អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​នៅ​បន្ទាយមានជ័យ​មាន​ជីវភាព​កាន់តែ​លំបាក​អំឡុង​មាន​វិបត្តិ​ជំងឺ​កូវីដ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ជីវភាព​ខ្វះខាត​កាន់តែ​ខ្លាំង ដោយសារ​អត់​ការងារ​ធ្វើ បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ ពលរដ្ឋ​ទាំងនោះ​ប្រឈម​នឹង​ដាច់​ស្បៀង​នៅ​ពេល​ខាងមុខ ខណៈ​ដែល​អាជ្ញាធរ​មិន​បាន​ផ្ដល់​ស្បៀងអាហារ​អ្វី​ដល់​ពួកគាត់​នៅ​ឡើយ។

អ្នក​រត់ម៉ូតូឌុប​នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក សេង អឿន ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ​ថា ចាប់តាំង​ពី​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​មក លោក​អត់​មាន​ការ​ងារ​ធ្វើ​នោះ​ទេ ហើយ​លោក​បាន​លក់​ម៉ូតូ​អស់​មួយ​គ្រឿង និង​លក់​គ្រឿងអលង្ការ​អស់ពី​ខ្លួន​ហើយ ដើម្បី​យក​ប្រាក់​ទិញ​ស្បៀងអាហារ​ហូបចុក​ប្រចាំថ្ងៃ​។​លោក​ប្រាប់​ថា ជីវភាព​របស់​គាត់​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង ដោយ​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​លក់​យក​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំ​ទៀត​ទេ ហើយ​ប្រពន្ធ​របស់​លោក​ទើបតែ​សម្រាលកូន​បាន​ជាង​១​ខែ​ទៀត៖ «ចេញ​រត់​ម៉ូតូ​ទៅ​ក៏​រត់​មិន​បាន មួយថ្ងៃ​បាន​ប្រាក់​៥​ពាន់​រៀល ជួនណា​ទៅ​បាន​២​ពាន់​រៀល​ក៏​មាន​ដែរ ជួន​ណា​អត់​ក៏​មាន​ដែរ ចេញ​ពី​ផ្ទះ​យើង​ទៅ​ចាក់​សាំង​ហើយ​ហូប​ខ្លួន​យើង​មិន​គ្រប់។ ដល់​អីចឹង​ទៅ​របស់​ដែល​យើង​មាន​ពីមុន​មក​យើង​មិន​លក់​វា ទុក​មិច​បាន​បើ​យើង​រក​ជួនណា​រកលុយ​ចាក់​សាំង​មិន​មាន​ផង ទៅ​អង្គុយ​មើល​តែ​មុខ​គ្នា។ ដល់​អីចឹង​យើង​ទ្រាំ​វា​មិន​បាន​ត្រូវ​លក់​ដើម្បី​ដោះស្រាយ បើ​មិន​អីចឹង​ដាច់ពោះ​កូន​ពោះ​ប្រពន្ធ​អស់ បើ​យើង​ប្រពន្ធ​សរសៃ​ខ្ចី​ទៀត»។

អ្នក​រត់​ម៉ូតូ​រូប​នេះ ឱ្យ​ដឹង​ថា មិនមែន​តែ​លោក​ទេ​ដែល​ជួប​ការ​លំបាក​នោះ កម្មករ​អូស​រទេះ និង​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​នៅ​ក្រុង​ប៉ោយប៉ែត​ទាំងអស់​ក៏​មាន​ជីវភាព​ខ្វះខាត​ដូច​លោក​ដែរ។ លោក លោក សេង អឿន និយាយ​ថា បើ​ទោះ​បី​ជា​ពួកគាត់​ប្រឈម​នឹង​ដាច់​បាយ​យ៉ាង​នេះ​ក្ដី ក៏​ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀងអាហារ​ជួយ​ដល់​ពួកគាត់​ដែរ។

ដូច្នេះ​គ្នា​នេះ​ដែរ កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត លោកស្រី ស៊ុយ សារឿត ប្រាប់​ថា ជីវភាព​គ្រួសារ​របស់​លោក​ស្រី​ប្រឈម​នឹង​ដាច់​បាយ​ស្លាប់​នៅ​ពេល​ខាងមុខ ពីព្រោះ​អត់​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ប្រហែល​៩​ខែ​មក​ហើយ បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​។ លោកស្រី​និយាយ​ថា គ្រួសារ​របស់​គាត់​មាន​សមាជិក​៩​នាក់​បាន​ដាច់​ស្បៀង​បណ្ដើរៗ​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​លោកស្រី​នៅ​ឡើយ​ទេ៖ «ចង់​និយាយ​ថា ថ្ងៃ​ណា​អត់ រកតែ​អី​ហូប​អត់​មាន​ដែរ​ហ្នឹង ប៉ះ​ណា​ទៅ​អត់​អង្ករ​ថ្ងៃ​ណា​ទៅ​អត់​ម្ហូប ខ្ញុំ​សុំ​គេ​បាន​បន្តិចបន្តួច​គ្រាន់​បាន​ហូប​ទៅ ថ្ងៃ​ណា​អត់​ខ្លាំង​យើង​សុំ​អ្នកជិតខាង​ហូប​ទៅ​។ ពិបាក​ច្រើន​ណាស់ វា​មិន​មាន​ការងារ​ធ្វើ​ឥឡូវ​គេ​យក​តែ​អ្នក​ស្គាល់​គ្នា​ចូល​ធ្វើ​ការ បើ​យើង​ធ្លាប់តែ​អូស​រទេះ​នៅ​ផ្សារ​ថៃ យើង​អត់​ដែល​ធ្វើការ​សំណង់​អីចឹង​គេ​អត់​យក​យើង​ទេ​។ ខ្ញុំ​រក​ហើយ​តែ​វា​អត់​មាន​ការងារ​ធ្វើ ដាច់​បាយ​មួយ​ខែ ៣០​ថ្ងៃ​ចង់​ដាច់​ទាំង​ស្រុង​បណ្ដោយ​ហ្នឹង​មិនមែន​ធម្មតា​ទេ»។

