មន្ត្រីសង្គមស៊ីវិលផ្នែកការពារសិទ្ធិអ្នកប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា បើទោះជារដ្ឋាភិបាល បានចេញសារាចរលុបចោលការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ២០១៦មកក្តី ក៏អាជ្ញាធរនិងសន្តិសុខផ្សារតាមបណ្តាខេត្ត-ក្រុងមួយចំនួននៅតែបន្តទារលុយពីពលរដ្ឋដដែល។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ថ្លែងថា អ្នកលក់ដូតូចតាចតែងរអ៊ូរទាំថា អាជ្ញាធរឬសន្តិសុខតាមផ្សារមួយចំនួននៅតែបន្តទារលុយពីពួកគាត់ ហើយពួកគាត់បដិសេធ គឺអ្នកភាស៊ីទាំងនោះ នឹងបណ្តេញពួកគាត់ មិនឲ្យលក់ដូរ ក្រោមហេតុផលថា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់។ លោកស្នើសុំឲ្យអាជ្ញាធរតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេស គោរពនិងអនុវត្តសារាចររបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។ លើសពីនេះ លោកយល់ថា អាជ្ញាធរ គួរតែផ្អាកយកថ្លៃជួលតូបពីអាជីវករក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដនេះផងដែរ៖«ពេលខ្លះសារាចរហ្នឹងចេញមកបានតែមួយភ្លេចហើយបន្ទាប់មកអាជ្ញាធរហាក់ដូចជាមិនអើពើដូច្នេះហើយព្រឹកមិញនេះយើងបាន ឃើញលិខិតណែនាំរបស់អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានក្រើនរំលឹកដល់អាជ្ញាធរខេត្តព្រះសីហនុ និងក្នុងក្រុងឲ្យបញ្ឈប់ការយកភាស៊ីយោងទៅលើសារាចរហ្នឹង ដើម្បីជួយពលរដ្ឋខ្មែរដែលកំពុងជួបទុក្ខលំបាក ជាពិសេសក្នុងស្ថានភាពជំងឺកូវីដនេះ ខ្ញុំគិតថា អាជ្ញាធរត្រូវតែលើកលែងតែម្តងចំពោះការយកភាស៊ី ថ្លៃតូប ថ្លៃកន្លែងលក់ ព្រោះឥឡូវនេះលក់អត់ដាច់ទេ ហើយបើយកភាស៊ីទៀត វារឹតតែធ្ងន់ធ្ងរ»។
ការលើកឡើងនេះ គឺបន្ទាប់ពីអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន នៅព្រឹកថ្ងៃទី២២ ខែមីនា បានចេញលិខិតណែនាំមួយដល់អ្នកគ្រប់គ្រងផ្សារស្ថិតក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះលោក គួច ចំរើន ណែនាំដល់អ្នកគ្រប់គ្រងផ្សារទាំងអស់ត្រូវប្រមូលចំណូលតាមរយៈការបង់ភាស៊ី និងបង់ថ្លៃជួលតូប រាន ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក។ ការចេញលិខិតណែនាំនេះ ធ្វើឡើងក្រោយពីមានករណីបុរសម្នាក់ជាភ្នាក់ងារភាស៊ី និងសន្តិសុខនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុបានទារភាស៊ីលើសសៀវភៅបន្ទុកពីស្ត្រីអាជីវករលក់ពងទាម្នាក់ និងបានបំផ្លាញពងទារបស់គាត់ដែលបណ្តាលឲ្យធ្លាក់បែកនៅលើដី កាលពីថ្ងៃទី២០ ខែមីនា។ ក្រោយកើតហេតុ អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យបញ្ឈប់បុរសរូបនោះពីការងារ បើទោះជាបុរសរូបនោះ ព្រមទទួលស្គាល់កំហុស និងសងថ្លៃខូចខាតទៅជនរងគ្រោះវិញក៏ដោយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី គាំទ្រចំពោះវិធានការរបស់អភិបាលខេត្តព្រះសីហនុ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាអ្នកស្រីបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មិនសូវមានពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អីច្រើនដូចមុនឡើយ ដោយសារអាជ្ញាធរ កំពុងរឹតបន្តឹងការចេញចូលក្នុងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ អ្នកស្រីពិនិត្យឃើញថា ករណីភ្នាក់ងារភាស៊ី ទាមទារលុយពីអ្នកលក់ដូរតូចតាចនេះតែងកើតមានជាហូរហែរ បើទោះបីរដ្ឋាភិបាល បានចេញសារាចរលុបការយកភាស៊ីនេះក្ត៖ «បើនិយាយផ្លូវច្បាប់ គាត់ត្រូវតែទទួលខុសត្រូវរឿងព្រហ្មទណ្ឌដែរ ចំពោះការដែលគាត់ប្រទាញប្រទុងគ្នាធ្វើឲ្យខូចខាតអីនឹង។ ប៉ុន្តែប្រជាពលរដ្ឋដែលលក់ដូរតាមទីផ្សារហ្នឹង គាត់គ្មានគំនិតណាចង់ធ្វើបាបពួកអ្នកទាភាស៊ីទាំងអស់ហ្នឹងទេ ដូច្នេះអ្នកទារភាស៊ីទាំងអស់នេះ គួរតែមានសេចក្តីសណ្តោសនិងក្តីមេត្តាដល់អ្នកលក់ដូរវិញ ព្រោះជាខ្មែរដូចគ្នាទេ។ ពួកអ្នកលក់ដូចក្នុងកញ្ច្រែង ល្អីនេះ បើគាត់មានលុយ គាត់ទៅជួលតូបលក់ដូរត្រឹមត្រូវក្នុងម្លប់ដែរបាត់ហើយ គាត់ចាំបាច់ទៅអង្គុយលក់ហាលក្តៅរងាចឹងទេ»។
មន្ត្រីសង្គមស៊ីវិលឲ្យដឹងដែរថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរក្រីក្រដែលលក់ដូរតូចតាចនៅក្នុងខេត្តព្រះសីហនុ ក៏កំពុងជួបបញ្ហាប្រឈមខ្វះកន្លែងលក់ដូរ និងបាត់បង់ប្រាក់ចំណូលផងដែរ។ ពួកគេថា បញ្ហាប្រឈមទាំងនេះ ដោយសារតែអគារនិងក្រុមហ៊ុនផ្សេងៗនៅក្នុងខេត្តព្រះសីហនុ គឺភាគច្រើនគ្រប់គ្រង់ដោយជនជាតិចិន ដូច្នេះពលរដ្ឋមិនអាចចូលទៅលក់ដូរក្បែរកន្លែងទាំងនោះបានដូចមុនទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។