អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​សេដ្ឋកិច្ច​ការ​ទូត​ល្អ​ប្រសើរ​ឡើយ ដោយសារ​ការ​មិន​គោរព​សិទ្ធិមនុស្ស

0:00 / 0:00

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា កម្ពុជា​ពិបាក​នឹង​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ដោយសារតែ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ជំហរ​គោល​នយោបាយ​​កម្ពុជា​ងាក​ទៅ​ប្រទេស​ចិន​កុម្មុយនិស្ត​ខ្លាំង​ពេក។ ការ​លើក​ឡើង​នេះ​គឺ​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល អួតអាង​សាជាថ្មី​ពី​សមិទ្ធផល​ដែល លោក ហ៊ុន ម៉ាណែត បាន​ខិតខំ​ជំរុញ​ឱ្យ​មាន​កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​នយោបាយ​សេដ្ឋកិច្ច​ការ​ទូត​កម្ពុជា​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ជា​វិជ្ជមាន​នៅ​ឡើយ ដោយសារតែ​បញ្ហា​អំពើ​ពុករលួយ​ចាក់ស្រេះ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៩ ខែ​វិច្ឆិកា ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​នយោបាយ​ការ​បរទេស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពុំ​ទទួល​បាន​ផ្លែផ្កា​ជា​ដុំកំភួន​គឺ​ដោយសារតែ​ការ​មិន​ទទួល​យក​អនុសាសន៍​តាម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី ដូចជា​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ពិបាក​ជឿ​ទុក​ចិត្ត​មក​លើ​កម្ពុជា។

លោក ប៉ោ មករា៖«ប្រសិនបើ​ធ្វើ​អ្វី​ទៅ​តាម​គោល​នយោបាយ​ដែល​នៅ​ក្នុង​បញ្ចកោណ​វា​អាច​ទៅ​រួច​ពីព្រោះ​វា​ជា​គោល​នយោបាយ​មួយ​ល្អ​ដែល​សម្រាប់​រដ្ឋាភិបាល។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អនុវត្ត​បាន​ពេញលេញ​អត់​ជាពិសេស​អំពើ​ពុករលួយអំពើ​ពុករលួយ​គឺជា​កត្តា​មួយ​ដែល​រារាំង​ទៅ​ដល់​គោល​នយោបាយ​បញ្ចកោណ​ធ្វើ​ឱ្យ​ប្រទេស​ក្លាយ​ជា​ប្រទេស​អ្នក​មាន»។

កាល​ពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស លោក តាន់ ហ្សង់ហ្វ្រង់ស័រ ក្នុង​វេទិកា​សារព័ត៌មាន​លើកទី៥​​ស្ដីពី«សន្តិភាព​ជា​គ្រឹះ​ទ្រទ្រង់​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០» ក្រោម​ការ​រៀបចំ​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​បង្ហាញ​ពី​សកម្មភាព​ការ​ទូត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រយៈពេល៣ខែ​ចុង​ក្រោយ​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ដូចជា ប្រទេស​ឡាវ (Laos) ប្រទេស​ឥណ្ឌូណេស៊ី (Indonesia)និង​ចិន (China)ដើម្បី​ពង្រឹង​ការ​ទូត​សេដ្ឋកិច្ច តាម​រយៈ​ការ​បញ្ចុះបញ្ចូល​ធុរជន និង​វិនិយោគិន​បរទេស​ឱ្យ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា។ លោក តាន់ ហ្សង់ហ្វ្រង់ស័រ អះអាង​ថា មុខ​ព្រួញ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​៣សំខាន់ៗ គឺ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ហើយ​តាម​រយៈ ការទូត​សេដ្ឋកិច្ច​នេះ​កម្ពុជា​អាច​សម្រេច​បាន​នូវ​គោល​ដៅ​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០៣០ និង​ឆ្នាំ២០៥០​ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖«ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខរដ្ឋ​ជាន់​ខ្ពស់​កម្ពុជា​រួម​មាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ប្រឹងប្រែង​បញ្ចុះបញ្ចូល​វិនិយោគិន​បរទេស​ឱ្យ​មក​បង្កើន​ទុន​រក​ស៊ី​នៅ​កម្ពុជា។ ឬ​ក៏​មក​ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​គឺ​សុទ្ធ​សឹង​តែ​ជា​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ និង​ទេសចរណ៍​ដ៏​សម្បូរ​បែប»។

ផ្ទុយពី​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា ជំនួប​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ក្រៅ​ប្រទេស​កន្លង ទៅ គឺ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS)លើក ទី៨​ប៉ុណ្ណោះ។

ដោយ​ឡែក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លក្ខណៈ​ទ្វេភាគី​វិញ លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចំនួន​៣​គឺ ប្រទេស​ចិន វៀតណាម និង​ប្រទេស​បារាំង ប៉ុន្តែ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​បារាំង​លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) កាល​នោះ​គឺ​រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​នូវ​កង្វល់​របស់​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា កម្ពុជា​គួរតែ​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​ប្រសិនបើ​ជា​ចង់​ឱ្យ​កម្ពុជា​សម្រេច​ក្ដី​សុបិន​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០។ លោក​បន្ត​ថា ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​និយម​ប្រជាធិបតេយ្យ​នោះ​គឺ​ដោយសារ​តែ​មេ​ដឹកនាំ​កម្ពុជា​ពឹង​ផ្អែក​លើ​ចិន​ដើម្បី​រក្សា​អំណាច។

បណ្ឌិត រ៉ូ វណ្ណៈ៖«កម្ពុជា​យើង​គឺ​នៅ​ខ្វះខាត​នៅ​ក្នុង​ការ​កសាង​ស្ថាប័ន​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​ប្រកប​ដោយ​បរិយាបន្ន​ដើម្បី​រួម​បញ្ចូល​គ្រប់​មនុស្ស​ទាំងអស់​ទៅ​ក្នុង​ដំណើរ​អនុវត្ត​សង្គម​សេដ្ឋកិច្ច​របស់​ខ្លួន។ អ៊ីចឹង​យើង​ឃើញ​ថា នៅ​ពេល​ដែល​កម្ពុជា​មិន​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស នៃ​ការ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សហជីព។ល។ គឺជា​វា​ទំនាស់​ស្មារតី​គេ​ហៅថា ជាមួយ​នឹង​គុណ​តម្លៃ​របស់​លោក​ខាង​លិច»។

បើ​ទោះ​ជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ចិត្ត​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ក្ដី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាយ ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ដឹក​នាំ​បែប​ផ្ដាច់ការ និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ចាក់ស្រេះ​នៅ​តែ​ជា​ក្ដី​បារម្ភ​សម្រាប់​វិនិយោគិន​មក​ពី​ប្រទេស​ប្រជាធិបតេយ្យ។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី៣០ ខែ​មករា រក​ឃើញ​ថា អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ ដោយ​កម្ពុជា​ជាប់​នៅ​ចំណាត់​ថ្នាក់​ទី១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០។
អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​ចង់​ឱ្យ​ទំនាក់ទំនង​ការ​ទូត​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នោះ កម្ពុជា​គួរតែ​កាត់​ផ្ដាច់​ការ​ធ្វើ​នយោបាយ​ដោយ​លំអៀង​ទៅ​រក​ប្រទេស​ចិន ហើយ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​បង្កើត​បរិយាកាស​ឱ្យ​អ្នក​វិនិយោគ​អាច​ជឿ​ជាក់​លើ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។