​អាស៊ីសេរី​មិន​ទាក់ទង​អភិបាលក្រុង​ប៉ោយប៉ែត​លោក គាត ហ៊ុល និង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១៥​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ​ថា ចាប់​តាំង​ពី​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​មក រដ្ឋាភិបាល​របស់​លោក​បាន​ចាយ​ថវិកា​ប្រមាណ​១៦០​លាន​ដុល្លារ​(១៦០.០០០.០០០) រួច​មក​ហើយ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី ជាង​៦​សែន​(៦០០.០០០) គ្រួសារ​នៅ​ទូទាំង​ប្រទេស។ លោក​ថា នឹង​ជួយ​ពលរដ្ឋ​ក្រីក្រ​រយៈពេល ៣​ខែ​ទៅមុខ​ទៀត ពោល​គឺ​ជួយ​រហូតដល់​ខែ​មីនា​ឆ្នាំ​២០២១៖ «អីចឹង​អ្នក​ដែល​និយាយ​បង្កាច់បង្ខូច​ថា រដ្ឋាភិបាល​មិន​បាន​ជួយ​អ្នក​ក្រី​អី​សោះ សុំ​ចេញ​មក​។ រដ្ឋាភិបាល​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ការ​ផ្ដល់​ណាមួយ សម្រាប់​ប្រជាជន​ក្រីក្រ​របស់​យើង​ទេ ។ អ្នក​ត្រូវ​ចាំ​ឱ្យ​បាន​ហ៊ុន សែន មិន​បណ្ដោយ​ឱ្យ​មនុស្ស​ណា​ស្លាប់​ដោយ​អត់បាយ ដោយ​យើង​មិន​បាន​ដឹង​មិន​បាន​ដោះស្រាយ​ទេ»។

ទាក់ទិន​នឹង​ការ​ជួយ​ពលរដ្ឋ​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា ការ​ផ្ដល់​ជំនួយ​នេះ​មិន​មាន​តម្លាភាព​នោះ​ទេ គឺ​អាជ្ញាធរ​ថ្នាក់ក្រោម​ប្រកាន់​បក្សពួក​ចែក​ប្រាក់​ចំពោះតែ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​កាន់អំណាច។ រីឯ​ពលរដ្ឋ​ដែល​តែង​ចេញមុខ​តវ៉ា នឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ក្រុម​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​ភាគ​ច្រើន​មិន​ទាន់​ទទួល​ប្រាក់ឧបត្ថម្ភ ឬ​អំណោយ​ពី​អាជ្ញាធរ​ឡើយ៖ «ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​មិនមែន​ខ្ញុំ​ជំទាស់​នឹង​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ទេ។ ខ្ញុំ​និយាយ​អ្វី​ដែល​ខ្ញុំ​បាន​ជួបប្រទះ​ជាក់ស្ដែង​ហើយ​រឿង​ក្រុម​គ្រួសារ​របស់ខ្ញុំ ហើយ​ជីវភាព​របស់ខ្ញុំ​គឺ​មហា​សែន​វេទនា​ដូចគ្នា ខ្ញុំ​និង​បងប្អូន​ខ្ញុំ​វេទនា​ដូចគ្នា​។ ព្រោះ​ខ្ញុំ ចង់​និយាយ​ថា ដោយសារតែ​ខ្ញុំ​មិន​ចុះ​ញ៉ម​ហ្នឹង​គេ ខ្ញុំ​ហ្នឹង​និយាយ​រឿង​ពិត ខ្ញុំ​ហ្នឹង​ចូលចិត្ត​និយាយ​រឿង​យុត្តិធម៌​អីចឹង​ទៅ អាហ្នឹង​ហើយ​គេ​អត់​ចូលចិត្ត​យើង»។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​អត់​ការងារ​ធ្វើ​ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​តាំង​ពី​ចុង​ខែ​មីនា​មក ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។ រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​បើក​ច្រក​ព្រំដែន​ប្រទេស​ទាំងពីរ​ឡើងវិញ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។