រដ្ឋសភាកម្ពុជា សំដែងការខកចិត្តយ៉ាងខ្លាំង និងចាត់ទុកការទាមទាររបស់សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិកថា ជាទង្វើខុសឆ្គង។ ការប្រកាសនេះធ្វើឡើងក្រោយតំណាងរាស្ត្រអាមេរិក ៨រូប ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន និងស្នើឲ្យពិនិត្យឡើងវិញ លើប្រពន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ដោយសារការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទទួលស្គាល់ថា អាជ្ញាធរកម្ពុជានៅតែបន្តគំរាមកំហែង បំបិទសិទ្ធិសេរីភាព និងបង្ក្រាបសំឡេងប្រឆាំង និងសកម្មជនឥតឈប់ឈរ។
រដ្ឋសភាកម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍៧ចំណុច ឆ្លើយតបទៅនឹងការចោទប្រកាន់របស់សមាជិកសភាអាមេរិកថា រដ្ឋាភិបាលកម្ពុជា នៅបន្តការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង ប្ដេជ្ញាការពារប្រឆាំងរាល់សកម្មភាពណា ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម សន្តិភាព ស្ថិរភាព និងសន្តិសុខ។ រដ្ឋសភាបញ្ជាក់ថា ការរំលាយគណបក្សប្រឆាំង និងវិធានការផ្លូវច្បាប់ប្រឆាំងនឹងមេដឹកនាំគណបក្សនេះរួមមាន សម រង្ស៊ី និង កឹម សុខា នេះ គឺជាការអនុវត្តច្បាប់ ដើម្បីប្រឆាំងរាល់សកម្មភាពឃុបឃិតគ្នា ក្នុងគោលដៅផ្ដួលរំលំរដ្ឋាភិបាល។ បន្ថែមពីនេះ សមត្ថកិច្ច នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះ ការញុះញង់ឱ្យមានកុប្បកម្ម ការរើសអើងជាតិសាសន៍ តាមរយៈការប្រើប្រាស់ឯកសារក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតជាដើម។
ប្រតិកម្មរបស់រដ្ឋសភាកម្ពុជានេះ ធ្វើឡើងក្រោយដែល តំណាងរាស្រ្តសហរដ្ឋអាមេរិក៨រូប បួនរូបជាសមាជិកសភា និងបួនរូបទៀត ជាសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានសរសេរ លិខិតរួមគ្នាមួយច្បាប់ ជូនទៅរដ្ឋមន្ត្រីការបរទេសអាមេរិក ដោយទទូចឲ្យរដ្ឋាភិបាលអាមេរិក ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលកាន់តែអាក្រក់ជាលំដាប់នៅកម្ពុជា។ សមាជិកសភាអាមេរិកទាំងនោះ ក៏ទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួន ប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកល ឬ the Global Magnitsky Act លើបុគ្គលក្នុងជួរដឹកនាំជាន់ខ្ពស់នៃរបបសព្វថ្ងៃ និងពិនិត្យឡើងវិញ លើប្រពន្ធអនុគ្រោះពន្ធទូទៅ ឬ GSP។
ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផងក៏បានថ្កោលទោស ចំពោះទង្វើរបស់សមត្ថកិច្ច និងតុលាការកម្ពុជា ដែលបន្តចាប់ខ្លួន និងចោទប្រកាន់សកម្មជនបក្សប្រឆាំងរហូតមកដល់ពេលនេះ មានមនុស្សប្រហែល ៦០នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារតែពួកគាត់បង្ហាញជំហរគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់មិញថា តាមការសង្កេតរបស់លោក មិនថាតែសង្គមស៊ីវិលជាតិ និងអន្តរជាតិទេ ដែលមើលឃើញពីការធ្លាក់ចុះយ៉ាងគំហុក នៃស្ថានភាពការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សូម្បីតែសហគមន៍អឺរ៉ុប ក៏មើលឃើញដូច្នេះដែរ ដែលជាមូលហេតុបង្ខំឱ្យសហគមន៍តំណាងប្រទេសប្រជាធិបតេយ្យជាច្រើនមួយនេះ សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ២០% ពីកម្ពុជា និងសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់អំពីបញ្ហានេះ៖ « សហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ២០ % គឺលក្ខខណ្ឌរបស់គេ គឺនៅមិនទាន់កែប្រែ ស្តារឡើងវិញ នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ហើយចុងក្រោយនេះ យើងឃើញមានក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ព្រួយបារម្ភពីការចាប់ខ្លួន ការសំដែងមតិដោយសន្តិវិធី ដែលការបិទសេរីភាពរបស់ប្រជាពលរដ្ឋ »។
ដោយឡែកទាក់ទងនឹងសេរីភាពសារព័ត៌មានវិញ រដ្ឋសភាកម្ពុជា ក៏បានលើកឡើងថា ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្ដាញសង្គមបានយ៉ាងទូលំទូលាយ ដោយសារកម្ពុជាមានបណ្ដាញផ្សព្វផ្សាយព័ត៌មានរាប់រយ ដូចជា បណ្ដាញទូរទស្សន៍ និងវិទ្យុបរទេស រួមមាន វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាដើម។
ក៏ប៉ុន្តែការលើកឡើងនេះ ត្រូវនាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា សព្វថ្ងៃនេះ ក្រុមអ្នកសារព័ត៌មានដែលមាននិន្នាការ និងយល់ឃើញខុសពីរដ្ឋាភិបាល គឺបណ្តាញសារព័ត៌មានមិនទទួលបានភាពស្មើគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាននោះទេ។ បន្ថែមពីនេះ លោកថា ពលរដ្ឋក្រីក្រនៅតាមជនបទ មិនទទួលបានព័ត៌មានទាន់ហេតុការណ៍ ដូចជា ករណីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាដើម៖ « យើងចង់ឃើញស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចការរបស់អ្នកសារព័ត៌មានទាំងអស់ ទោះបីជាគាត់ក្នុងស្ថានភាព ឬរូបភាពដែលមាននិន្នាការបក្សណា ឬក្រុមណាក៏ដោយ គឺគាត់ទទួលបានការជ្រោមជ្រែង និងការគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ដូចៗ គ្នា ហើយចំណុចសំខាន់ ស្ថាប័នមួយចំនួន គឺផ្សាយតាមប្រព័ន្ធអនឡាញទេ ដូចនេះ ពលរដ្ឋនៅជនបទដាច់ស្រយាល មិនអាចស្តាប់បានទេ គាត់មានការពិបាកខ្លាំងមែនទែន ដូចជាពត៌មានទាក់ទងនឹងកូវិត១៩ គឺមិនទទួលបានទាន់ពេលវេលា »។
ក្នុងរយៈពេល ៣ខែមកនេះ មានអ្នកការពារសិទ្ធិមនុស្សយ៉ាងហោចណាស់ចំនួន២១ នាក់ បានទទួលរងការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួន។ បន្ថែមពីនេះ សកម្មជនបក្សប្រឆាំងប្រមាណ ៦០នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារតែពួកគាត់បង្ហាញជំហរគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៩។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ដោយយល់ថា ពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ក្រៅពីនេះ សហគមន៍ជាតិ និងអន្តរជាតិក៏ទទូចឱ្យរបបក្រុងភ្នំពេញ បើកលំហសេរីភាព និងគោរពសិទ្ធិពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។