ក្រុមអតិថិជនដែលរកស៊ីដាក់ប្រាក់វិនិយោគរាប់រយនាក់ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា បានប្រមូលផ្តុំគ្នានៅខាងមុខក្រុមហ៊ុនហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX investment co.,LTD) ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ តាមការណាត់ជួបរបស់ក្រុមហ៊ុន ដើម្បីស្វែករកដំណោះស្រាយករណីបាត់លុយវិនិយោគរបស់ពួកគាត់។
ជនរងគ្រោះមួយរូប ថ្លែងតាមវីដេអូផ្សាយផ្ទាល់នៅលើហ្វេសប៊ុកថា ក្រុមហ៊ុនហ្គោលអេហ្វអិកស៍ នៅតែមិនព្រមផ្តល់ដំណោះស្រាយជូនពួកគាត់នោះឡើយ ដោយក្រុមហ៊ុននៅតែអះអាងថា ករណីបាត់លុយនេះ គឺមានបុគ្គលិកជាជនបរទេសបីនាក់ បានលួចកិបកេងយក ដូច្នេះក្រុមហ៊ុនក៏ជាជនរងគ្រោះដូចអតិថិជនដែរ។ លោកស្រីបន្តថា តំណាងក្រុមហ៊ុន នៅតែស្នើសុំឲ្យពួកគាត់ចូលរួមផ្តិតមេដៃជាមួយក្រុមហ៊ុន ដើម្បីប្តឹងបុគ្គលិកទាំងបីនាក់នោះ ប៉ុន្តែក្រុមពលរដ្ឋមិនព្រមនោះទេ ហើយនៅតែបន្តទាមទារប្រាក់របស់ពួកគាត់មកវិញ៖ «ឥឡូវនេះពួកយើងមកទាមទារការដោះស្រាយពីក្រុមហ៊ុនថា ម៉េចម៉ាអ៊ីចឹង តែពួកគាត់អត់ឆ្លើយអីទាំងអស់ គិតតែបបួលយើងចូលរួមជាមួយក្រុមហ៊ុនថា ក្រុមហ៊ុននេះក៏ជាជនរងគ្រោះដែរ តែវាចម្លែកត្រង់ថា ក្រុមហ៊ុនជាជនរងគ្រោះម៉េចត្រូវ ក្រែងគាត់ជាអ្នកយកលុយពីអតិថិជនទាំងអស់យកទៅវិនិយោគ ហើយចុងក្រោយគាត់ថា គាត់ជាជនរងគ្រោះទាំងគាត់យកលុយគេ២៧លានជាង»។
ជនរងគ្រោះមួយរូបទៀត រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុនចំនួន ៥ ពាន់ដុល្លារ ដោយសង្ឃឹមថា នឹងទទួលបានការប្រាក់ចំណេញខ្ពស់ ប៉ុន្តែស្រាប់តែនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក៏ចាប់ផ្តើមមានបញ្ហាបាត់លុយពីគណនីរបស់ពួកគាត់ដូចៗគ្នា។ លោកស្រីបន្តថា បន្ទាប់មកក្រុមហ៊ុនមួយនេះ មិនបានទទួលខុសត្រូវនោះទេ បែរជាប្រកាសផ្អាកដំណើការ ដោយអះអាងថា មានបុគ្គលិក៣នាក់លួចយកលុយរបស់អតិថិជនទាំងនោះ។ ជនរងគ្រោះរូបនេះបន្តថា ករណីបុគ្គលិកលួចយកលុយទាំងនោះ គឺជាបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុន ត្រូវតែទទួលខុសត្រូវសងប្រាក់ជូនអតិថិជនតាមកិច្ចសន្យាវិញ៖ «ខ្ញុំសូមឲ្យក្រុមហ៊ុនចេញមកប្រកាសថា ពេលណាដោះ ស្រាយរឿងលុយឲ្យអតិថិជនប៉ុន្មានពាន់នាក់ដែលបានបាត់បង់លុយនៅក្រុមហ៊ុនហ្នឹង។ សូមឲ្យសម្តេចពុកជួយដោះស្រាយឲ្យកូនចៅផង ក្នុងពេលនេះកូនចៅកំពុងតែរងការលំបាកខ្លាំងណាស់ដោយសារកូវីដ ហើយលុយធនាគារក៏គេទាររាល់ខែដែរ តែខាងក្រុមហ៊ុន អត់មានបានផ្តល់អីឲ្យកូនចៅសោះ»។

ក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX investment co.,LTD) បានប្រកាសផ្អាកប្រតិបត្តិការបណ្តោះអាសន្ន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីអះអាងថា បុគ្គលិកជាជនបរទេស៣នាក់ បានលួចលុយពីក្រុមហ៊ុន។ ក្រុមហ៊ុនដែលគ្រប់គ្រង់ដោយក្រុមគ្រួសាររបស់មន្ត្រីកំពូលៗនៃគណបក្សកាន់អំណាចនេះ មិនបានបញ្ជាក់ជំហរក្នុងការសងប្រាក់ជូនអតិថិជនរបស់ខ្លួនឡើយ ប៉ុន្តែបានស្នើសុំឲ្យអតិថិជន ចូលរួមជាមួយខ្លួនក្នុងការដាក់បណ្តឹងប្រឆាំងបុគ្គលិកទាំង ៣ នាក់ ដែលកំពុងនៅក្រៅប្រទេស។ លើសពីនេះ កាលពីថ្ងៃទី២៥ ខែឧសភា ក្រុមហ៊ុននេះ ក៏បានចេញលិខិតឲ្យអតិថិជនចូលរួមជាមួយក្រុមហ៊ុន ដើម្បីទាមទារអ្វី ដែលបាត់បង់ត្រឡប់មកវិញតាមនីតិវិធីច្បាប់ និងព្រមានឲ្យអតិថិជនទាំងអស់ ជៀសវាងដាច់ខាត់នូវការផ្សព្វផ្សាយផ្តេសផ្តាស់នៅលើបណ្តាញសង្គម ដើម្បីកុំឲ្យប្រែក្លាយខ្លួនឯងពីជនរងគ្រោះទៅជាជនល្មើសដោយមិនដឹងខ្លួន។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្គោលអេហ្វអិកស៍ គឺជាអ្នកស្រី កែ សួនសុភី ជាកូនស្រីបង្កើតរបស់លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រូវជាប្រពន្ធរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ដែលជាកូនប្រុសរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំណែកនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន គឺជាអ្នកស្រី ស ចាន់ណែត ដែលជាក្មួយស្រីរបស់លោក ស ខេង និងជាប្រពន្ធរបស់លោក លី សុភ័ក្ដ អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរគ្រុប។ ក្រុមហ៊ុននេះមាននាយកគ្រប់គ្រងពីរនាក់ទៀត គឺឈ្មោះ ប៊ុន គីរីរិទ្ធ និងលោក ឈាង គ្រីស្ដុហ្វ (Christophe Chheang) ដែលគេស្គាល់ថា លោក ឈាង គ្រីស្ដុហ្វ គឺជាទីប្រឹក្សារបស់ប្រធានរដ្ឋសភាលោក ហេង សំរិន។
ក្រុមហ៊ុនហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ហើយនៅក្នុងឯកសារចុះបញ្ជីដែលទើបធ្វើបច្ចុប្បន្នភាពចុងក្រោយបញ្ជាក់ថា ក្រុមហ៊ុននេះ ពុំមានបុគ្គលិកជាជនបរទេសនោះទេ។
ទាក់ទងករណីនេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនហ្គោលអេហ្វអិកស៍ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
មកទល់ពេលនេះ មិនមានតួលេខជាក់លាក់ពីចំនួនជនរងគ្រោះនិងទឹកលុយដែលបាត់បង់នោះទេ ប៉ុន្តែសាព័ត៌មានក្នុងស្រុកចុះផ្សាយថា យ៉ាងហោចណាស់មានអ្នកវិនិយោគ ដែលរងគ្រោះបាត់លុយជាមួយក្រុមហ៊ុនប្រមាណ ៦ពាន់នាក់ (៦.០០០) ហើយទំហំទឹកប្រាក់ដែលបាត់បង់មានប្រមាណ ២៧ លានដុល្លារអាមេរិក។ ជនរងគ្រោះមួយចំនួនធំ គឺជាអ្នកជំនួញ ជាមន្ត្រីរាជការ និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់ភាគច្រើនបានព្យាយាមលាក់អត្តសញ្ញាណដោយសារបារម្ភពីសុវត្ថិភាព ហើយអ្នកខ្លះបានជួលមេធាវីដើម្បីធ្វើជាតំណាងក្នុងការទាមទាររកដំណោះស្រាយពីក្រុមហ៊ុន។
ទោះជាយ៉ាងណា ពួកគាត់ បានបញ្ចេញមតិរិះគន់យ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក(Facebook) ដោយចោទថា ក្រុមហ៊ុននេះ មិនខុសពីក្រុមហ៊ុនជាច្រើនទៀតនៅកម្ពុជា ដែលមានគម្រោងការណ៍បោកប្រាស់អតិថិជន។ ពួកគាត់បញ្ជាក់ថា វិធីបោកប្រាស់របស់ក្រុមហ៊ុននេះ គឺលួងលោមឲ្យដាក់វិនិយោគជាមួយក្រុមហ៊ុនជាថ្នូរនឹងការទទួលបានអត្រាការប្រាក់ខ្ពស់ ជាងដាក់ប្រាក់នៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅដើមខែដំបូង ពួកគាត់ អាចទទួលបានការប្រាក់ចំណេញប្រមាណ ១០ ភាគរយ ប៉ុន្តែនៅខែបន្តបន្ទាប់មកទៀតចំនួនទឹកប្រាក់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងបាត់លុយចេញពីគណនីតែម្តង។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី