ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមាណ ៥០នាក់ នាំគ្នាតវ៉ានៅមុខសាលាឃុំអូរបីជាន់ នៅព្រឹកថ្ងៃទី២៩ មីនា ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដល់ពួកគាត់ពាក់ព័ន្ធនឹងរឿងការនាំចូលជ្រូកពីប្រទេសថៃលក់ជាលក្ខណៈគ្រួសារ ដើម្បីយកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ការតវ៉ានេះ កើតឡើងបន្ទាប់ពីក្រុមឈ្មួញ ដែលបានរកស៊ីផ្ដាច់មុខបានហាមឃាត់មិនឱ្យពួកគេនាំចូលជ្រូកពីក្រៅប្រទេសមកលក់នៅតំបន់ព្រំដែនថៃ។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនស្រុកអូរជ្រៅលើកឡើងដូចៗគ្នាថា ក្រុមឈ្មួញធំៗនាំចូលជ្រូកពីប្រទេសថៃផ្ដាច់មុខមកលក់នៅកម្ពុជាបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់។
ប្រជាពលរដ្ឋនៅភូមិអូរបីជាន់ លោកស្រី សេង ង៉េត ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២៩ មីនាថា មូលហេតុដែលលោកស្រីចូលរួមតវ៉ា ដោយសារមិនពេញចិត្តអាជ្ញាធរ និងក្រុមឈ្មួញធំៗ ទិញជ្រូកផ្ដាច់មុនពីប្រទេសថៃកៀបសង្កត់ពលរដ្ឋរកស៊ីតូចតាច។ ស្ត្រីវ័យ ៦០ឆ្នាំរូបនេះ បញ្ជាក់ថា ក្រុមឈ្មួញទាំងនោះ បានឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធនៅតំបន់ព្រំដែនចុះចាប់ជ្រូកពលរដ្ឋលក់ដូរតូចតាច ដើម្បីផលប្រយោជន៍របស់ពួកគេ។ លោកស្រីអះអាងថា ការធ្វើបែបនេះបានប៉ះពាល់យ៉ាងខ្លាំងដល់លោកស្រីដែលប្រកបរបរទិញជ្រូកជាលក្ខណៈគ្រួសារ មានជីវភាពកាន់តែដុនដាប៖ «ហើយចុះបើខ្ញុំជួបប្រទះតែអីចឹងតែរហូតតើឱ្យខ្ញុំរស់នៅយ៉ាងម៉េច ? សព្វថ្ងៃស្រុកទេសយើងខ្ញុំទៅរកអីក៏អត់បាន ខ្ញុំមានតែទិញបន្តិចបន្តួចហ្នឹងឯងមក ដល់ពេលខ្ញុំទិញមកជួបប្រទះអីចឹង។ ខ្ញុំសូមឱ្យប្រជាពលរដ្ឋខ្ញុំរកស៊ីបានផង ហើយបើសិនថា ឥឡូវខ្លាចខ្ញុំរកស៊ីអីចឹងរដ្ឋខាតរដ្ឋហ្នឹង បង្កើតជាច្បាប់មកឱ្យខ្ញុំ ប្រជាពលរដ្ឋហ្នឹងរកទៅ ឱ្យចូលបង់ពន្ធជូនរដ្ឋទៅមួយក្បាលប៉ុន្មាន ខ្ញុំក៏បង់បានដែរតាមសមត្ថភាពខ្ញុំធ្វើបានប៉ុន្មានសុំបង់ប៉ុណ្ណឹង » ។
ស្រដៀងគ្នានេះប្រជាពលរដ្ឋនៅឃុំអូរបីជាន់ម្នាក់ទៀត គឺលោកស្រី ពិន ស្រីនាង ថ្លែងថា ពួកលោកស្រីមានជីវភាពក្រីក្រ ហើយរស់នៅបានដោយសាររបរទិញជ្រូកលក់តាមព្រំដែនថៃ។ ស្ត្រីវ័យ ៣៤ឆ្នាំរូបនេះបន្ថែមថា កន្លងទៅលោកស្រីអាចរកប្រាក់ចំណូលពីរបរមួយនេះ បានប្រមាណ ៥០.០០០រៀល ទៅ ៨០.០០០រៀលក្នុងមួយថ្ងៃ ក៏ប៉ុន្តែចាប់តាំងពីក្រុមឈ្មួញធំៗ សហការជាមួយអាជ្ញាធរនៅតំបន់ព្រំដែនចុះចាប់ជ្រូកមកធ្វើឱ្យលោកស្រីបាត់បង់ប្រាក់ចំណូលទាំងស្រុង៖ «ខ្ញុំឮគេនិយាយថា គេបញ្ជាមកឱ្យទាហានតាមទាំងអស់ហ្នឹងបិទច្រកទាំងអស់ សូម្បីតែជ្រូកមួយក្បាលក៏អត់ឱ្យចេញដែរ ដល់ពេលអ៊ីចឹងទៅពួកខ្ញុំនៅតាមព្រំដែនរកអី បើគេបិទអ៊ីចឹង។ គេថា ក្រុមហ៊ុនគេមៅផ្ដាច់ហើយ ពួកខ្ញុំអត់មានដឹកទ្រង់ទ្រាយធំទេ ដឹកតាមរទេះ ហើយឡានចាស់ៗ ដឹកជ្រូកពីរបីក្បាលហ្នឹង។ ខ្ញុំមិនដឹងថារកអីទៅថៃក៏ទៅមិនរួច អីចឹងមានតែយើងរកស៊ីដឹកបន្តិចបន្តួចហ្នឹង ដើម្បីយកលុយដោះធនាគារ ព្រោះធនាគារ គេអត់មានពន្យារឱ្យផង អីចឹងបានតែយើងស៊ូប្រវាយប្រតប់រកអីបានក៏ធ្វើដែរ ឱ្យបានលុយបង់ធនាគារ » ។
