រដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយយកតួលេខពីគណៈរដ្ឋមន្ត្រីទាំងស្រុង។ សមាជិករដ្ឋសភាគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនព្រួយបារម្ភពីប្រសិទ្ធភាពការងាររបស់រដ្ឋសភាឯកបក្សថា ពុំបានសួរដេញរដ្ឋាភិបាល ដើម្បីរុញឱ្យការប្រើប្រាស់កញ្ចប់ថវិកាជាតិមានតម្លាភាព និងចំទិសដៅនោះទេ។
រដ្ឋសភាឯកបក្សបានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១យ៉ាងប្រញាប់ ដោយប្រើពេលត្រឹមតែមួយព្រឹកប៉ុណ្ណោះ។ ការអនុម័តសេចក្ដីព្រាងច្បាប់នេះ រដ្ឋសភាបានយកតួលេខទាំងស្រុង ពីគណៈរដ្ឋមន្ត្រី ដោយរដ្ឋគ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ ៧,៥ពាន់លានដុល្លារ ពោលគឺថយចុះតែ ១,៩% បើធៀបនឹងឆ្នាំ២០២០។ រីឯនៅថ្នាក់ក្រោមជាតិវិញ រដ្ឋគ្រោងចំណាយប្រមាណជិត ៦៥០លានដុល្លារ។
ថ្លែងការពារច្បាប់នេះ សមាជិករដ្ឋសភារបស់គណបក្សប្រជាជន លោក ហ៊ុន ម៉ានី បានសរសេរនៅក្នុងគណនេយ្យហ្វេសប៊ុក របស់លោកថា រាជរដ្ឋាភិបាលបានបង្ហាញស្មារតីនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយផ្ដោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសុំការអធិប្បាយលម្អិតជុំវិញរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល កាលថ្ងៃទី២៥ វិច្ឆិកា។ ចំណែកអ្នកនាំពាក្យប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរដ្ឋសភា លោក ជាម យៀប ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទោះយ៉ាងណា លោក ជាម យៀប បានថ្លែងនៅក្នុងគេហទំព័ររដ្ឋសភាមានខ្លឹមសារស្រដៀងគ្នានឹងលោក ហ៊ុន ម៉ានី ដែរថា ថវិកាជាតិឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹង សង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩។
ឆ្លើយតបរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា សេចក្ដីព្រាងច្បាប់នេះ រដ្ឋសភាគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋ និងភាគីពាក់ព័ន្ធ ចូលរួមសម្ដែងមតិ ធ្វើយ៉ាងណាឆ្លើយតបនឹងសេចក្ដីត្រូវការចាំបាច់របស់ពលរដ្ឋមូលដ្ឋាន។ លោកបញ្ជាក់ថា ដើម្បីឱ្យថវិកាជាតិប្រើប្រាស់ចំទិសដៅ និងតម្លាភាព រដ្ឋសភា គួរតែពិភាក្សាឱ្យបានទូលំទូលាយ និងទទួលយកក្តីកង្វល់របស់មន្ត្រីសង្គមវិលមកដោះស្រាយ៖ «ការជជែកហ្នឹងយើងមិនសង្ឃឹមថា មានអីប្រែប្រួលខុសពីអ្វី ការដាក់ ស្នើពី រដ្ឋាភិបាលទេបាទ។ នេះជាការដែលខ្ញុំសង្កេតមើលជាច្រើនលើក»។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងរស់នៅសហរដ្ឋ អាមេរិក ថ្លែងថា ពលរដ្ឋពិបាកជឿរបបក្រុងភ្នំពេញថា នឹងប្រើប្រាស់ថវិកាជាតិត្រឹមត្រូវ និងតម្លាភាព ព្រោះរដ្ឋាភិបាល ឯកបក្សហ៊ុមព័ទ្ធដោយអំពើពុករលួយ និងបក្ខពួកនិយម។ លោកថា ទោះបីរដ្ឋសភាអនុម័តថវិកាជាតិដូច្នេះក្តី តែការចំណាយជាក់ស្ដែងវិញ មិនចំគោលដៅស្នូល ជួយអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដនោះឡើយ៖ «នៅពេលការអនុវត្តជាក់ស្ដែង រដ្ឋាភិបាលលោក ហ៊ុន សែន ប្រព្រឹត្តអំពើពុករលួយដែលបានទៅដល់ដៃពលរដ្ឋពិតប្រាកដ ការអភិវឌ្ឍពិតប្រាកដ។ បានត្រឹម ៣០ ទៅ ៤០ភាគរយនឹងឯង ហើយក្រៅពីហ្នឹងវាចូលហោប៉ៅបុគ្គល អាហ្នឹងវាឃើញជាក់ស្ដែងអ៊ីចឹង»។
ចំណូលថវិកាជាតិគ្រោងឆ្នាំ ២០២១ មាន ៤ ៩០២លានដុល្លារអាមេរិក ដែលស្មើជិត ១៧ (១៦,៩៦%)ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស ឬ GDP)។ នៅឆ្នាំ២០២១ រដ្ឋាភិបាលគ្រោងនឹងចំណាយប្រមាណ ៧ ៥០០លានដុល្លារ (ឬស្មើ ៣០ ៤៩១ ៣៣៦លានរៀល) ។ ថវិកាដែលត្រូវចាយលើចំណូល ២ ៥៩៨លានដុល្លារនេះ នឹងត្រូវខ្ចីពីបរទេស។ សរុបទាំងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការចំណាយសម្រាប់ឆ្នាំ២០២១ គឺជាង ៨ពាន់លានដុល្លារអាមេរិក។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ពិបាកនឹងជឿទុកចិត្ត ចំពោះប្រសិទ្ធភាពនៃការចំណាយថវិកាឱ្យចំទិសដៅ និងមានតម្លាភាព ព្រោះរដ្ឋសភាឯកបក្ស ហាក់ធ្វើតាមបញ្ជាពីរដ្ឋាភិបាល ដោយគ្មានការជជែកវែងឆ្ងាយនោះទេ៖ «សង្គមប្រជាធិបតេយ្យ តាមរយៈ តំណាង របស់ខ្លួនហ្នឹងហើយសព្វថ្ងៃហ្នឹងយើងសួរថា តើមានអ្នកតំណាងរាស្ត្រក្នុងសភាណា ? ដែលអាច តំណាងប្រជាពលរដ្ឋទូទាំងប្រទេសបាន។ អ៊ីចឹងខ្ញុំមិនគាំទ្រឱ្យមានការអនុម័តច្បាប់ ស្ដីពីថវិកា ឬការធ្វើកម្ចីពីបរទេស»។
ចំណែក ក្រុមសង្គមស៊ីវិលចំនួន១១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាជំរុញឲ្យរដ្ឋាភិបាល និងរដ្ឋសភា កាត់បន្ថយការចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ តែត្រូវយកចិត្តទុកដាក់ ចំពោះវិស័យសេដ្ឋកិច្ច និងសង្គម ឲ្យបានច្រើនវិញ។ ពួកគេបារម្ភថា រដ្ឋាភិបាល អាចនឹងចាយវាយមិនចំគោលដៅដែលអាចធ្វើឲ្យរដ្ឋាភិបាល ត្រូវខ្ចីលុយបរទេសបន្ថែមទៀត សម្រាប់ច្បាប់ថវិកាជាតិឆ្នាំ២០២១នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។