី ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​មិនសូវ​អើពើ​ជួយ​ដល់​ពួកគាត់​ដែរ ពោល​គឺ​ចាប់តាំងពី​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មក អាជ្ញាធរ​ទើបតែ​ផ្ដល់​អង្ករ ១០​គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី និង​មី​កញ្ចប់​បន្តិចបន្តួច​ឱ្យ​ពួកគាត់​បាន​ម្ដង​ប៉ុណ្ណោះ។

អាស៊ីសេរី​មិន​ទាច​ទាក់ទង​អភិបាលក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៤ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ចៅសង្កាត់​ប៉ោយប៉ែត លោក ភោគ លន់ ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ទាំងនោះ​នៅឡើយ​ទេ៖ «មិន​មាន​ប្រជាពលរដ្ឋ​ណា​ប្រឈម​នឹង​ការ​អត់បាយ​មិន​ទាន់​មាន​ទេ ព្រោះ​អី​តែ​ខ្វះខាត​អី​មេភូមិ​រាយការណ៍​មក​ខ្ញុំ​ហើយ ខ្ញុំ​ចុះទៅ​មើល​ហើយ​។​ហ្នឹង​អត់​អី​ទេ ដល់​មាន​បញ្ហា​អី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​មេភូមិ ហើយ​មេភូមិ​រាយការណ៍​មក​ខ្ញុំ និង​ទៅ​ក្រុង​ដោះស្រាយ​អត់​អី​ទេ»។

ទោះជា​យ៉ាងណា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ជីវភាព​ខ្វះខាត​ស្ទើរ​គ្រប់​ផ្នែក ហើយ​សូម្បីតែ​អាជីវករ​ខ្មែរ​មាន​តូប​លក់ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ​ខ្លះ ក៏​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ដែរ​។ លោក​កត់សំគាល់​ទៀត​ថា កន្លងទៅ​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន មិន​បាន​ទទួល ស្បៀងអាហារ​អ្វី​ពី​អាជ្ញាធរ​ឡើយ​។ លោក​អះអាង​ថា អាជ្ញាធរ​តែងតែ​ចែក​អំណោយ​ប្រកាន់​បក្សពួក ដោយ​ចែក​ឱ្យ​តែ​ក្រុម​ដែល​គាំទ្រ​គណបក្ស​កាន់អំណាច និង​សាច់ញាតិ​របស់​អាជ្ញាធរ​មូលដ្ឋាន ចំណែក​ពលរដ្ឋ​ក្រីក្រ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​ធ្លាប់​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​កន្លង​ទៅ អាជ្ញាធរ​មិន​បាន​ចែក​អំណោយ​ដល់​ពួកគាត់​ឡើយ៖ «ខ្ញុំ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ស្រង់​អ្នក​ក្រីក្រ​ពិតប្រាកដ​ជាពិសេស​អ្នក​រើស​អេតចាយ​កម្មករ​អូស​រទេះ​ហ្នឹង ជួយ​ពួកគាត់​ជា​អាទិភាព​មុនគេ ព្រោះ​ពួកគាត់​ហ្នឹង​ខ្វះខាត​ធ្ងន់ធ្ងរ​មែនទែន​។ មិន​បាច់​ចាំ​មាន​សៀវភៅ​គ្រួសារ​អត្តសញ្ញាណប័ណ្ណ អ្នក​ខ្លះទៅ​ស្រង់​គ្នា​ទាល់​តែ​មាន​សៀវភៅ​គ្រួសារ​មាន​អត្តសញ្ញាណប័ណ្ណ​អី​ច្បាស់លាស់ បើ​គ្នា​រកតែ​បាយ​ហូប​មិនបាន​ផង ឯកសារ​សៀវភៅ​គ្រួសារ​ធ្វើ​មិនបាន​ទៀត​។ ជួនកាល​ដាក់​ស្នើ​ទៅ​ធ្វើ​ហ្នឹង ​អស់​លុយ​ច្រើន​ទៀត​។ ​អីចឹង​យើង​កុំ​ផ្ដោត​ទៅ​លើ​ឯកសារ​ពេក ផ្ដោត​ទៅ​លើ​ជីវភាព​ជាក់ស្ដែង​របស់​ពួកគាត់ ហើយ​ហ្នឹង​ស្ថានភាព​រស់នៅ​របស់​ពួកគាត់​ជាក់ស្ដែង»។

អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​កាលពី​ខែមីនា ឆ្នាំ​២០២០ រហូត​មក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​មក​ទល់​ពេល​នេះ​មិនទាន់​បើក​ដំណើរ​ឡើងវិញ​នៅ​ឡើយ​ទេ។ ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង ដោយសារ​គ្មាន​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។