ក្រុមប្រជាពលរដ្ឋប្រមាណ ៥០នាក់ បាននាំគ្នាផ្ដិតមេដៃទាមទារឱ្យមេឃុំអូរបីជាន់ជួយអន្តរាគមន៍ដល់ពួកគាត់ ដើម្បីបានទិញជ្រូកពីប្រទេសថៃមកលក់នៅតំបន់ព្រំដែនឡើងវិញ។ កន្លងមកក្រុមអ្នកតវ៉ាទាំងនោះបានទិញជ្រូករស់ពីជនជាតិថៃដឹកជញ្ជូនតាមច្រករបៀងព្រំដែនអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកតវ៉ាភាគច្រើនដឹកជ្រូកតាមម៉ូតូលក់នៅស្រុកអូរជ្រៅ និងទីរួមខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកតវ៉ាបានត្រឡប់ទៅផ្ទះវិញហើយ នៅព្រឹកថ្ងៃដដែល បន្ទាប់ពីអាជ្ញាធរឃុំបានជួបពួកគាត់ ហើយសន្យានឹងជួយដោះស្រាយរឿងនេះ។

ទាក់ទងនឹងការតវ៉ារបស់ប្រជាពលរដ្ឋនេះ មេឃុំអូរបីជាន់ លោក តុល សារិន បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា អាជ្ញាធរឃុំមិនបានពាក់ព័ន្ធនឹងការចាប់ជ្រូករបស់ប្រជាពលរដ្ឋនោះទេ។ លោកបន្ថែមថា លោកនឹងនាំសំណើរបស់ក្រុមអ្នកតវ៉ាដាក់ទៅអាជ្ញាធរថ្នាក់លើដើម្បីឱ្យជួយដោះស្រាយពួកគាត់បន្តទៀត៖ «ប្រជាពលរដ្ឋបានធ្វើលិខិតស្នាមហ្នឹង ហើយខ្ញុំនឹងទាក់ទងផ្ញើជូនអភិបាលស្រុក ហើយអភិបាលស្រុកគាត់នឹងបញ្ជូនទៅអភិបាលខេត្ត ថាតើខាងក្រុមហ៊ុនហ្នឹងគាត់យ៉ាងម៉េច ពីព្រោះអីកន្លងមកនេះ ខ្ញុំទាក់ទងទៅស្រុកក៏ដឹងដែរ។ អ៊ីចឹងអ្នកដឹង មានតែខាងទាហានមួយទេ » ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការទិញជ្រូកផ្ដាច់មុខនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលប្រកបរបរតូចតាចធ្វើឱ្យពួកគាត់កាន់តែក្រីក្រ។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរពាក់ព័ន្ធគួរតែអនុញ្ញាតឱ្យប្រជាពលរដ្ឋបានប្រកបរបរមួយនេះជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «អ្នករកស៊ីផ្ដាច់មុខ គឺពួកគាត់ទទួលបានផលប្រយោជន៍ច្រើន ក្នុងឱកាសកូវីដហ្នឹង។ អ៊ីចឹងយើងទុកឱកាសគួរតែអ្នកក្រហ្នឹងគាត់អាចរស់បានផង នៅក្នុងសង្គមមួយកុំឱ្យមានគម្លាត មានន័យថា គម្លាតអ្នកក្រគម្លាតអ្នកមានហ្នឹងគឺជាគម្លាតសង្គម អយុត្តិធម៌សង្គមហ្នឹងនៅត្រង់ហ្នឹង។ អ៊ីចឹង បើសិនអ្នកបើអ្នកមានចេះតែមានខ្លាំងមានលទ្ធភាពខ្លាំង ហើយអ្នកក្រធ្វើអ្វីបន្តិចគឺប៉ះពាល់ផ្លូវច្បាប់ ប៉ះពាល់គេចាប់បាត់បង់មុខរបរអាហ្នឹងជាគម្លាតសង្គមមួយ » ។
លោក ស៊ុំ ច័ន្ទគារ បន្តថា បញ្ហានេះប្រសិនបើអាជ្ញាធរមិនបានដោះស្រាយជូនពួកគាត់ទេ នោះប្រជាពលរដ្ឋនឹងមានជីវភាពកាន់តែក្រីក្រ ហើយគ្មានប្រាក់សងធនាគារនោះទេ ដោយសារពួកគាត់អត់ការងារធ្វើបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
ក្រុមប្រជាពលរដ្ឋឱ្យដឹងថា អាជ្ញាធរ និងក្រុមឈ្មួញចុះចាប់ជ្រូកនៅតំបន់ព្រំដែនជាប់ប្រទេសថៃជារៀងរាល់ថ្ងៃ ហើយបានបង្ខំឱ្យពួកគាត់ឱ្យជួយទិញជ្រូកពីឈ្មួញកណ្ដាលទាំងនោះវិញ ក្នុងតម្លៃខ្ពស់ ដែលធ្វើឱ្យពួកគាត់លក់មិនបានប្រាក់ចំណេញឡើយ។ បច្ចុប្បន្នក្រុមឈ្មួញកណ្ដាលបាននាំចូលជ្រូកតាមច្រកអន្តរជាតិអូស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យនាំចូលជ្រូករស់នៅតំបន់ផ្សេងឡើយ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។