សង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា មានករណីគម្រោងបោកប្រាស់ជាច្រើន។ លោកយល់ថា ប្រសិនបើករណីនេះ ភាគីក្រុមហ៊ុន និងអ្នកវិនិយោគ អះអាងថា ពួកគាត់ជាជនរងគ្រោះដូចគ្នា ដូច្នេះអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល គួរតែស៊ើបអង្កេតដោយឯករាជ្យនិងតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងកសាងទំនុកចិត្តលើគម្រោងវិនិយោគឡើងវិញ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាល មិនស៊ើបអង្កេត ដោយទុកឲ្យជនរងគ្រោះបាត់បង់លុយដោយមិនដឹងមូលហេតុច្បាស់លាស់ នឹងធ្វើឲ្យជំនឿចិត្តក្នុងការវិនិយោគរឹតតែធ្លាក់ចុះ ហើយធ្វើឲ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះវិនិយោគមិនសូវល្អជាដើម៖ «ប្រសិនបើជនបរទេសដែលពាក់ព័ន្ធនេះគាត់ជាអ្នកលួចលុយ ហើយគាត់ធ្វើការបោកប្រាស់ទាំងដៃគូនៅស្រុកខ្មែរផងហើយពលរដ្ឋផង គឺអាហ្នឹងយើងត្រូវស្វែងរកការពិតហើយ ហើយកិច្ចការនេះជាកិច្ចការចាំបាច់ណាស់ ជាពិសេសខាងអាជ្ញាធរពាក់ព័ន្ធ មានក្រសួងយុត្តិធម៌ជាដើម គួរតែមានការចូលរួមត្រួតពិនិត្យស៊ើបអង្កេតក្នុងករណីនេះ។ យើងជាប្រទេសមួយដែលទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ហើយបរិយាកាសវិនិយោគគឺជាវិស័យអាទិភាពមួយដែលរដ្ឋាភិបាលត្រូវធ្វើ ហើយបើសិនយើងធ្វើការស៊ើបអង្កេតករណីនេះឲ្យល្អប្រសើរ និងតម្លាភាព ខ្ញុំគិតថា យើងអាចបង្កើនជំនឿវិនិយោគបាន»។

ទោះជាយ៉ាងណា ដោយសារករណីនេះ ពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីកំពូលៗនៃបក្សកាន់អំណាចបែបនេះ ការដោះស្រាយ ទំនងជាធ្វើឡើងដោយស្ងាត់ៗ និងមិនចង់ឆ្លងកាត់តុលាការនោះទេ ព្រោះនេះជាករណីដ៏គួរឲ្យអាម៉ាស់សម្រាប់ក្រុមឥស្សរជននយោបាយនៃបក្សកាន់អំណាច និងអ្នកជំនួញ។ កាលពីដើមខែមេសា កន្លងទៅ ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីលោក ដួង តារា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួនពាន់នាក់ដែលជាអ្នកដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនហ្គោលអេហ្វអិកស៍ ដើម្បីស្នើសុំឲ្យលោក និងលោកនាយរដ្ឋមន្ត្រី ជួយដោះស្រាយ។ លោកស្នើសុំឲ្យជនរងគ្រោះរក្សាភាពស្ងៀមស្ងាត់និងចូលរួមរកដំណោះស្រាយដោយសន្តិវិធី ។ លោកសង្ឃឹមថា ករណីនេះ នឹងមានដំណោះស្រាយក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់លោក ហ៊ុន សែន។
ក្រុមជនរងគ្រោះជាច្រើន លើកឡើងថា ពួកគាត់បានយកលុយដែលខំសន្សំស្ទើពេញមួយជីវិត និងអ្នកខ្លះទៀតបានខ្ចីបំណុលធនាគារដើម្បីយកទៅដាក់វិនិយោគជាមួយក្រុមហ៊ុន ព្រោះពួកគាត់សម្លឹងមើលឃើញថា ម្ចាស់ក្រុមហ៊ុន ជាកូនចៅសាច់ញាតិរបស់ថ្នាក់ដឹកនាំកំពូលៗ និងមានចុះអាជ្ញាបណ្ណត្រឹមត្រូវនៅនិយតករមូលបត្រកម្ពុជា ជាក្រុមហ៊ុនស្របច្បាប់១០០ភាគរយ ដោយមិននឹកស្មានថា មានរឿងបែបនេះកើតឡើង។ ពួកគាត់ថា ទោះបីទទួលបានដំណោះស្រាយក្តី ក៏ពួកគាត់រាងចាលមួយជីវិតលើវិស័យវិនិយោគបែបនេះនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។